33.2 C
Phnom Penh

លីកាដូ​បារម្ភ​ករណី​រដ្ឋាភិបាល​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិមនុស្ស​លីកាដូ បង្ហាញ​ការ​ព្រួយបារម្ភ​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ ក្រោយ​ពី​ផ្អាក​ជាង ១០​ឆ្នាំ​មក ថា​នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ត្រូវ​បែកបាក់ និង​មិន​អាច​ជួបជុំ​គ្នា​វិញ​បាន​ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ។

ការ​ព្រួយបារម្ភ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ដោយ​លើកឡើង​ថា ការ​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​ឡើងវិញ​នេះ នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ត្រូវ​បែកបាក់ និង​មិន​អាច​ជួបជុំ​គ្នា​ដោយសារតែ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ និង​មិនទាន់​អាច​ការពារ​ផលប្រយោជន៍​កុមារ​បាន​ល្អ​បំផុត​នោះ​ឡើយ។

ការ​ព្រួយបារម្ភ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី បាន​លើកឡើង​ថា ការ​ស្មុំ​កូន​ពី​កម្ពុជា​យ៉ាងតិច​ចំនួន ៩​នាក់​ដែល​អាច​កើតមាន​ឡើង គឺ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​ជនជាតិ​អ៊ីតាលី។

ចាប់តាំង​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១១ កុមារ​កម្ពុជា​ចំនួន ៣៦៩៦​នាក់​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​រាយការណ៍​ថា បាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​សម្រាប់​ការ​ស្មុំ​កូន។

យ៉ាងណា កម្មវិធី​ស្មុំ​កូន​អន្តរ​ប្រទេស​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​វិញ​ក្រោយ​ពី​រក​ឃើញ​មាន​ភស្តុតាង​ថា មាន​ការ​ក្លែង​បន្លំ​ឯកសារ និង​អំពើពុករលួយ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ប្តូរ​ឈ្មោះ ឬ​អាយុ​កុមារ​មួយ​ចំនួន ឬ​អះអាង​ថា​ពួកគេ​ជា​ក្មេងកំព្រា ឬ​ត្រូវ​បាន​បោះបង់​ចោល មុន​ពេល​កុមារ​ទាំងនោះ​ត្រូវ​បាន​គេ​យក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស ដោយ​ពុំ​មាន​ការ​ដឹង​ឮ ឬ​ការ​យល់ព្រម​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​ឡើយ។

លីកាដូ បាន​ព្រមាន​ថា ការ​បញ្ជូន​កុមារ​ជាច្រើន​ទៀត​ទៅ​ក្រៅ​ប្រទេស អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដែល​មិន​អាច​ស្រោចស្រង់​បាន​ជាច្រើន​បន្ថែម​ទៀត បើសិនជា​កំហុស​កន្លងមក​មិន​ត្រូវ​បាន​ដោះស្រាយ និង​មុន​ពេល​មាន​វិធានការ​ប្រកប​ដោយ​សុវត្ថិភាព និង​តម្លាភាព ខណៈ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​នៅតែ​ខ្វះ​ប្រព័ន្ធ​ការពារ​កុមារ​តាម​ផ្លូវ​តុលាការ និង​មិន​មាន​វិធានការ​រឹងមាំ​ក្នុង​ការ​ប្រឆាំង​អំពើពុករលួយ ដើម្បី​ធានា​ថា​ការ​ស្មុំ​កូន​នឹង​ដំណើរការ​ទៅ​ស្របតាម​ផ្លូវច្បាប់ និង​ក្រម​សីលធម៌។

លីកាដូ បាន​ផ្តល់​យោបល់​ថា មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ធានា​ថា​កុមារ​មិន​ត្រូវ​បាន​គេ​យក​ចេញពី​គ្រួសារ​របស់​ពួកគេ ដោយ​ភាព​មិន​ត្រឹមត្រូវ ឬ​ដោយ​បោកបញ្ឆោត​ម្តង​ទៀត​នោះ គឺ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការ​ស្មុំ​កូន​អន្តរ​ប្រទេស​ទាំងអស់​ពី​កម្ពុជា​ដែល​កំពុង​ដំណើរការ។

លោក​មេធាវី លី កុសល បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លងមក​ថា ករណី​កូនចិញ្ចឹម ឬ​កូន​ស្មុំ​នៅ​កម្ពុជា គឺជា​វប្បធម៌​មួយ​មាន​ជា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​នីតិវិធី​នៃ​ការ​ស្មុំ​នោះ​ពុំ​ត្រឹមត្រូវ​តាម​លក្ខណៈ​ច្បាប់។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ទៅលើ​ច្បាប់ និង​នីតិវិធី​នៃ​ការ​ស្មុំ​កូន ដែល​ពី​មុន​មាន​ច្បាប់​ស្ដីពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ប៉ុន្តែ​ច្បាប់​ទាំងនោះ​ពុំ​ទាន់​មាន​ការ​ចែង​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ ជាពិសេស​គោលការណ៍​ស្មុំ​កូន​អន្តរ​ប្រទេស​នេះ​តែម្តង។

មួយ​វិញ​ទៀត រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋ​ដែល​ទទួល​យក​កុមារ គួរតែ​បង្កើត​យន្តការ​សម្រាប់​អ្នក​ដែល​បាន​រងគ្រោះ​ពី​ការ​ស្មុំ​កូន​អន្តរ​ប្រទេស រួម​មាន​ទាំង​កូនចិញ្ចឹម ឪពុក​ម្ដាយ​បង្កើត និង​ឪពុក​ម្ដាយ​ចិញ្ចឹម ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌ ក៏ដូចជា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ឡើងវិញ ប្រសិនបើ​ពួកគេ​ជ្រើសរើស​ដូច្នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស