29 C
Phnom Penh

ថ្ងៃ​បិទ​បញ្ចប់​ឃោសនា​បោះឆ្នោត បក្ស​បី​ធ្វើ​នៅ​ភ្នំពេញ ខណៈ​បក្ស​មួយ​ចំនួន​ទៀត​ធ្វើ​តាម​ខេត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល ១៤​ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៣ បាន​ធ្វើ​ការ​ឃោសនា​ធំ​នៅ​រាជធានី​ភ្នំពេញ ខណៈ​បក្ស​មួយ​ចំនួន​ទៀត​ធ្វើ​តាម​ខេត្ត។

ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​ធំ​របស់​គណបក្ស​នយោបាយ​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​ថ្ងៃ​ទី​៤ មិថុនា គេ​ហៅថា​ថ្ងៃ «ស» ដោយ​គណបក្ស​នយោបាយ​ទាំងអស់​មិន​អាច​ធ្វើការ​ឃោសនា​ឡើយ។

គណបក្ស​នយោបាយ​ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​មួយ​ចំនួន​ទៀត​ធ្វើ​នៅ​តាម​ខេត្ត ហើយ​បក្ស​ខ្លះ​ទៀត​គ្មាន​ប្រាក់​សម្រាប់​ធ្វើ​យុទ្ធនាការ​ធំ​នៅ​ថ្ងៃ​បិទ​បញ្ចប់។

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​មាន​អ្នក​ចូលរួម​ហែ​ក្បួន​ចន្លោះ​ពី ៥​ម៉ឺន​ទៅ ៦​ម៉ឺន​នាក់ ដោយ​ការ​ហែ​ក្បួន​ឃោសនា​នេះ​ជួបជុំ​គ្នា​នៅ​ផ្លូវ​៦០​ម៉ែត្រ រួច​ហែ​ឆ្លងកាត់​សង្កាត់​ចំនួន​៥ នៃ​រាជធានី​ភ្នំពេញ។

ចំណែក​គណបក្ស​ភ្លើង​ទៀន បាន​ចាប់ផ្ដើម​ដំណើរការ​ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​នេះ​ជួបជុំ​គ្នា​នៅ​វេលា​ម៉ោង ៧​ព្រឹក ដោយ​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​ចំណុច​មួយ​នៅ​ជិត​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ ផ្លូវជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារអំពៅ ដោយ​ទៅ​ឈប់​សម្រាក​នៅ​សួនច្បារ​ត្រើយម្ខាង​ក្បែរ​សណ្ឋាគារ​សុខា ហើយ​ក្បួន​នឹង​ចាប់ផ្តើម​ហែ​មក​វិញ​នៅ​ម៉ោង ២​រសៀល​ដោយ​បញ្ចប់​នៅ​ម៉ោង ៨​យប់។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​យុទ្ធនាការ​ចុងក្រោយ​នេះ​ថា គណបក្ស​ភ្លើង​ទៀន​នឹង​ការពារ​លទ្ធផល​បោះឆ្នោត​ដោយ​មិន​ឱ្យ​គណបក្ស​កាន់​អំណាច និង​ស្ថាប័ន​ណា​មួយ​ទៅ​រំលាយ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ទោះបី​បច្ចុប្បន្ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដោយ។

ដោយឡែក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ បាន​ក៏​បាន​ធ្វើ​យុទ្ធនាការ​ហែ​ក្បួន​ចេញពី​រង្វង់​មូល​នាង​មច្ឆា​នៅ​ត្រើយ​ខាងកើត​នៅ​ខណ្ឌ​ជ្រោយចង្វារ ទៅកាន់​រាជធានី​ភ្នំពេញ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ដើម្បី​ឈ្នះ​ឆ្នោត​រាល់​អាណត្តិ​កន្លងមក គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន តែងតែ​ប្រើ​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ឱ្យ​ជួយ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​ខ្លួន ជា​ថ្នូរ​នឹង​ការ​ដំឡើង​តំណែង​បុណ្យ​ស័ក្តិ និង​លាភសក្ការៈ​ផ្សេងៗ។ ដូច្នេះ​ហើយ បាន​ជា​មន្ត្រីរាជការ​ទាំងនោះ​ប្រឹងប្រែង​នាំគ្នា​ធ្វើ​ការ​ឱ្យ​បក្ស​កាន់​អំណាច ជាជាង​ការ​បំពេញ​កិច្ចការ​របស់​រដ្ឋ​ដែល​ជា​តួនាទី។

ទាក់ទិន​នឹង​បញ្ហា​នេះ វេទិកា​ពលរដ្ឋ​ធ្លាប់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២២ ថា ការ​បោះឆ្នោត​នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ នេះ គឺជា​ឧក្រិដ្ឋកម្ម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ថា​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ត្រូវការ​តែ​រូបភាព​ឃោសនា និង​វត្តមាន​ពលរដ្ឋ​ចូលរួម​បោះឆ្នោត ដើម្បី​បំភ្លៃ​ប្រាប់​សហគមន៍​អន្តរជាតិ​អំពី​របស់​ដែល​គេ​ហៅ​ថា​សេរីភាព ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ការ​បោះឆ្នោត​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​គណបក្ស​កាន់​អំណាច​បាន​រៀបចំ និង​ចាត់ចែង​ទាំងស្រុង​ដើម្បី​ប្លន់​យក​អំណាច​នៅ​មូលដ្ឋាន ដោយ​ទាញ​គណបក្ស​ផ្សេងៗ​ទៀត​ឱ្យ​ចូលរួម​កំដរ និង​បង្កើត​ជា​ទស្សនីយភាព​បោះឆ្នោត​គគ្រឹកគគ្រេង​មួយ​ក្រោម​រូបភាព​ប្រជាធិបតេយ្យ ប៉ុន្តែ​ខ្លឹមសារ​ពិត គឺ​ជា​ការ​ប្លន់​ប្រព័ន្ធ​បោះឆ្នោត​ទាំងស្រុង។

កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ សហភាព​អឺរ៉ុប​បាន​អះអាង​ថា ខ្លួន​មិន​បាន​ស្នើសុំ​ឱ្យ​មាន​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​សម្រាប់​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ទេ ប៉ុន្តែ​សហគមន៍​អឺរ៉ុប​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​បើក​ឱ្យ​មាន​បក្ស​ប្រឆាំង​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ដែល​អាច​ធានា​នូវ​ការ​បោះឆ្នោត​មួយ​ដែល​មាន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ។

កម្ពុជា​បាន​អនុវត្ត​ការ​បោះឆ្នោត​អសកល ឬ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​ចំនួន ៤​អាណត្តិ​រួច​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០០២ ប៉ុន្តែ​រាល់​អាណត្តិ​ក្រោយ​ការ​បោះឆ្នោត ត្រូវ​គេ​រក​ឃើញ​ថា គណបក្ស​កាន់​អំណាច​បាន​លួច​បន្លំ​សន្លឹកឆ្នោត ទិញ​ទឹកចិត្ត​អង្គ​បោះឆ្នោត និង​មាន​ការ​គំរាមកំហែង​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​គាំទ្រ​ខ្លួន​រហូត​មក។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង​អ្វី​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស