31 C
Phnom Penh

បទវិភាគ៖ តើ​ថៃ​និង​វៀតណាម​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​អាមេរិក​ឬ​ទេ បើ​កម្ពុជា​អនាគត​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​មហាអំណាច​ពីរ​កំពុង​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​តំបន់​នោះ។ ប្រទេស​មហាអំណាច​នេះ គឺ​ប្រទេស​ចិន ដែល​ជា​ប្រទេស​ដ៏​ធំ​នៅ​ក្នុង​តំបន់ និង​សហរដ្ឋ​អាមេរិក ហើយ​ក៏​ជា​ប្រទេស​មហាអំណាច​ទី​១ ក្នុង​ពិភពលោក​ទាំង​សេដ្ឋកិច្ច និង​យោធា។

ចិន​ជា​ប្រទេស​កុម្មុយនីស្ត ប៉ុន្តែ​ប្រទេស​នេះ​ទើប​មាន​កម្លាំង​អនុត្តរភាព​ខ្លាំង ទាំង​សេដ្ឋកិច្ច នយោបាយ និង​វិស័យ​យោធា​នៅ​ជាង​មួយ​ទសវត្ស​ចុងក្រោយ​នេះ។ ប្រទេស​នេះ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ខ្លាំងក្លា​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ផ្ដល់​កម្ចី​ពាន់​លាន​ដុល្លារ​នៅ​ក្រោម​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ។

តាមរយៈ​ប្រាក់កម្ចី​នេះ បាន​នាំ​ឱ្យ​មេដឹកនាំ​ប្រទេស​ណា​ដែល​ក្រាញ​អំណាច​សម្រុក​ខ្ចី​ប្រាក់​ប្រទេស​ដ៏​ធំ​នេះ ទោះជា​ការប្រាក់​ខ្ពស់​អាច​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ក៏ដោយ គឺ​ឲ្យ​តែ​បាន​លុយ​យក​មក​ស្ថាបនា​អភិវឌ្ឍ​ប្រទេស​ក្នុង​រូបភាព​នៃ​ល្បែង​នយោបាយ​ប្រជាភិថុតិ​ទប់​អំណាច។ ភាព​ស្រេក​ឃ្លាន​ប្រាក់កម្ចី​ពី​ចិន មិន​ខ្វល់​នឹង​ការ​បាត់បង់​ទៅវិញ​នូវ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ឡើយ។ ទីបំផុត បំណុល និង​ការ​បង្វិល​ប្រាក់​សង​វិញ​មិន​រួច បាន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ចិន។

ជាក់ស្ដែង​ប្រទេស​មួយ​នៅ​អាហ្វ្រិក​ខាងលិច គឺ​ប្រទេស​ហ្សិបបូទី បាន​ក្លាយជា​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​ប្រទេស​នេះ​ទៅ​ហើយ ដោយ​ការ​ទូទាត់ និង​ការ​ជួល​ដី​ឲ្យ​ចិន ស្ថាបនា​មូលដ្ឋាន​ទ័ព ហើយ​ចិន​បាន​បញ្ជូន​ទ័ព​មក​បោះ​ទីតាំង​នៅ​លើ​ទឹកដី​ប្រទេស​មួយ​នេះ​តែម្តង។

សម្រាប់​នៅ​អាស៊ី​អាគ្នេយ៍​វិញ ពុំ​មាន​ប្រទេស​ណា​មួយ​ពិតប្រាកដ​ថា​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​ទឹកដី​នោះ​ទេ សូម្បីតែ​ប្រទេស​ឡាវ ក្ដី ឬ​កម្ពុជា ក្ដី ដែល​សុទ្ធសឹងតែ​ជា​កូនបំណុល​ចិន​ពាន់​លាន​ដុល្លារ។

សម្រាប់​កម្ពុជា មាន​ការ​សង្ស័យ​ច្រើន​ជាងគេ​ថា​អនាគត​ឆ្នេរសមុទ្រ​រាម អាច​នឹង​ក្លាយជា​មូលដ្ឋាន​កងទ័ព​ចិន។ ការ​សង្ស័យ​ខ្លាំង​ជាងគេ​ដែល​ថា​កម្ពុជា​នឹង​ទូទាត់​បំណុល​ចិន​ជាមួយ​នឹង​ការ​អនុញ្ញាត​ឲ្យ​ចិន​មាន​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹកដី​កម្ពុជា គឺ​សហរដ្ឋ​អាមេរិក។

ដោយសារ​មាន​ការ​ព្រួយបារម្ភ​ដូច​នេះ​ហើយ ទើប​អាមេរិក​តែង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​មក​សួរនាំ​ផ្ទាល់​អំពី​រឿង​នេះ តែ​កម្ពុជា​បាន​ច្រានចោល​ការ​សង្ស័យ​ដូចនេះ ដោយ​បញ្ជាក់​ថា តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​មិន​ឲ្យ​មាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​បាន​ឡើយ។

មិន​យូរ​ឡើយ ការ​យក​រដ្ឋធម្មនុញ្ញ​មក​ធ្វើជា​ទឡ្ហីករណ៍ គឺ​សឹងតែ​លែង​ឮ​ទៅ​ហើយ​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា។ ដោយ​មិន​ទុកចិត្ត​ចំពោះ​ការ​អះអាង​របស់​មេដឹកនាំ​កម្ពុជា ទីបំផុត​អាមេរិក​ក៏​សម្រេច​ស្នើ​បើក​ផ្លូវ​ឲ្យ​មន្ត្រី​សេនានុព័ន្ធ​យោធា​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ថែម​ទៀត។ ប៉ុន្តែ​មន្ត្រី​អាមេរិក​ទាំងនោះ​ថ្លែង​ថា ពួកគេ​មិន​អស់​ចិត្ត​ទេ ព្រោះ​ទីតាំង​ខ្លះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ពិនិត្យ​មើល​នោះ​ទេ។

កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​ពិធី​សម្ពោធ​អគារ​ស្តុក​សម្ភារៈ​យោធា និង​អគារ​ជួសជុល​នាវា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ បាន​ថ្លែង​ថា កម្ពុជា​ស្វាគមន៍​ប្រទេស​ណា​ក៏ដោយ​ដែល​ចង់​បញ្ជូន​នាវា​មក​ចត​នៅ​ឆ្នេរ​រាម​កម្ពុជា ប៉ុន្តែ​សារ​មួយ​ឃ្លា​របស់​លោក ទៀ បាញ់ ដែល​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ទៀត​នោះ ព្រោះ​លោក​បញ្ជាក់​ថា មន្ត្រី​យោធា​បរទេស​ណា​ក៏ដោយ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​ពិនិត្យ ឬ​ចង់​ស្វែងរក​ការពិត​ណា​មួយ​នោះ​ទេ បើ​កម្ពុជា​មិន​អនុញ្ញាត គឺ​ពុំ​មាន​សិទ្ធិ​ឡើយ។

លោក ទៀ បាញ់ អះអាង​ថា គឺជា​រឿង​សម្ងាត់​របស់​កម្ពុជា ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ។ សេចក្ដី​ថ្លែងការណ៍​របស់​លោក ទៀ បាញ់ បាន​នាំ​ឲ្យ​មន្ត្រី​ទូត​បស្ចិម​ប្រទេស​មាន​ការ​សង្ស័យ​ថែម​ទៀត​អំពី​អនាគត​ឆ្នេរ​សមុទ្រ​រាម​កម្ពុជា អាច​មាន​សព្វាវុធ​របស់​ចិន ហើយ​ក៏​អាច​មាន​វត្តមាន​ទ័ព​ចិន​ផង​ដែរ។

តាម​មើល​ទៅ សហរដ្ឋ​អាមេរិក​ទំនង​គិត​ថា ជៀស​មិន​រួច​ទេ​អនាគត​មូលដ្ឋាន​ទ័ព​ចិន​អាច​មាន​នៅ​លើ​ទឹកដី​កម្ពុជា។ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ខ្លួន គឺ​លោក Lloyd Austin មក​កាន់​ទឹកដី​ថៃ បន្ទាប់ពី​លោក​បាន​បញ្ចប់​ការ​ចូលរួម​វេទិកា​សន្តិសុខ​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​រៀបចំ​ធ្វើ​នៅ​លើ​ទឹកដី​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី​១២ ខែ​មិថុនា។

កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា លោក Lloyd Austin បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក ដោយ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ជា​ខ្លាំង​ពី​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចារ។ ការ​ស្វាគមន៍​នោះ មាន​រហូត​ដល់​ការ​ក្រាល​កម្រាល​ព្រំ​ក្រហម និង​មាន​ការ​ត្រួត​ពល​ទ័ព​ពិធីការ​ថៃ​ទៀត​ផង គឺ​ស្មើ​នឹង​ទស្សនកិច្ច​របស់​ប្រធានាធិបតី។

ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​រាយការណ៍​ថា លោក Lloyd Austin បាន​សន្ទនា​គ្នា​ច្រើន​ម៉ោង​ជាមួយ​លោក ប្រាយុទ្ធ ដោយ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ថែម​ទៀត​ក្នុង​ការ​ពង្រឹង​វិស័យ​សន្តិសុខ​តំបន់។

ចំណែក​លោក ប្រាយុទ្ធ ស្វាគមន៍​អាមេរិក​ក្នុង​ការ​បញ្ជូន​ទ័ព​មក​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​កងទ័ព​ថៃ ទោះជា​សមយុទ្ធ​មួយ​ត្រីមាស​ម្ដង មួយ​ឆមាស​ម្ដង ឬ​មួយ​ឆ្នាំ​ម្ដង​ក៏​ស្វាគមន៍​ដែរ។ លោក ប្រាយុទ្ធ ទទួល​យក​សំណើ​របស់​ក្រុង​វ៉ាស៊ីនតោន ដែល​ស្នើ​ពង្រឹង​សាមគ្គីភាព​កាន់តែ​រឹងមាំ​ថែម​ទៀត​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​តំបន់​ជាមួយ​នឹង​រាជាណាចក្រ​ថៃ។ បន្ថែម​លើស​ពី​នេះ ប្រទេស​ថៃ នឹង​ស្នើសុំ​ទិញ​យន្តហោះ​ចម្បាំង F-35 របស់​អាមេរិក​ទៀត​ផង​សម្រាប់​ថ្ងៃ​ខាង​មុខ។

ចំណែក​ប្រទេស​វៀតណាម វិញ ដែល​មាន​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ជាប់​នឹង​ប្រទេស​ចិន ក៏​បាន​ស្វាគមន៍​អាមេរិក ដែល​ពង្រឹង​សាមគ្គីភាព​លើ​វិស័យ​សន្តិសុខ​តំបន់​ជាមួយ​នឹង​វៀតណាម។

អតីត​សត្រូវ​នឹង​គ្នា​ក្នុង​សង្គ្រាម​ត្រជាក់ បាន​ក្លាយ​ជា​មិត្ត​កាន់តែ​ជិតស្និទ្ធ​ខ្លាំង​នៅ​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ នៅ​ពេល​វៀតណាម​ថ្កោលទោស​ចិន ដែល​នាំ​នាវា​ល្បាត​មក​រំលោភ​ដែនទឹក​វៀតណាម នៅ​សមុទ្រ​ចិន​ខាងត្បូង។

កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ លោក Lloyd Austin បាន​ដើរ​ជាន់​កម្រាលព្រំ​ក្រហម និង​ត្រួត​ពល​របស់​កងទ័ព​វៀតណាម ដែល​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ ឧត្តមសេនីយ៍ Phan Van Giang នៅ​ទីក្រុង​ហាណូយ។ នៅ​ពេល​នោះ​ហើយ​ដែល​វៀតណាម និង​អាមេរិក បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ គឺជា​ដៃគូ​សន្ទនា​គ្នា និង​សហប្រតិបត្តិការ​អំពី​សន្តិសុខ​តំបន់​អាស៊ី ជាពិសេស​សន្តិសុខ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង​ដែល​វៀតណាម បារម្ភ​ថា​នៅ​ថ្ងៃ​ណា​មួយ​ចិន​អាច​បង្ក​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ម្ដង​ទៀត​ដូច​នៅ​សង្គ្រាម​សមុទ្រ​នៅ​ឆ្នាំ​១៩៧៤។

ដោយសារ​កិច្ចព្រមព្រៀង​នេះ​ហើយ​ដែល​ក្រុង​ហាណូយ អនុញ្ញាត​ឱ្យ​ក្រុង​វ៉ាស៊ីនតោន ម្ដងម្កាល​ដាក់​ពង្រាយ​នាវា​ចម្បាំង​អាមេរិក​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​វៀតណាម នៅ​សមុទ្រ​ចិន​ខាងត្បូង។ បើ​ដូចនេះ គេ​អាច​ចោទ​សួរ​ថា តើ​អនាគត ប្រទេស​ថៃ និង​វៀតណាម អាច​នឹង​អនុញ្ញាត​ឲ្យ​មាន​នាវា​ចម្បាំង​របស់​អាមេរិក មាន​នៅ​លើ​ឈូង​សមុទ្រ​ថៃ និង​នាវា​ចម្បាំង​អាមេរិក មាន​នៅ​លើ​ដែន​ទឹក​វៀតណាម នៅ​ប្រជុំ​កោះត្រល់​អតីត​ដែន​កោះ​ខ្មែរ​ដែល​វៀតណាម​ហៅ​ថា​កោះ​ភូកុក ដែរ​ឬ​ទេ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស