29 C
Phnom Penh

វៀតណាម​ថា​ព្រែកជីក​ហ្វូណន​តេជោ​អាច​នឹង​ប៉ះពាល់​ជីវចម្រុះ​បរិស្ថាន​ទន្លេមេគង្គ បើ​ត្រូវ​បាន​ស្ថាបនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​វៀតណាម ដែល​មាន​គុណ​ដ៏​ធំធេង​លើ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​បាន​ជួយ​បក្ស​នេះ​ឱ្យ​ឡើង​កាន់​អំណាច​ក្រោយពី​វៀតណាម លើក​កងទ័ព​របស់​ខ្លួន​លុកលុយ​ប្រទេស​កម្ពុជា ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ក្លាយ​ជា​ប្រទេស​មួយ​នៃ​ប្រទេស​ដង​ទន្លេមេគង្គ ៦​ប្រទេស​ទៀត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ព្រែកជីក​ហ្វូណន​តេជោ អាច​នឹង​ប៉ះពាល់​ជីវចម្រុះ​បរិស្ថាន​ទន្លេមេគង្គ បើ​ត្រូវ​បាន​ស្ថាបនា។

សារព័ត៌មាន​របស់​វៀតណាម VN Express បាន​ចុះផ្សាយ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​វៀតណាម ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ចែកចាយ​ព័ត៌មាន និង​ការ​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​ជីវចម្រុះ​បរិស្ថាន​ទន្លេមេគង្គ។

អ្នក​នាំពាក្យ​រង​ក្រសួង​ការបរទេស​វៀតណាម Doan Khac Viet និយាយ​ថា វៀតណាម​គាំទ្រ​ការ​អភិវឌ្ឍ​ផ្លូវ​នាវាចរណ៍​នៃ​ដង​ទន្លេមេគង្គ ព្រោះ​វា​មាន​សារប្រយោជន៍​ជាច្រើន​ក្នុង​កំណើន​សេដ្ឋកិច្ច ហើយ​មាន​សារសំខាន់​ដល់​កិច្ចសហការ​ដែល​សំដៅ​គ្រប់គ្រង​ជា​ចីរភាព​នៃ​ធនធាន​ទន្លេមេគង្គ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម បាន​ទាមទារ​ឱ្យ​មាន​ការ​ផ្ដល់​ចម្លើយ​ពី​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ផែនការ​ស្ថាបនា​ព្រែកជីក​ហ្វូណន​តេជោ ថា​តើ​អាច​ប៉ះពាល់​កម្រិត​ណា​ចំពោះ​ជីវចម្រុះ ធនធាន និង​ផ្ដល់​ប្រយោជន៍​នៃ​ទន្លេមេគង្គ។

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ មាន​បណ្ដោយ​ជាង ១៨០​គីឡូម៉ែត្រ ដែល​កំណត់​ត​ភ្ជាប់​ពី​ដង​ទន្លេមេគង្គ​នៃ​ផ្នែក​មួយ​ប្រទេស​កម្ពុជា រហូត​ទល់​ដល់​ឆ្នេរសមុទ្រ​កម្ពុជា​នៃ​ឈូងសមុទ្រ​ថៃ នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។

ព្រែកជីក​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់ផ្ដើម​ស្ថាបនា​ចាប់ពី​ឆ្នាំ​២០២៨ ដែល​នេះ​បើ​យោង​តាម​ឯកសារ​មួយ​ដែល​កម្ពុជា​បញ្ជូន​ទៅ​ឱ្យ​គណៈកម្មការ​ទន្លេមេគង្គ​កាលពី​ខែ​សីហា ឆ្នាំ​២០២៣។

ប្រទេស​ដែល​ជាប់​ដង​ទន្លេមេគង្គ និង​កំពុង​បាន​ផ្ដល់​ប្រយោជន៍​ពី​ធនធាន​របស់​ទន្លេ​នេះ មាន​ប្រទេស​ចិន ភូមា ឡាវ ថៃ កម្ពុជា និង​វៀតណាម ប៉ុន្តែ​វៀតណាម ស្ថិត​នៅ​ខ្សែទឹក​ខាងក្រោម​ដែល​ជា​ប្រទេស​មួយ​ស្រូប​បាន​អត្ថប្រយោជន៍​ពី​ធនធាន​ទន្លេមេគង្គ​ច្រើន​ជាងគេ។

លោក Doan Khac Viet អ្នក​នាំពាក្យ​រង​ក្រសួង​ការបរទេស​វៀតណាម បាន​ស្នើ​ឱ្យ​កម្ពុជា​បង្ហាញ​កិច្ចសហការ​ឱ្យ​ស៊ីជម្រៅ​ជាមួយ​វៀតណាម និង​គណៈកម្មការ​ទន្លេមេគង្គ ដោយ​ចែកចាយ​ព័ត៌មាន​ដោយ​តម្លាភាព​ចំពោះ​ការ​អាច​ប៉ះពាល់​ជីវចម្រុះ បរិស្ថាន ប្រព័ន្ធ​អេកូ​របស់​ទន្លេមេគង្គ និង​តំបន់​ទន្លេមេគង្គ ដោយ​ត្រូវ​ធានា​ថា​អត្ថប្រយោជន៍​បាន​ដល់​គ្រប់​ប្រទេស​ទាំងអស់​នៃ​តំបន់​ទន្លេមេគង្គ។

តាម​លោក Doan Khac Viet ការ​ប្រើប្រាស់​ធនធាន​ទឹក​ទន្លេមេគង្គ គឺជា​ការ​បាន​មកពី​អាង​ទន្លេមេគង្គ​ដែល​មាន​ជា​និរន្ត​ដល់​ជីវភាព​របស់​សហគមន៍​នៃ​ប្រទេស​ទន្លេមេគង្គ។

អ្នក​សង្កេតការណ៍​ថា មាន​កត្តា​យ៉ាងតិច ៣ នៅ​ពីក្រោយ​កម្ពុជា​ដែល​មាន​ផែនការ​ស្ថាបនា​ព្រែកជីក​ហ្វូណន​តេជោ៖

  1. ទី​មួយ លោក ហ៊ុន សែន ចង់​បង្កើត​ស្នាដៃ​របស់​លោក​នូវ​ឈ្មោះ​ថា ព្រែកជីក​ហ្វូណន​តេជោ។ តេជោ​សម័យ​នេះ​មាន​តែ​តេជោ​សែន​ទេ ដែល​មាន​អំណាច​លើសលប់​បំផុត ប៉ុន្តែ​ហ្វូណន​គឺជា​សម័យកាល​មួយ​នៃ​ការ​ចាប់ផ្ដើម​កកើត​ប្រទេស​កម្ពុជា។
  2. ទី​ពីរ ជា​ការ​តម្រូវ​នៃ​សេចក្ដី​ត្រូវការ​លើ​វិស័យ​កសិកម្ម និង​ជលផល ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​វិស័យ​សេដ្ឋកិច្ច។
  3. ទី​បី មាន​គោលដៅ​វែងឆ្ងាយ​ជាង​នេះ​ទៀត ការ​ងាយ​ចល័ត​កងទ័ព​ចិន បើ​ទ័ព​ចិន​មាន​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា។

ការ​ចល័ត​កងទ័ព​ចិន អាច​កើតមាន​ករណី​មាន​ជម្លោះ​ប្រដាប់​អាវុធ​អាច​កើតមាន​រវាង​កម្ពុជា និង​វៀតណាម តែ​បែប​នេះ​ក្ដី កាលពី​ថ្ងៃទី​៩ មេសា លោក ហ៊ុន សែន ដែល​មាន​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា បាន​ច្រានចោល​ចំពោះ​ការ​លើកឡើង​ទាំងឡាយ​ណា​ដែល​ថា ផែនការ​ជីក​ព្រែកជីក​ហ្វូណន​តេជោ​ដើម្បី​សម្រួល​ការ​ចល័ត​នាវា​ទ័ព​ជើងទឹក​ចិន មក​កាន់​ទន្លេមេគង្គ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​កងទ័ព​បរទេស​តាំង​នៅ​លើ​កម្ពុជា​ដាច់ខាត ទោះ​កងទ័ព​នៃ​ប្រទេស​ណា​ក៏ដោយ ដែល​លោក​ថា នេះ​ជា​ការ​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ លោក​បញ្ជាក់​ទៀត​ថា បើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ដូចនេះ គ្មាន​ទេ​ការ​អនុញ្ញាត​ឱ្យ​ទ័ព​បរទេស​ឈរជើង​នៅ​កម្ពុជា ហើយ​កុំ​សង្ស័យ​ថា​ចិន​មាន​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​កម្ពុជា​ឱ្យ​សោះ។

លោក​បញ្ជាក់​ថា ព្រែកជីក​ហ្វូណន​តេជោ វា​មាន​សារសំខាន់​បំផុត​ទៅ​លើ​វិស័យ​ដឹកជញ្ជូន កសិកម្ម និង​ធារាសាស្ត្រ​ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ប្រកប​មុខរបរ​កសិកម្ម និង​នេសាទ​នៅ​តាម​តំបន់​នៃ​ព្រែកជីក​ហ្វូណន​តេជោ​នេះ ប៉ុន្តែ​ព្រែកជីក​នេះ​ត្រូវ​បាន​គេ​ទម្លាយ​ព័ត៌មាន​ថា ស្ថិត​នៅ​ក្រោម​ប្រាក់កម្ចី​របស់​ចិន ពាន់​លាន​ដុល្លារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស