រដ្ឋាភិបាលនៃប្រទេសគោរពច្បាប់បានបណ្តោយឲ្យលោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាស្រេចតែចិត្ត ខណៈពលរដ្ឋខ្មែរដង្ហោយហៅរកយុត្តិធម៌ រកសិទ្ធិសេរីភាព។
ក្នុងភាគទី១៩ នេះ លោក ហាស់ សាន ពិនិត្យមើលកត្តាដែលទុកឲ្យរបបសព្វថ្ងៃរស់នៅតទៅទៀត ហើយទុកឱកាសឲ្យរដ្ឋអំណាចលោក ហ៊ុន សែន ប្រើធនធានបានពីការបំផ្លាញជាតិទៅបំភិតបំភ័យសហគមន៍ខ្មែរនៅបរទេស។
រាជរដ្ឋាភិបាលប្រទេសកម្ពុជា ដឹកនាំដោយមហាបុរស ហ៊ុន សែន បានទទួលការជួយឧបត្ថម្ភលើកទឹកចិត្តពីប្រទេសមួយចំនួនដែលថាប្រកាន់ប្រជាធិបតេយ្យ មានសេរីភាពគោរពសិទ្ធិមនុស្ស គោរពច្បាប់ ទោះជាមានការរិះគន់ ថ្កោលទោស ចោទប្រកាន់អំពីរឿងរំលោភសិទ្ធិមនុស្ស រំលោភច្បាប់ អយុត្តិធម៌ ពុករលួយ ជួញដូរគ្រឿងញៀន រំលាយប្រជាធិបតេយ្យពីប្រទេសលោកសេរីទាំងនោះយ៉ាងណាក្តី។ នេះបណ្តាលមកពីផលប្រយោជន៍ដែលជាពាក្យជាកត្តាចងភ្ជាប់ភាគីនីមួយៗមិនឲ្យបែកគ្នាបាន។
មិនខុសពីការបង្រៀនក្នុងសកលវិទ្យាល័យខាងវិជ្ជាវិទ្យាសាស្ត្រនយោបាយ (political science) នោះទេ។ បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសកលវិទ្យាល័យ ហ្គាម សហរដ្ឋអាមេរិក បង្រៀនថា «គ្មានទេមិត្ត ឬបច្ចាមិត្តអចិន្ត្រៃយ៍ មានតែប្រយោជន៍អចិន្ត្រៃយ៍»។
លោកថា ប្រជាជាតិនីមួយៗកំណត់គោលការណ៍នយោបាយក្នុង និងក្រៅប្រទេសផ្អែកមុនដំបូងបង្អស់លើផលប្រយោជន៍ជាតិរបស់គេ (national interests)។ បើគេមានប្រយោជន៍នឹងគ្នាត្រង់ចំណុចណាហើយ ប្រទេសមួយប្រព្រឹត្តខុសឆ្គងយ៉ាងណា ក៏គេធ្មេចភ្នែកជួយដោះសាដោះស្រាយការចោទប្រកាន់ផ្សេងៗទាំងនោះដែរ។ នេះបើមើលទៅគេឃើញ ហើយអាចនិយាយបានថា អាក្រក់អាចថាល្អ សអាចថាខ្មៅ ត្រូវអាចថាខុស មកពីគេមានប្រយោជន៍អ្វីមួយនឹងគ្នាទៅវិញទៅមក (mutual interests)។ ប្រទេសណាមិនដឹងថាប្រទេសកម្ពុជាយ៉ាងម៉េចនោះ?
លោក នីកកូឡូ ឌី ប៊ើណាដូ ឌៃ ម៉ាគីយ៉ាវ៉េលី (Niccolo di Bernardo dei Machiavelli) អ្នកការទូត អ្នកនិពន្ធ ទស្សនវិទូ និងប្រវត្តិវិទូអ៊ីតាលី (១៤៦៩-១៥២៧) ពោលថា៖ «នយោបាយគ្មានទំនាក់ទំនងអ្វីទៅនឹងការអប់រំខាងសីលធម៌នោះឡើយ»។ នេះមានន័យថា បើគិតអំពីប្រយោជន៍ជាតិជាធំ ជាចម្បង អ្នកនយោបាយត្រូវហ៊ានធ្វើអ្វីៗដើម្បីប្រយោជន៍ជាតិនោះ ទោះជាមានអសប្បុរសធម៌ អមនុស្សធម៌ អយុត្តិធម៌ខ្លះក៏ដោយ។

ដោយឡែកតែលោក ហ៊ុន សែន ព្រោះថាលោកគិតប្រយោជន៍បក្សមុនធំជាងប្រយោជន៍ជាតិរបស់លោក។ លោកហ៊ានឲ្យទឹក ឲ្យដី ឲ្យព្រៃ ឲ្យរ៉ែទៅបរទេស ដើម្បីរក្សាអំណាចឲ្យបានដល់កូនដល់ចៅ។ លោកមិនសូវគិតអំពីមុខមាត់ កិត្តិយសជាតិសាសន៍របស់លោកលើឆាកអន្តរជាតិនោះទេ។
លោកធ្វើទស្សនកិច្ចនៅប្រទេសភូមា ក្នុងថ្ងៃខួបជ័យជម្នះ ៧មករា ថាទៅជួយដោះស្រាយវិបត្តិនយោបាយជាមួយមេយោធាភូមា។ ជាមួយគ្នានោះ តាមប្រភពពីកាសែតអូស្ត្រាលី Sydney Morning Herald ផ្សាយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកទៅស្នើសុំឲ្យមេដឹកនាំយោធាភូមាដោះលែងសេដ្ឋវិទូអូស្ត្រាលី Sean Turnell ដែលរដ្ឋអំណាចផ្ដាច់ការឃុំខ្លួនអំពីបទបំពានច្បាប់ទាក់ទងនឹងឯកសារសម្ងាត់ជាតិ ក្នុងនាមប្រធានអាស៊ានដូរវេនតាមសំណូមពរនាយករដ្ឋមន្ត្រី Scott Morrison។
លោក ហ៊ុន សែន បានសម្ដែងអំនួតយកឈ្មោះថា លោកបាននិយាយឲ្យភូមាដោះលែងលោក Sean Turnell កាលពីសប្តាហ៍មុន។ ផ្ទុយទៅវិញ អាជ្ញាធរភូមាមិនបានដោះលែងសេដ្ឋវិទូអូស្ត្រាលី ដែលជាទីប្រឹក្សាអ្នកស្រី អ៊ុងសាន ស៊ូជី នោះទៅវិញទេ។ ជាថ្នូរ លោក ហ៊ុន សែន បានទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ២លាន ៣សែន ៥ម៉ឺនដូសជាអំណោយពីអូស្ត្រាលី។ ជាមួយគ្នានេះ ក្រុងកង់ប៊ែរ៉ា ជួយបង្កើតឲ្យមានស្ថាប័នជាតិសិទ្ធិមនុស្ស (National Human Rights Institution) ដោយនិយាយថា ជួយកែលំអបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ឲ្យតាមលំនាំគោលការណ៍ក្រុងប៉ារីស ឆ្នាំ១៩៩៣។ នេះស្មើនឹងទទួលស្គាល់ផ្តល់កិត្តិយសមេដឹកនាំឈាមប្រឡាក់ដៃបែបចោរកម្មាធិបតេយ្យ។ ពាក្យស្លោកចាស់បុរាណខ្មែរពោលថា៖ «កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច»។

សមាជិកសភាអូស្ត្រាលីខាងគណបក្សការងារ លោក Julian Hill សម្ដែងក្តីបារម្ភថា កិច្ចខ្នះខ្នែងជួយបែបនេះ វាធ្វើឲ្យឃើញថា ផ្តល់ភាពស្របច្បាប់ឲ្យលោក ហ៊ុន សែន យកធ្វើជាឧបករណ៍ដើម្បីឃោសនាទៅវិញទេ។ ចំពោះអូស្ត្រាលីវិញ ប្រយោជន៍ក៏មានដែរជាមួយក្រុមចោរកម្មាធិបតេយ្យ។ មន្ត្រីពុករលួយជិតស្និទ្ធជាមួយលោក ហ៊ុន សែន កូនចៅ និងសមាជិកក្រុមគ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើននាក់ យកធនធានបានមកពីអំពើពុករលួយ រកស៊ីលួចគេចពន្ធជាតិជាច្រើនលានដុល្លារដាក់ទុននៅប្រទេសអូស្ត្រាលី ដោយទិញអចលនទ្រព្យ ជាដីធ្លី ជាអគារ ផ្ទះសម្បែង មុខរបរ ជាពិសេសនៅក្រុងម៉ែលប៊ន រដ្ឋវិចទ័រីយ៉ា។
ប្រទេសដទៃទៀតដែលបិទភ្នែកចំពោះឧក្រិដ្ឋកម្មកើតមានក្នុងប្រទេសកម្ពុជា យកលេសថាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ថាជារឿងខ្មែរ មិនមែនរឿងប៉ះពាល់ដល់សន្តិសុខ និងប្រយោជន៍ជាតិរបស់គេ ក្នុងពេលគេកំពុងរកស៊ីធ្វើជំនួញជាមួយគ្នាបានចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
- ក្នុងឆ្នាំ២០២០ រាជាណាចក្រថៃឡង់ដ៍ នាំទំនិញចូលរាជាណាចក្រកម្ពុជាមានទឹកប្រាក់ប្រមាណជាង ៦ពាន់លានដុល្លារ រីឯប្រទេសកម្ពុជានាំទំនិញទៅប្រទេសថៃឡង់ដ៍ មានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ។
- ជំនួញជាមួយប្រទេសយៀកណាម ក្នុងឆ្នាំ២០២០ ប្រទេសកម្ពុជានាំទំនិញទៅប្រទេសយៀកណាម មានទឹកប្រាក់ប្រមាណជិត ៤០០លានដុល្លារ នាំទំនិញពីយៀកណាមចូលមកវិញមានទឹកប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារ។
- ជំនួញរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២០ មានទឹកប្រាក់សរុបជាង ៤ពាន់លានអឺរ៉ូ។
- ជំនួញជាមួយសហគមន៍អាស៊ានទាំងដប់ប្រទេសមានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ។
- ជាមួយសហរដ្ឋអាមេរិក ទំនិញនាំចូលប្រទេសគេមានទឹកប្រាក់ប្រមាណ ៦៥០០លានដុល្លារ។
- កាណាដា នាំទំនិញចូលមានទឹកប្រាក់ប្រមាណ ១៥០០លានដុល្លារ។
- ជាមួយប្រទេសចិនកុម្មុយនីស្ត ទំនិញពីស្រុកខ្មែរទៅស្រុកចិន មានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ រីឯទំនិញពីស្រុកចិនមកស្រុកខ្មែរមានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ។
ទាំងអស់នេះជាប្រយោជន៍ជាមួយគ្នា ហើយលោក ហ៊ុន សែន ដឹងច្បាស់ថាគ្មានប្រទេសណាមួយគេបោះបង់ប្រយោជន៍ជាតិរបស់គេ បែរមកជួយពលរដ្ឋខ្មែរស្វែងរកសិទ្ធិសេរីភាពពេញទំហឹងនោះទេ យ៉ាងច្រើនបានត្រឹមតែអំពាវនាវ ឬស្នើឲ្យរដ្ឋអំណាចក្រុងភ្នំពេញស្ដារលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក ហ៊ុន សែន ប្រើធនធានបានមកពីជំនួញជាមួយប្រទេសសេរី និងអំពើពុករលួយគៃប្រវ័ញ្ចបានពីការលួចលក់ធនធានធម្មជាតិឲ្យបរទេស បង្កើតបណ្ដាញសាខាបក្សក្រៅប្រទេស ដើម្បីបំភ័យបំភិតសហគមន៍ខ្មែរនៅឯបរទេស។
តទៅនេះ យើងសូមជូនសេចក្តីរាយការណ៍អំពីបណ្ដាញកសាង និងពង្រឹងបក្សនៅក្នុងប្រទេសថៃឡង់ដ៍ជាបន្តទៅទៀត។
ក្រុមទទួលបន្ទុកតំបន់ខេត្តសារៈបុរី មានសមាសភាព ១៨នាក់៖
ប្រធានបុរសឈ្មោះ៖
- ទុយ ស៊ីផាន់
អនុប្រធានពីរនាក់៖
- ជៀប ចាន់ថន
- ថូ ប៊ុនថន
សមាជិកបុរសឈ្មោះ៖
- លី សុភាព
- សឿង សុខយន់
- ស៊ិន សាម៉េត
- ស្រេង សុជាតិ
- ស្រេង ជូឡុង
- ម៉ៅ សុចា
- សូរ សម្បត្តិ
- សាន់ បៀន
- យឹម ផល្លី
- ណែត សុភាន់
- ទេស ម៉េត
- គង់ ធារ៉ា
សមាជិកស្ត្រីឈ្មោះ៖
- គង់ ពិសាល
- ហែម សុខរីដា
- តាន់ ផល្លា
ក្រុមទទួលបន្ទុកតំបន់ខេត្តសងក្លា មានសមាសភាព ១២នាក់៖
ប្រធានបុរសឈ្មោះ៖
- សុខ ចាន់ភក្តី
អនុប្រធានពីរនាក់ឈ្មោះ៖
- អ៊ុក រ៉ាវុធ
- សយ ម៉ានិត
សមាជិកបុរសឈ្មោះ៖
- រឿន រ៉ាឌី
- ជុំ មុំ
- ជូ សុខឡេង
- ជួប វណ្ណៈ
- ថេត សំអឿន
- ច្ចាន់ រតនា
- អ៊ិត គន់អរុណរះ
- ខៀវ សូលីណា
- សេង បញ្ញា
សមាសភាពស្ត្រីគ្មានសម្រាប់តំបន់នេះ។
ក្រុមទទួលបន្ទុកតំបន់ខេត្តស្រះកែវ មានសមាសភាព ១៨នាក់៖
ប្រធានបុរសឈ្មោះ៖
- លី សុធា
អនុប្រធាន ៥នាក់ ពីមុន ២នាក់ ថែមថ្មី ៣នាក់មានបុរសឈ្មោះ៖
- សិរី ជំនះ
- គង់ វិនឌី
- សូ សៅបុល
- សរ ដារ៉ា
- ហ៊ឹម ស៊ុយ
សមាជិកបុរសឈ្មោះ៖
- ហ៊ីង សុខមន្នី
- ឡុង ដារ៉ា
- ហង្ស ជិនតុង
- ច័ន្ទ សុខុមចិត្តា
- ហុង ប្រកប
- អ៊ឹម ចំរើន
- ហ៊ឺ ស្រ៊ូ
- ខេង តារា
- តា ហៀ
- អ៊ិត សុផល្លា
- គឹម ទើហូរ
- ជួង គឹមហុក
សមាសភាពស្ត្រីគ្មានសម្រាប់តំបន់នេះ។
ក្រុមទទួលបន្ទុកតំបន់ខេត្តចន្ទបុរី មានសមាសភាព ២៣នាក់៖
ប្រធានបុរសឈ្មោះ៖
- កុយ ទេពដារាវុធ
អនុប្រធានពីរនាក់ ពីមុនម្នាក់ ថែមថ្មីម្នាក់ មានបុរសឈ្មោះ៖
- ហាក់ គេង
- សុវណ្ណ ប៊ុនធឿន
សមាជិកបុរសឈ្មោះ៖
- ប៉ែន សុខា
- មាស ដារ៉ា
- យក់ សង្វាត
- ភី ឡងឌី
- ពៅ សានិត
- ជឹម ម៉ុន
- លឹក ផល្លា
- ស៊ឹម សុវឌ្ឍនៈ
- អ៊ុំ ដារី
- លឹម ស៊ីថង
- វុន សុឃីន
- ឃុត សំអាត
- សុខ សាវុធ
- ជឹង វេងលី
- ឌិន សុធុល
- វណ្ណា រ៉ាទី
សមាជិកស្ត្រីឈ្មោះ៖
- ពេជ្រ ស្រីពី
- លី គឹមជូ
- តុប សុភា
- ជា ច័ន្ទចរិយា។
សេចក្តីរាយការណ៍នេះសូមជូនបន្តទៅទៀតសប្តាហ៍ក្រោយអំពីក្រុមចល័ត។
ដោយហេតុថាពលរដ្ឋខ្មែរបានដឹងរឿងនេះហើយ តើពលរដ្ឋខ្មែរដែលមានសមត្ថភាព មានលទ្ធភាពរស់នៅប្រទេសប្រជាធិបតេយ្យមានច្បាប់ មានសិទ្ធិសេរីភាពគ្រប់គ្រាន់ គួរធ្វើអ្វី?
ពាក្យចាស់ទុំបុរាណខ្មែរមួយពោលថា៖ «បើនិយាយមិនស្តាប់ ឲ្យច្បាប់ប្រដៅ»។ អំពើ និងទង្វើទាំងឡាយនៃក្រុមអ្នកដឹកនាំបែបចោរកម្មាធិបតេយ្យ (kleptocracy) រៀបរាប់មកទាំងអម្បាលម៉ានកន្លងមកតាំងពីភាគទី១ ដល់ទី១៩ ជាអំពើ ជាទង្វើផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ។ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក កាណាដា នៅអូស្ត្រាលី នៅអឺរ៉ុប សុទ្ធតែយល់ដឹងអំពីច្បាប់ទម្លាប់ប្រទេសរបស់គេរៀងខ្លួនតាមរយៈការសិក្សា និងស្តាប់ព័ត៌មាន ព្រោះថាសុទ្ធជាប្រទេសសេរីប្រជាធិបតេយ្យ។
នៅសហរដ្ឋអាមេរិក គេយកច្បាប់ទៅអនុវត្តលើជនពាល ជនទុច្ចរិត ជនរំលោភច្បាប់ ហើយផ្ដន្ទាទោសតាមទម្ងន់នៃកំហុសបទល្មើសតាមក្រមព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី។ មកទល់ពេលនេះ គួរណាស់តែមានពលរដ្ឋខ្មែរ-អាមេរិកាំងយកច្បាប់សហរដ្ឋអាមេរិកមកនិយាយឲ្យរដ្ឋាភិបាលសហព័ន្ធពិនិត្យ ដើម្បីការពារប្រយោជន៍សហគមន៍ដែលខ្លួនរស់នៅ រក្សាកិត្តិនាម កិត្តិយសជាខ្មែរឲ្យផុតពីការជ្រៀតជ្រែកពីក្រុមជនទុយ៌ស ជាជាងប្រើបណ្ដាញសង្គម (social media) ជេរបញ្ចោរ ប្រមាថកាតទាន បន្ទាបបន្ថោក បន្តុះបង្អាប់អ្នកមិនបំផ្លាញជាតិសោះនោះ។ ការប្រៀនប្រដៅក្នុងសាសនាមួយនិយាយថា៖ «គេមិនត្រូវបិទមាត់ចំពោះអំពើអយុត្តិធម៌ឡើយ។ តើមានអ្វីត្រូវភ័យខ្លាចជាងចុះនរកដូចជនអន្យតិរ្ថិយនោះ?»។
រដ្ឋបុរសជនជាតិអៀឡង់ដ៍ម្នាក់ឈ្មោះ Edmund Burke (១៧២៩-១៧៩៧) ណែនាំថា៖ «វិធីតែមួយគត់ធ្វើឲ្យបិសាចមានជ័យជម្នះ គឺឲ្យតែបុរសល្អៗនៅស្ងៀមស្ងាត់មិនធ្វើអ្វីនោះជាការស្រេច»។ មួយទៀតថា៖ «អ្វីៗដែលជនផ្ដាច់ការត្រូវការដើម្បីជ្រៀតចូល គឺឲ្យតែមនុស្សមានមនសិការល្អ សម្ងំមិនហើបមាត់វាជាការស្រេចទៅហើយ»៕