មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ទម្លាយថា គណបក្សប្រជាជនកម្ពុជាជឿជាក់ថា ខ្លួននៅតែអាចយកឈ្នះក្នុងការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះបន្តទៀត ត្បិតគណបក្សនេះបានកសាងសមិទ្ធផល និងកម្មវិធីនយោបាយស្របតាមតម្រូវការជាតិ និងតម្រូវការរបស់ប្រជាជនទូទាំងប្រទេស។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងក្នុងសន្និសីទសារព័ត៌មានក្រោយសន្និបាតវិសាមញ្ញរបស់គណបក្សកាន់អំណាចកាលពីថ្ងៃទី២៩ ខែមករា ថា បក្សប្រជាជនកម្ពុជាជាគណបក្សដែលមានវ័យចំណាស់ជាងគេមួយ ដែលបានដឹកនាំរាជរដ្ឋាភិបាលរយៈពេល ៦អាណត្តិមកហើយ។ ជាងនេះទៀត បក្សកាន់អំណាចក៏មានគុណសម្បត្តិដ៏ធំធេងក្នុងការអភិវឌ្ឍជាតិ និងការធានានូវភាពសុខសាន្តសម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។
លោក សុខ ឥសាន លើកឡើងថា គណបក្សប្រជាជនកម្ពុជាមានស្នាដៃជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការធានាបាននូវភាពរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ ដោយការកម្ចាត់ចោលនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត កុំឲ្យកើតមាននៅលើទឹកដីកម្ពុជាឡើងវិញ ជាដើម ដែលស្របទៅតាមការចង់បានរបស់ប្រជាជនគ្រប់ៗគ្នា ដូច្នេះហើយទើបគណបក្សនេះអាចឈរជើងដឹកនាំប្រទេសរាប់សិបឆ្នាំរហូតដល់សព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះបញ្ជាក់ថា ទោះបីកម្ពុជាបានរៀបចំការបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣ ដោយបង្កើតបាននូវរដ្ឋាភិបាលមួយក៏ដោយ ប៉ុន្តែកម្ពុជានៅមិនទាន់ទទួលបានសុខសន្តិភាពពេញលេញនោះទេ។ លោកបន្តថា កម្ពុជាបានទទួលសុខសន្តិភាពពិតប្រាកដនៅក្រោយការដាក់ចេញនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន ដែលជាគុណសម្បត្តិដ៏ធំធេងរបស់បក្សកាន់អំណាចមិនអាចកាត់ថ្លៃបាន។
អតីតអ្នកទោសនយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន the Cambodia Daily នៅថ្ងៃទី៣០ មករា នេះថា ការសង្ឃឹមឈ្នះឆ្នោតខ្ពស់របស់បក្សកាន់អំណាច គឺមានហេតុផលអវិជ្ជមានក្នុងដំណើរការនៃការបោះឆ្នោតខាងមុខនេះ ដោយសារមានការបិទសិទ្ធិចូលរួមរបស់គណបក្សសង្គ្រោះជាតិ ការបិទខ្ទប់សិទ្ធិនយោបាយរបស់លោក កឹម សុខា ការរឹតត្បិតសេរីភាពមេដឹកនាំនយោបាយផ្សេងៗ និងការរៀបចំសមាសភាព គ.ជ.ប ដែលសុទ្ធសឹងតែមកពីគណបក្សប្រជាជនកម្ពុជា ជាដើម។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា បើគណបក្សកាន់អំណាចចិត្តសឿងក្នុងការប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះមែន ពួកគេគួរតែបើកសិទ្ធិនយោបាយឲ្យលោក កឹម សុខា អាចវិលចូលឆាកនយោបាយឡើងវិញ ដើម្បីឲ្យពលរដ្ឋមើលឃើញថា ទីលាននយោបាយនៅអាណត្តិទី៧ នេះ ពិតជាមានលំហសេរីភាពពេញលេញប្រាកដមែន ហើយនៅពេលដែលបក្សកាន់អំណាចឈ្នះឆ្នោតទៀតនោះ ក៏ជាការឈ្នះដោយកិត្តិយសដែរ ដែលមិនមែនជាការឈ្នះដោយការចងដៃអ្នកដទៃមិនឲ្យប្រកួតជាមួយខ្លួននោះទេ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បក្សកាន់អំណាច មិនមែននៅត្រឹមតែការឈ្នះឆ្នោតនោះទេ ប៉ុន្តែត្រូវឲ្យមជ្ឈដ្ឋានទូទៅទាំងសហគមន៍ជាតិ និងអន្តរជាតិទទួលស្គាល់ផងដែរ ហើយជាជ័យជម្នះមួយដែលមិនបង្កការឈឺចាប់ ឬបន្សល់នូវភាពអាម៉ាស់ដល់អ្នកបន្តវេនរបស់ខ្លួន ដែលនឹងត្រូវឡើងកាន់តំណែងស្នងមរតកអំណាចពីខ្លួនទៅថ្ងៃក្រោយ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៨ រហូតដល់ការបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន តែងតែលួចសន្លឹកឆ្នោតពីបក្សប្រឆាំងរហូតមក ប៉ុន្តែចាប់តាំងពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ រហូតដល់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ គឺបក្សកាន់អំណាចអាចនឹងចេញមុខប្លន់លទ្ធផលនៃការបោះឆ្នោតជាចំហតែម្តង។
ចាប់តាំងពីឆ្នាំ១៩៩៣ មក កម្ពុជាបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចំនួន ៦លើករួចមកហើយ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បាន ៥លើកផងដែរ ប៉ុន្តែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ ត្រូវបានសហគមន៍អន្តរជាតិបដិសេធចោលទាំងស្រុង ដោយចាត់ទុកថាជាការបោះឆ្នោតដែលគ្មានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ខណៈការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ គេនៅមិនទាន់ឃើញប្រទេសលោកសេរីដាក់អ្នកសង្កេតការណ៍នៅឡើយទេ ហើយក៏ទំនងជាប្រទេសទាំងនោះមិនទទួលស្គាល់ការបោះឆ្នោតខាងមុខនេះផងដែរ៕