ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថាការឈរជើងក្នុងមាតុភូមិកម្ពុជាដែលជាទីលាននយោបាយជាក់ស្តែង ដោយមិនរត់ចោលអ្នកគាំទ្ររបស់ខ្លួន គឺជាជម្រើសនៃការដឹកនាំនយោបាយដ៏ល្អបំផុតសម្រាប់ពលរដ្ឋខ្មែរ ហើយលោកក៏មិនធ្វើនយោបាយគ្មានគោលដៅច្បាស់លាស់ ទូងស្គរពីចម្ងាយបង្កើតព្រឹត្តិការណ៍រុញច្រានឲ្យពលរដ្ឋរងគ្រោះជំនួសខ្លួននោះដែរ។
លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោកបានឮដោយផ្ទាល់មាត់ពីពលរដ្ឋនៅតាមមូលដ្ឋានថា ពួកគេនៅតែគាំទ្រគោលជំហរអហិង្សារបស់លោកដោយឥតងាករេ។ ចំណែកឯប្រទេសជាមិត្តរបស់កម្ពុជា ក៏នៅតែផ្តល់តម្លៃដល់រូបលោកដដែល ដោយសារតែការលះបង់ ការព្យាយាមអត់ធ្មត់ដោយអហិង្សា ការរក្សានូវគោលជំហរច្បាស់លាស់ដោយការតម្កល់ផលប្រយោជន៍ជាតិ និងពលរដ្ឋជាធំ។
លោក កឹម សុខា អះអាងថា ដោយស្មារតីស្រឡាញ់ចង់ជួយប្រទេសជាតិ និងពលរដ្ឋខ្មែរឲ្យទទួលបានសេចក្ដីសុខពិតប្រាកដ ជាពិសេសក្នុងនាមជាអ្នកដឹកនាំនយោបាយ ទោះបីជាលោកមិនទាន់មានសិទ្ធិសេរីភាពពេញលេញក៏ដោយ ក៏លោកនៅតែយល់ថាការមិនរត់ចោលមាតុភូមិរបស់ខ្លួន និងការផ្សារភ្ជាប់ភាពជិតស្និទ្ធជាមួយពលរដ្ឋ គឺជាជម្រើសដ៏ល្អបំផុតក្នុងនាមជាអ្នកដឹកនាំនយោបាយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន។
មេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ទោះបីជាសវនាការរបស់លោកត្រូវបានពន្យារពេល លោកនៅតែទទួលជួបអ្នកការទូតតំណាងប្រទេសជាមិត្តរបស់កម្ពុជា និងបានទៅជួបសួរសុខទុក្ខពលរដ្ឋនៅតាមមូលដ្ឋានជាញឹកញាប់។ លើសពីនេះ លោកក៏បានចូលរួមធ្វើបុណ្យទាន និងកិច្ចការសង្គមជាច្រើនទៀតតាមលទ្ធភាពជាប្រចាំផងដែរ។
ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលក្រុងភ្នំពេញប្រកាសរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងចាប់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ មន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី ជាច្រើនរូប ដូចជាលោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ជាដើម រួមទាំងលោក សម រង្ស៊ី ផង បាននាំគ្នាចាកចេញទៅរស់នៅក្រៅប្រទេសជាបន្តបន្ទាប់។ ភាគីលោក សម រង្ស៊ី បានប្រកាសធ្វើមាតុភូមិនិវត្តន៍កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលចាប់ខ្លួនលោក ហ៊ុន សែន ទាំងរស់ ហើយប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធងើបឡើងផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ថែមទៀត ប៉ុន្តែផែនការនេះត្រូវបរាជ័យទាំងស្រុង។
ជុំវិញផែនការ «មាតុភូមិនិវត្តន៍ ៩ វិច្ឆិកា» នេះ សកម្មជន និងមន្ត្រីបក្សប្រឆាំងជាច្រើននាក់ដែលបានប្រកាសចូលរួមជាមួយលោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ និងចាប់ឃុំខ្លួនជាបន្តបន្ទាប់។ បើទោះបីជាមានការចោទប្រកាន់ និងចាប់ខ្លួនសមាជិកទាំងនោះយ៉ាងណាក៏ដោយ ក៏លោក សម រង្ស៊ី មិនបានបញ្ឈប់សកម្មភាពរបស់គាត់នោះដែរ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោកបានអំពាវនាវឲ្យពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិនៅកម្ពុជា ដោយយកតាមគំរូប្រទេសភូមា ដើម្បីទាមទារឲ្យលោក ហ៊ុន សែន ប្រគល់អំណាចជូនពលរដ្ឋវិញ ប៉ុន្តែការអំពាវនាវនេះត្រូវបរាជ័យម្តងទៀត។
ក្រោយផែនការក្រៅស្រុកបរាជ័យជាបន្តបន្ទាប់ លោក សម រង្ស៊ី នៅពេលនេះត្រូវគេមើលឃើញថា បានព្យាយាមរៀបចំសេណារីយ៉ូនយោបាយនៅក្នុងស្រុកវិញម្តង តាមរយៈគណបក្សភ្លើងទៀន ដែលជាគណបក្សចាស់របស់លោក។
ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានរៀបចំសិក្ខាសាលាជួបជុំអ្នកគាំទ្ររបស់ខ្លួននៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ដែលការជួបជុំនោះបានបង្ហាញយ៉ាងច្បាស់ថា គឺជាការជួបជុំមន្ត្រី និងអ្នកគាំទ្រគណបក្សភ្លើងទៀន ប៉ុណ្ណោះ ព្រោះក្នុងកម្មវិធីជួបជុំនោះ មានភស្តុតាងជាក់ស្តែងជាច្រើន ដូចជាការដាក់តាំងទង់គណបក្សភ្លើងទៀន ជាមួយទង់ជាតិខ្មែរ។
ជាងនេះទៀត លោក សម រង្ស៊ី ក៏បានប្រើទៀនមួយដើមអុជបំភ្លឺធ្វើជានិមិត្តសញ្ញាតំណាងក្នុងកម្មវិធីនោះផងដែរ ដែលនរណាក៏ដឹងដែរថា លោក សម រង្ស៊ី មិនធ្លាប់ធ្វើដូច្នេះទេពីមុនមក ក្រោយពេលគណបក្ស សម រង្ស៊ី ឬគណបក្សភ្លើងទៀន ច្របាច់ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតចេញជាគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១២ នោះ។ លើសពីនេះ សកម្មជនមួយចំនួនក្នុងពិធីនោះ បានស្រែកជ័យឃោសថា «ជយោគណបក្សភ្លើងទៀន!» ថែមទៀតផង ខណៈលិខិតជូនដំណឹងបើកសិក្ខាសាលាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ គឺជាសេចក្តីជូនដំណឹងដើម្បីជួបជុំសមាជិកគណបក្សសង្គ្រោះជាតិ។
ទោះជាយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-A) បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថា មានគណបក្សនយោបាយទាំងចាស់ថ្មីកំពុងប្រើឧបាយកលយកឈ្មោះគណបក្សសង្គ្រោះជាតិ ទៅបោកប្រាស់ពលរដ្ឋដើម្បីបុព្វហេតុនយោបាយរបស់ពួកគេរៀងៗខ្លួន។
ប្រភពដដែលអំពាវនាវឲ្យសមាជិក និងមន្ត្រីគណបក្សសង្គ្រោះជាតិទាំងអស់ បន្តជំហររឹងមាំនៅជាមួយគណបក្សសង្គ្រោះជាតិ និងមិនត្រូវជ្រួលជ្រើមតាមការអូសទាញរបស់អ្នកដទៃឲ្យទៅគាំទ្របក្សផ្សេងក្រៅពីគណបក្សសង្គ្រោះជាតិនោះឡើយ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សុរីដា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ កុម្ភៈ នេះថា សកម្មភាពរបស់លោក សម រង្ស៊ី នៅពេលនេះ គឺជាការធ្វើនយោបាយទុច្ចរិតយ៉ាងពិតប្រាកដ ព្រោះថាគាត់តែម្នាក់ឯងកំពុងប្រកាសពីការដឹកនាំសង្គ្រោះជាតិផង និងគណបក្សភ្លើងទៀនផង ខណៈគណបក្សភ្លើងទៀននៅពេលនេះ បានសម្រេចចិត្តរួមរស់នៅក្រោមម្លប់សន្តិភាពរបស់គណបក្សកាន់អំណាចទៅហើយនោះ។
ដោយឡែកអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ កញ្ញា សេង ធារី ធ្លាប់លើកឡើងក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា ដំណើរការរបស់គណបក្សភ្លើងទៀននៅពេលនេះ គឺជាទង្វើទាល់ច្រកតែប៉ុណ្ណោះ ដូច្នេះសកម្មភាពគណបក្សនេះដែលមានលោក សម រង្ស៊ី នៅពីក្រោយ មិនអាចមានលទ្ធផលជាវិជ្ជមានទេ ហើយការធ្វើបែបនេះគ្រាន់តែជាការបង្ហាញនូវការទទួលស្គាល់រដ្ឋាភិបាលដែលគាត់ធ្លាប់ចោទថា ជារដ្ឋាភិបាលខុសច្បាប់នោះ។
ចំណែកអ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ កុម្ភៈ នេះដែរថា លោក សម រង្ស៊ី គួរតែប្រកាសអំពីការមិនពាក់ព័ន្ធនឹងគណបក្សភ្លើងទៀនចំពោះសកម្មភាពនយោបាយរបស់គាត់ ហើយប្រសិនបើគាត់មិនបង្ហាញជំហរឲ្យបានច្បាស់លាស់ និងឲ្យបានឆាប់ទេ គាត់នឹងជាប់អន្ទាក់នយោបាយរបស់លោក ហ៊ុន សែន កាន់តែជ្រៅជាមិនខាន។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា បើក្រុមអ្នកប្រជាធិបតេយ្យរិះគន់លោក ហ៊ុន សែន ពីការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ពួកគេក៏ត្រូវតែចេះរកវិធីរួបរួមកម្លាំងអ្នកប្រជាធិបតេយ្យដើម្បីកុំឲ្យលោក ហ៊ុន សែន ជិះជាន់បានដែរ ប៉ុន្តែបើពួកគេនៅតែបែកខ្ញែកគ្នាដូចសព្វថ្ងៃនេះ ពួកគេនឹងមិនអាចស្វែងរកការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជាក្នុងបុព្វហេតុនាំសេចក្ដីសុខ សន្តិភាព សេរីភាព យុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដជូនពលរដ្ឋនោះឡើយ៕