30.4 C
Phnom Penh

ក្រសួង​ការបរទេស​សម្រេច​បើក​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា កំណត់​យក​ថ្ងៃ​ទី​១៥ ដល់​ទី​១៧ ខែ​កុម្ភៈ ខាងមុខ​នេះ ដើម្បី​បើក​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​នៃ​តំណាង​ប្រទេស​សមាគម​អាស៊ាន បន្ទាប់ពី​កម្ពុជា​ប្រកាស​ផ្អាក​កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នោះ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា ការ​បើក​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​នូវ​ការ​សម្រេច​នានា​របស់​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​លើក​កម្ពស់​សាមគ្គីភាព​របស់​អាស៊ាន​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​គ្នា​អំពី​របៀប និង​វិធីសាស្ត្រ​ដើម្បី​កៀរគរ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​ឲ្យ​កាន់តែ​ធន់​រឹងមាំ​ឡើង​ប្រកប​ដោយ​ថាមពល ពោរពេញ​ដោយ​សន្តិភាព និង​វិបុលភាព។

ទស្សនវិស័យ​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​មូលបទ​អាស៊ាន រួម​គ្នា​ធ្វើ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ជា​យុទ្ធសាស្ត្រ​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​តំបន់ ដែល​នឹង​ត្រូវ​សម្រេច​ឱ្យ​បាន​ក្នុង​អំឡុង​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ កុម្ភៈ នេះ​ថា កិច្ចប្រជុំ​នេះ​នឹង​មិន​មាន​ផ្លែផ្កា​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ គឺ​គ្រាន់តែ​ដើម្បី​ផ្សះផ្សា​នយោបាយ​ការទូត​ក្នុង​សហគមន៍​អាស៊ាន បន្ទាប់ពី​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ធ្វើ​ឱ្យ​មាន​ទំនាស់​ផ្លូវចិត្ត​រវាង​គ្នា​និង​គ្នា នៅ​ពេល​ដែល​គាត់​ចាប់ផ្តើម​ទទួលស្គាល់​មេដឹកនាំ​របប​សឹក​ខុសច្បាប់​ភូមា ថា​ជា​នាយករដ្ឋមន្ត្រី​នៃ​សហភាព​ភូមា កាលពី​ពេល​កន្លងទៅ​នោះ។

លោក ម៉ែន ណាត លើកឡើង​ថា ការ​ទម្លាក់​ភាព​រឹងត្អឹង​របស់​លោក ហ៊ុន សែន ព្រម​ទទួលយក​ការ​ចង្អុល​បង្ហាញ​ពី​បណ្តា​មេដឹកនាំ​ប្រទេស​សមាគម​អាស៊ាន​នេះ​ហើយ ទើប​មេដឹកនាំ​ទាំងនោះ​យល់ព្រម​ចូលរួម​កិច្ចប្រជុំ​នេះ ហើយ​ការ​ដែល​អាច​រៀបចំ​ឱ្យ​មាន​កិច្ចប្រជុំ​នេះ​បាន ក៏​ជា​ឱកាស​របស់​លោក ហ៊ុន សែន ដើម្បី​រក​វិធី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដែរ។

កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នេះ​ធ្លាប់​បាន​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែ​មករា ឆ្នាំ​២០២២ នៅ​ក្នុង​ខេត្ត​សៀមរាប ម្តង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា ប្រកាស​លើក​ពេល​កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ ហើយ​បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ដោយសារ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំងនោះ​មិន​យល់ព្រម​ទៅ​នឹង​វត្តមាន​របស់​តំណាង​របប​សឹក​ភូមា ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ធ្លាប់​បាន​ព្រមាន​ថា បើ​របប​សឹក​ភូមា​មិន​អនុវត្ត​ឱ្យ​បាន​នូវ​ចំណុច​ទាំង​៥ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទេ ពួក​យោធា​ភូមា​ទាំងនោះ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​ជាដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស