បុរសខ្លាំងនៅកម្ពុជាដែលគេហៅថាជាមេដឹកនាំបែបជើងកាង ចិត្តឆៅ ដៃឆើត ក្រាញអំណាចតត្រកូល តាំងខ្លួនជាម្ចាស់របស់ប្រទេស បានគំរាមសម្លាប់អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមួយរូបក្រៅប្រព័ន្ធច្បាប់ បន្ទាប់ពីអ្នកវិភាគរូបនោះចាប់ផ្តើមធ្វើការរិះគន់ទៅលើការដឹកនាំរបស់ខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានបញ្ចេញសារសំឡេងតាមរយៈបណ្ដាញសង្គមតេឡេក្រាម គំរាមសម្លាប់ជាសាធារណៈលើអ្នកវិភាគមួយរូប គឺលោក សុខ សុគន្ធ ដែលតែងប្រកាសគាំទ្រលោកក្នុងរយៈពេលកន្លងមក។
លោក ហ៊ុន សែន បានចោទសួរលោក សុខ សុគន្ធ ថាតើលោក សុខ សុគន្ធ ចង់ស្លាប់តាមដំណើរអស់អាយុធម្មតា ឬចង់ស្លាប់ឱ្យបានឆាប់? លោកគំរាមថា បើទោះជាលោក សុខ សុគន្ធ ចង់រស់ ក៏រស់មិនបានយូរដែរ។
អតីតមេកម្មាភិបាលខ្មែរក្រហមពីរបបយង់ឃ្នងវាលពិឃាតប្រល័យពូជសាសន៍រូបនេះ បានប្រមាថលោក សុខ សុគន្ធ ទាំងកំហឹងថា គ្រាន់សត្វសុនខមួយក្បាលប៉ុណ្ណោះ ហើយថា ទោះទៅគណបក្សណាក៏គេមិនត្រូវការដែរ ព្រោះជាមនុស្សចង្រៃបំផុត។
ការគំរាមផ្តាច់សង្ខារពលរដ្ឋរបស់ខ្លួនពីសំណាក់មេដឹកនាំបែបជើងកាងក្រាញអំណាចលុះក្ស័យរូបនេះ មិនមែនជាលើកទីមួយនោះទេ ហើយក៏មិនមែនជាលើកចុងក្រោយដែរ។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានអះអាងក្នុងពិធីមួយនៅមជ្ឈមណ្ឌលកោះពេជ្រក្នុងទីក្រុងភ្នំពេញថា ប្រសិនបើលោកបានដឹងជាមុនអំពីផែនការរបស់គណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកតាមរយៈរូបភាពបដិវត្តន៍ពណ៌ ម្ល៉េះលោកបញ្ជាឲ្យក្រុមរបស់លោកសម្លាប់ក្រុមអ្នកប្រឆាំងទាំងអស់នោះចោលអស់ទៅហើយ នៅពេលដែលពួកគេបានដឹកនាំធ្វើបាតុកម្មនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក្នុងទីក្រុងភ្នំពេញនោះ។
លោក ហ៊ុន សែន បញ្ជាក់ថា លោកពិតជាមានការសោកស្តាយខ្លាំងណាស់ដែលលោកមិនបានសម្លាប់អ្នកទាំងនោះ។
មេដឹកនាំបក្សកាន់អំណាចដែលគេចាត់ទុកថាជាមេជើងកាងនយោបាយ ហែហមទៅដោយក្រុមឃាតកបាតដៃប្រឡាក់ឈាម សម្លាប់មនុស្សមិនញញើតដៃរូបនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងពលរដ្ឋខ្មែរផងចាត់ទុកថាជាមេដឹកនាំដែលបំពានច្បាប់ ប្រើអំណាចរំលោភសិទ្ធិពលរដ្ឋតាមទំនើងចិត្ត ហើយក៏មានការជាប់ពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងអំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់នៅកម្ពុជាដោយផ្ទាល់ ដូចជាការសម្លាប់តារាភាពយន្ត និងជាគ្រូរបាំព្រះរាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពិលីកា។
ជាងនេះទៅទៀត ឃាតកម្មទៅលើព្រះភិក្ខុ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី បណ្ឌិត កែម ឡី អ្នកសារព័ត៌មាន សកម្មជននយោបាយ និងពលរដ្ឋរងគ្រោះដទៃទៀតនៅក្នុងរបបដឹកនាំរបស់លោក ហ៊ុន សែន ត្រូវគេដឹងថាមិនដែលរកឃើញឃាតកពិតយកមកផ្ដន្ទាទោសចំពោះមុខច្បាប់នោះឡើយ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា របៀបដឹកនាំរបស់លោក ហ៊ុន សែន គឺប្រើច្បាប់ព្រៃដែលគាត់ធ្លាប់ទទួលបានការបណ្តុះបណ្តាលក្នុងឋានៈជាមេកម្មាភិបាលរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រោះអ្វីដែលលោក ហ៊ុន សែន ធ្វើនិងនិយាយ គឺតែងតែបំពានគ្រប់បែបយ៉ាងទៅលើអាយុជីវិតអ្នកដទៃ រួមទាំងព្រះមហាក្សត្រផងដែរ ដែលជាការរំលោភទៅលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលបន្តថា លោក ហ៊ុន សែន មិនដែលចាត់ទុកជីវិតមនុស្សសំខាន់ជាងអំណាចរបស់គាត់នោះទេ ហើយគាត់តែងយកពាក្យការពារសន្តិភាពមកបាំងពីមុខជានិច្ច។ ប៉ុន្តែសន្តិភាពដែលលោក ហ៊ុន សែន ប្រឹងការពារសព្វថ្ងៃនេះជាសន្តិភាពក្រោមគំនរសាកសពពលរដ្ឋខ្មែរស្លូតត្រង់ប៉ុណ្ណោះ។
របាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ នៃគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានរកឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ ដោយសារតែការដឹកនាំគ្មានតម្លាភាព មានការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួន ជាដើម៕