30.4 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស​លោក ហ៊ុន សែន ថា​ខ្លួន​កំពុង​ធ្វើ​ច្បាប់​មួយ​ធានា​នូវ​ការ​លើក​កម្ពស់​និង​គោរព​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា ពិត​ជា​មាន​សារសំខាន់​ដើម្បី​ធានា​ថា ច្បាប់​នេះ​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​គ្រប់​រូប ជាពិសេស​ធានា​បាន​នូវ​ការ​ការពារ ការ​លើក​កម្ពស់ និង​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី អះអាង​ថា ខ្លឹមសារ​នៃ​សេចក្ដី​ព្រាងច្បាប់​នេះ​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា ដែល​នឹង​ត្រូវ​បង្កើត​ឡើង គឺ​ជា​ស្ថាប័ន​ឯករាជ្យ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ធានា​នូវ​ការ​ការពារ លើក​កម្ពស់ និង​គោរព​សិទ្ធិមនុស្ស​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ដោយ​មិន​មាន​ការ​រើសអើង។

ការ​អះអាង​របស់​លោក កែវ រ៉េមី ធ្វើឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២២ ដែល​មាន​ការ​ចូលរួម​ដោយ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) លោក Pradeep Wagle។

ទោះជាយ៉ាងណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​សកម្មជន​សង្គម​ត្រូវ​រង​ការ​ចាប់​ខ្លួន​ដោយសារតែ​ការ​បញ្ចេញមតិ​ជាបន្តបន្ទាប់​គ្មាន​ពេល​ស្រាកស្រាន្ត។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ មករា នេះ​ថា ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពុំ​ទាន់​មាន​ភាព​ជឿជាក់​លើ​សេចក្តី​ព្រាងច្បាប់​នៃ​ការ​បង្កើត​ឱ្យ​មាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​ជាតិ​កម្ពុជា​នៅឡើយ​ទេ។

លោក​អះអាង​ថា ក្នុង​ស្ថានភាព​នយោបាយ​ដែល​រដ្ឋសភា​ជាតិ​មាន​គណបក្ស​តែ​មួយ ហើយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ លោក​មិន​មាន​ការ​ជឿ​ទុកចិត្ត​ថា​ស្ថាប័ន​នេះ​នឹង​បង្កើត​ច្បាប់​ដើម្បី​ធានា​សិទ្ធិ​ពលរដ្ឋ ជាជាង​ការពារ​ខ្លួនឯង​នោះ​ទេ ដូច្នេះ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា នៅតែ​មិន​អាច​ឯករាជ្យ​បាន​ជាដាច់ខាត ប្រសិនបើ​កម្ពុជា​ដឹកនាំ​ដោយ​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ។

លោក មឿន តុលា អះអាង​ថា ដើម្បី​ឱ្យ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ចូលរួម​ផ្តល់​យោបល់​បាន និង​ប្រកប​ដោយ​ប្រសិទ្ធភាព លុះត្រាតែ​មាន​គណបក្ស​ចម្រុះ​នៅ​ក្នុង​រដ្ឋសភា​ជា​មុន​សិន ក្នុង​ន័យ​នេះ​ក៏​ដើម្បី​បញ្ចៀស​នូវ​ការ​ភ័យខ្លាច​ពី​ការ​គំរាមកំហែង​ផ្សេងៗ​ចំពោះ​ការ​ចូលរួម​ផ្តល់​មតិ​យោបល់​របស់​ពួកគេ​ផង​ដែរ។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ យោបល់ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ ជាដើម ប៉ុន្តែ​ជាក់ស្តែង​ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​កម្ពុជា​សព្វថ្ងៃ​នេះ កំពុង​អនុវត្ត​បញ្ច្រាស​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស