ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក អះអាងថានឹងចូលខ្លួនទៅបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ បន្ទាប់ពីលោកពឹងពាក់មេធាវី និងទទួលបានឯកសារពាក់ព័ន្ធលើសំណុំរឿងរបស់លោកពីតុលាការរួចរាល់។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ថាមិនដែលមានបំណងគេចវេសពីការកោះហៅរបស់តុលាការម្តងណាឡើយ ប៉ុន្តែដោយសារតែកន្លងមកលោកមិនដែលបានទទួលដីកាកោះហៅជាផ្លូវការពីតុលាការទាល់តែសោះ។
លោកបដិសេធរាល់ពាក្យចចាមអារ៉ាម និងសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងមក ដែលថាលោកមានចេតនាគេចពីការកោះហៅរបស់តុលាការ ថាជារឿងមិនពិតនោះឡើយ ព្រោះលោកមិនដែលមានចេតនាគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ដើមអម្ពិល បានដកស្រង់សម្ដីអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថាការគេចខ្លួនរបស់លោក សៀម ភ្លុក ដែលជាស្ថាបនិកគណបក្សបេះដូងជាតិ គឺជាអំពើទុច្ចរិតដែលអាចបញ្ជាក់ថា លោកពិតជាបានប្រព្រឹត្តខុសនឹងផ្លូវច្បាប់ប្រាកដមែន។
លោក សុខ ឥសាន បញ្ជាក់ថា បើពិតជាមាសសុទ្ធ លោក សៀម ភ្លុក កុំមិនចាំបាច់គេចខ្លួននោះទេ ព្រោះថាការគេចខ្លួននេះ គឺជាការបញ្ជាក់យ៉ាងច្បាស់នូវអំពើទុច្ចរិតរបស់គាត់តែប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះបន្តថា បើខ្លួនអះអាងថាមិនបានបន្លំស្នាមមេដៃ ហេតុអ្វីចាំបាច់រត់គេចខ្លួន។
លោក សៀម ភ្លុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឱ្យចូលខ្លួនម្ដងរួចមកហើយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិកដើម្បីបង្កើតគណបក្សនយោបាយ ប៉ុន្តែលោកមិនបានចូលទៅបំភ្លឺតាមដីកាកោះរបស់តុលាការនោះទេ ដោយសារតែលោកមិនបានទទួលដីកានោះ។
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួនតំណាងស្ថាបនិកគណបក្សបេះដូងជាតិរូបនេះឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ក្នុងការបង្កើតគណបក្សបេះដូងជាតិ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់សារព័ត៌មានក្នុងស្រុកថា អាជ្ញាធរកំពុងស្វែងរកការនាំខ្លួនលោក សៀម ភ្លុក ខណៈមានព័ត៌មានថាលោក សៀម ភ្លុក កំពុងគេចខ្លួន។ លោកថារហូតមកដល់ពេលនេះ លោកអត់ទាន់បានរកឃើញលោក សៀម ភ្លុក នៅឡើយទេ។
ចំណែកឯនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់ឃើញថា អាជ្ញាធរគួរតែធ្វើការដោយយុត្តិធម៌ ហើយមិនគួររើសអើងនិន្នាការនយោបាយខុសគ្នានោះទេ។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថាស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិចំនួនជាង ៤៧០០នាក់ជាស្នាមមេដៃមានភាពមិនប្រក្រតី៕