អភិបាលខេត្តត្បូងឃ្មុំ ថាកុំយកមន្ត្រីរាជការកម្ពុជាដែលល្អ ៩៩% ទៅប្រៀបជាមួយមន្ត្រីរាជការខិលខូចមួយចំនួនតូច និងអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតគាំទ្រមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។
អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងក្នុងពិធីជួបជាមួយប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ថា មានមន្ត្រីរាជការតិចតួចប៉ុណ្ណោះដែលជាមន្ត្រីខិលខូច ខណៈមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានខិតខំលះបង់ច្រើនណាស់ដើម្បីប្តូរយកសន្តិភាពសម្រាប់កម្ពុជាសព្វថ្ងៃនេះ។
លោក ជាម ច័ន្ទសោភ័ណ អំពាវនាវឲ្យពលរដ្ឋក្នុងស្រុកអូររាំងឪ បោះឆ្នោតគាំទ្រមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីឲ្យមេដឹកនាំខ្មែរក្រាញអំណាចរូបនេះគ្រប់គ្រងកម្ពុជាទៅថ្ងៃមុខ។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលពលរដ្ឋតែងរិះគន់ការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាច ដែលកំពុងដឹកនាំរដ្ឋាភិបាលដោយឯកបក្សសព្វថ្ងៃនេះ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ មេសា នេះថា ការលើកឡើងរបស់អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ គឺមានចរិតនយោបាយការពារកំហុសឲ្យគណបក្សកាន់អំណាចប៉ុណ្ណោះ ហើយការធ្វើបែបនេះ គឺជាការរំលោភតួនាទីរបស់ខ្លួនក្នុងនាមជាមន្ត្រីរាជការរបស់រដ្ឋដែលត្រូវបម្រើពលរដ្ឋគ្រប់និន្នាការយ៉ាងធ្ងន់ធ្ងរ។
លោក ហ៊ុន កុសល អះអាងថា ការលើកឡើងរបស់លោកអភិបាលខេត្តត្បូងឃ្មុំរូបនេះ ក៏បង្ហាញឲ្យឃើញដែរថា មន្ត្រីរាជការសព្វថ្ងៃនេះមិនមែនជាមន្ត្រីរបស់ពលរដ្ឋនោះទេ គឺជាមន្ត្រីរបស់បក្សកាន់អំណាចប៉ុណ្ណោះ ព្រោះថាប្រសិនបើមន្ត្រីទាំងនោះជាមន្ត្រីរបស់ពលរដ្ឋ ហើយប្រព្រឹត្តនូវកំហុស ក៏មិនពាក់ព័ន្ធនឹងការដឹកនាំរបស់បក្សកាន់អំណាចដែរ។
សកម្មជនបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ ត្រូវគេមើលឃើញថាជាប្រព័ន្ធដែលគ្រប់គ្រងមន្ត្រីរាជការរបស់រដ្ឋទៅជាបណ្ដាញសមាជិកបក្សស្ទើរតែទាំងស្រុងទៅហើយ ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ ដូច្នេះហើយទើបនៅពេលជិតបោះឆ្នោតម្តងៗ ពួកគេប្រឹងរកលេសដោះសា និងលុបលាងកំហុសរបស់មន្ត្រីដែលជាបណ្ដាញបក្ខពួករបស់គេដែលបានប្រព្រឹត្តអំពើអាក្រក់លើពលរដ្ឋកន្លងមក។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះធ្លាប់បានអះអាងថា មន្ត្រីរដ្ឋាភិបាលទាំងអស់មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែគឺជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ប៉ុណ្ណោះ ដូច្នេះពួកគេត្រូវបំពេញតួនាទីរបស់ខ្លួនដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់ពេលវេលា។
យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលដែលមានអំណាចកំពូលៗក្នុងជួររដ្ឋាភិបាលដែលស្និទ្ធនឹងលោក ហ៊ុន សែន ក៏ត្រូវគេមើលឃើញថាបានប្រើតួនាទីរបស់ខ្លួនរំលោភយកដីធ្លីរបស់ពលរដ្ឋឥតស្រាកស្រាន្តជាបន្តបន្ទាប់មកនេះ។
ជាក់ស្តែង កាលពីចុងឆ្នាំ២០២១ ពលរដ្ឋចំនួន ៨៤៣គ្រួសារ ដែលមានដីសរុបជិត ២ពាន់ហិកតារ ស្ថិតក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង បានដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលកម្ពុជាប្រគល់ដីធ្លីឲ្យពួកគេវិញ បន្ទាប់ពីក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាពីខាងបក្សកាន់អំណាចឈូសឆាយរំលោភយកដីរបស់ពួកគេនាពេលកន្លងមក។
កាលពីឆ្នាំ២០២០ អង្គការតម្លាភាពអន្តរជាតិដែលមានមូលដ្ឋានក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ផ្តល់ចំណាត់ថ្នាក់ដល់កម្ពុជាជាប់លេខរៀងទី១៥៧ ក្នុងចំណោមប្រទេសចំនួន១៨០ លើពិភពលោក។ អង្គការមួយនេះអំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សជាចាំបាច់ ដើម្បីធ្វើឱ្យស្ថាប័ន ឬបុគ្គលដែលមានតួនាទី និងមានអំណាចមានការទទួលខុសត្រូវខ្ពស់៕