31 C
Phnom Penh

បទវិភាគ៖ ភូមា​និង​កម្ពុជា​រៀបចំ​បោះឆ្នោត​នៅ​រដូវ​វស្សា​ក្រោម​កំដៅ​ហិង្សា​នយោបាយ​ដូច​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មាន ១០​ប្រទេស។ ប្រទេស​ទាំង​១០ នេះ​មាន​របប​នយោបាយ​ខុស​គ្នា និង​ខ្លះ​ទៀត​ប្រហាក់ប្រហែល​គ្នា។

សម្រាប់​ប្រទេស​វៀតណាម និង​ឡាវ ប្រកាន់​របប​កុម្មុយនីស្ត តែ​ប្រកាន់​របប​ទីផ្សារ​សេរី។ ក្រៅពី​នេះ ប្រទេស​ប្រ៊ុយណេ នៅតែ​ប្រកាន់​របប​រាជាធិបតេយ្យ​ពាក់កណ្ដាល​បុរាណ​នៅឡើយ។ ចំណែក​ប្រទេស​៧ ទៀត ប្រកាន់​របប​សេរី​ពហុបក្ស គឺ​របប​ប្រជាធិបតេយ្យ។

ជា​ការ​កត់សម្គាល់ ប្រទេស​ភូមា​កំពុង​ស្ថិត​នៅ​ក្រោម​របប​សឹក​ដែល​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ បាន​ប្រកាស​បោះឆ្នោត​ថ្នាក់​ជាតិ ឬ​បោះឆ្នោត​សភា និង​ក្រុមប្រឹក្សា​ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេស​នៅ​ខែ​សីហា ឆ្នាំ​២០២៣។ ប្រសិនបើ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក គឺ​ការ​បោះឆ្នោត​នេះ​ចាត់ចែង​ដោយ​របប​សឹក​ជា​លើកដំបូង។

ប្រទេស​នេះ​ធ្លាប់​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ និង​ពហុបក្ស​ពីរ​លើក​មក​ហើយ ប៉ុន្តែ​ការ​បោះឆ្នោត​នោះ​ពុំ​បាន​ធ្វើឡើង​នៅ​រដូវវស្សា​ភ្លៀង​ធ្លាក់​ជោគជាំ និង​ទឹកជំនន់​នោះ​ទេ គឺ​ធ្វើ​ឡើង​នៅ​ដើម​ខែ​វិច្ឆិកា។

ការ​បោះឆ្នោត​ទាំង​ពីរ​លើក គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០១៥ និង​លើក​ទី​២ ឆ្នាំ​២០២០។ ជ័យជម្នះ​បាន​ទៅ​លើ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី តែ​ជ័យជម្នះ​លើក​ទី​២ ត្រូវ​បាន​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ចាប់​ខ្លួន​អ្នកស្រី ស៊ូជី ប្រធានាធិបតី មីន វីយីន និង​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ជាច្រើន​រយ​នាក់។

ក្រោយពី​ប្លន់​អំណាច របប​សឹក​ភូមា​រង​ការ​ថ្កោលទោស​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​ប្រទេស​មួយ​ចំនួន​ក្នុង​សមាគម​អាស៊ាន ហើយ​សូម្បី​អាសនៈ​តំណាង​របស់​របប​សឹក​នេះ​ក៏​ពុំ​មាន​នៅ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

តើ​ការ​បោះឆ្នោត​នេះ​មាន​តម្លៃ​អ្វី​សម្រាប់​របប​សឹក?

គណៈកម្មការ​បោះឆ្នោត​ដែល​របប​សឹក​បង្កើត​ឡើង បាន​ប្រកាស​ថា ការ​បោះឆ្នោត​នេះ គឺជា​ប្រព័ន្ធ​បោះឆ្នោត PR។ ប្រព័ន្ធ​នេះ​ជា​ការ​បោះឆ្នោត​សមាមាត្រ មាន​ន័យ​ថា មិន​មែន​ជា​ការ​បោះឆ្នោត​បែប​ប្រជាមតិ​នោះ​ទេ។

Khin Maung Oo គឺជា​អ្នក​នាំពាក្យ​របស់​ស្ថាប័ន​បោះឆ្នោត​ភូមា​នៃ​របប​សឹក បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៦ មិថុនា ថា មុន​នឹង​សម្រេច​ធ្វើការ​បោះឆ្នោត​នេះ គឺ​ស្ថាប័ន​របស់​លោក​បាន​ជួប​ប្រជុំ​ជាមួយ​បក្ស​នយោបាយ​យ៉ាងតិច ៤​លើក​មក​ហើយ ទើប​ឈាន​ដល់​ការ​ប្រកាស​ពេលវេលា​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​នៅ​ខែ​សីហា ឆ្នាំ​២០២៣។

តាម Khin Maung Oo អាច​មាន​បក្ស​នយោបាយ​ដល់​ទៅ​ជាង ៩០​គណបក្ស​ដែល​បាន​ចុះបញ្ជី​ដើម្បី​ចូលរួម​បោះឆ្នោត ហើយ​បក្ស​ចំនួន​៨៥ បាន​ចុះបញ្ជី​រួចហើយ។ ចំណែក ៨​គណបក្ស​ទៀត​មាន​ទាំង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ កំពុង​ត្រួតពិនិត្យ​ឯកសារ​របស់​បក្ស​នេះ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ភូមា Mizzima។

អ្នក​នាំពាក្យ​របស់​ស្ថាប័ន​បោះឆ្នោត​ភូមា​នៃ​របប​សឹក បាន​អះអាង​ថា ការ​បោះឆ្នោត​នឹង​ធានា​ការ​ស្ដារ​ឡើងវិញ​នូវ​រដ្ឋាភិបាល​ស៊ីវិល តែ​លោក​ព្រមាន​ថា នឹង​មិន​រង់ចាំ​ការ​ដោះស្រាយ​នយោបាយ​ជាមួយ​អ្នកស្រី ស៊ូជី នោះ​ទេ ព្រោះ​អ្នកស្រី​កំពុង​ជាប់​រឿង​ក្ដី​នៅ​តុលាការ។

ទោះជា​បែប​នេះ​ក្តី ពុំ​មាន​ការ​ឆ្លើយតប​ជា​ផ្លូវការ​ពី​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​ឯកភាព​ជាតិ​ប្រឆាំង​របប​សឹក ថា​តើ​ពួកគេ​គាំទ្រ​ការ​រៀបចំ​បោះឆ្នោត​របស់​ស្ថាប័ន​មួយ​ដែល​ក្រោម​អំណាច​បញ្ជា​របស់​របប​សឹក​ដែរ​ឬ​យ៉ាង​ណា។

ប៉ុន្តែ Khine Thuka អ្នក​នាំពាក្យ​សម្រាប់​កងទ័ព​ឯករាជ្យ Arakan បាន​ថ្លែង​ថា វា​គ្មាន​ន័យ​អ្វី​ទេ​ចំពោះ​ការ​បោះឆ្នោត​ដែល​របប​សឹក​ភូមា​រៀបចំ​ឡើង​អំឡុង​ប្រទេស​នៅ​បន្ត​បែកបាក់​ជាតិ និង​ហិង្សា​នយោបាយ​នៅ​ពាសពេញ​ប្រទេស។

ក្រុម​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា របប​សឹក​ភូមា​កំពុង​លេង​ល្បែង​នយោបាយ​ជាមួយ​សហគមន៍​អន្តរជាតិ ព្រោះ​ថា​ការ​បោះឆ្នោត​នោះ​នឹង​ធ្វើឡើង​នៅ​ទី​ងងឹត គឺ​ពុំ​មាន​តម្លាភាព ពុំ​មាន​ការ​បើកចំហ​នយោបាយ​នោះ​ទេ។ មាន​ន័យ​ថា សន្លឹកឆ្នោត​រៀបចំ​ហើយ​ស្រេច ថា​តើ​បក្ស​ណា​ត្រូវ​បាន​អាសនៈ ហើយ​បក្ស​ណា​ត្រូវ​ឈ្នះ​ឆ្នោត។

ហេតុ​អ្វី​បាន​ជា​របប​សឹក​ភូមា​សម្រេច​បោះឆ្នោត​នៅ​ខែ​សីហា ដែល​ជា​រដូវ​ភ្លៀង​ធ្លាក់​ខ្លាំង?

ជា​ការ​កត់សម្គាល់ ប្រទេស​ដែល​ច្រើន​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បែប​បុគ្គល​និយម ឬ​ផ្ដាច់ការ ទោះបីជា​ប្រទេស​នោះ​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ក៏ដោយ តែ​ប្រទេស​នោះ​ច្រើន​តែ​អនុវត្ត​ការ​បោះឆ្នោត​នៅ​រដូវវស្សា​នៅ​ពេល​ដែល​ប្រជាកសិករ​កំពុង​សម្រុក​ដក​ស្ទូង​ធ្វើ​ស្រែ​ចម្ការ។

រដូវវស្សា​ជា​រដូវ​ភ្លៀង ជាពិសេស​គឺ​ដូចជា​ខែ​មិថុនា ខែ​កក្កដា ខែ​សីហា ខែ​កញ្ញា សុទ្ធតែ​ជា​រដូវ​ភ្លៀង​ធ្លាក់​ជោគជាំ ហើយ​មាន​ទឹកជំនន់​ជន់​លិច និង​ព្យុះ​ទៀត​ផង។ ក្រុម​អ្នកជំនាញ​ផ្នែក​កិច្ចការ​បោះឆ្នោត​សកល​មើល​ឃើញ​ថា ការ​ដែល​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​នៅ​រដូវវស្សា គឺជា​ការ​ធ្វើ​ឱ្យ​ប្រជាជន​លំបាក​ជា​ខ្លាំង បើ​ថ្ងៃ​នោះ​ចំ​ថ្ងៃ​ភ្លៀង​ខ្លាំង និង​មាន​ទឹកជំនន់​ទៀត​នោះ គឺ​ការិយាល័យ​បោះឆ្នោត​ជាច្រើន​នៅ​តំបន់​ជន់​លិច​ត្រូវ​បិទ​ទ្វារ គឺ​គេ​ពុំ​អាច​បោះឆ្នោត​នៅ​លើ​ទឹក​បាន​ទេ។

ម្យ៉ាង​ទៀត អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា បើ​ស្ថាប័ន​បោះឆ្នោត​នោះ​នៅ​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់​អំណាច គឺ​ការ​បោះឆ្នោត​នៅ​រដូវវស្សា​នេះ​វា​ដូចជា​ការ​បោះឆ្នោត​ក្នុង​ទី​ងងឹត​យ៉ាង​ដូច្នេះ ព្រោះ​ប្រជាជន​ចេញ​ទៅ​បោះឆ្នោត​ក៏​អាច​មាន​ចំនួន​តិច ប្រសិនបើ​ពួកគេ​មិន​ប្រាកដ​ប្រជា​ក្នុង​ការ​ទៅ​បោះឆ្នោត​ដើម្បី​ឱ្យ​បក្ស​ណា​មួយ​នោះ។

មួយ​វិញ​ទៀត ភាព​ងងឹត​វា​អាច​កើតមាន គឺ​ការ​បន្លំ​សន្លឹកឆ្នោត​នៅ​ពេល​នោះ ព្រោះ​ការ​ដឹក​ហិប​ឆ្នោត​មាន​ផលវិបាក​ចំពោះ​អ្នក​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ និង​សង្កេតការណ៍​ជាតិ ឬ​អន្តរជាតិ។

ទីបំផុត បើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នោះ​នៅ​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច គឺ​មាន​តែ​ជួយ​បំពេញ​បន្ថែម​ទៅ​ឱ្យ​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

ករណី​នេះ គេ​សង្កេត​ឃើញ​មាន​រាជាណាចក្រ​កម្ពុជា​ផង​ដែរ​ដែល​ឆ្លងកាត់​ការ​បោះឆ្នោត​ច្រើន​អាណត្តិ​មក​នេះ គឺ​ទាំង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កន្លងទៅ​ថ្មីៗ​នេះ និង​ការ​បោះឆ្នោត​សភា គឺ​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​នៅ​រដូវវស្សា​ដែល​ភ្លៀង​កំពុង​ធ្លាក់​ជោគជាំ។

ការ​បោះឆ្នោត​នៅ​ភូមា ខែ​សីហា និង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​ខុស​គ្នា​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ គឺ​សុទ្ធតែ​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​កិច្ចការ​បោះឆ្នោត​មើល​ឃើញ​ថា ជា​ព្រឹត្តិការណ៍​បង្ក​ឱ្យ​មាន​ការ​លំបាក​ដល់​ប្រជាជន​ដែល​ចេញ​ទៅ​បោះឆ្នោត បើ​ថ្ងៃ​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង មាន​ព្យុះ មាន​ទឹកជំនន់។ ការ​បោះឆ្នោត​នៅ​ប្រទេស​ភូមា ឆ្នាំ​ក្រោយ​នេះ ក៏​កើត​ទន្ទឹម​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា គឺ​ចំ​ពេល​ដែល​ហិង្សា​នយោបាយ​នៅតែ​ត្រូវ​បាន​មើល​ឃើញ​ថា​កើតមាន​ទៅ​លើ​ក្រុម​គណបក្ស​ប្រឆាំង។

នេះ​បើ​ពុំ​អាច​រក​ដំណោះស្រាយ​ឱ្យ​ទាន់​ពេលវេលា​ទៀត​នោះ បើ​ដូចនេះ​ការ​បោះឆ្នោត​នេះ​ទំនង​មិន​ទទួល​បាន​ការ​ចូលរួម​សង្កេតការណ៍​ដោយ​ក្រុម​អ្នក​សង្កេតការណ៍​ដែល​មាន​ឯកទេស​ខាង​កិច្ចការ​បោះឆ្នោត​ត្រឹមត្រូវ និង​ឯករាជ្យ​នោះ​ទេ។ ជា​រួម​ទៅ ការ​បោះឆ្នោត​គេ​ច្រើន​តែ​ធ្វើឡើង​នៅ​រដូវប្រាំង ឬ​ក៏​យ៉ាងហោចណាស់​ដើម​ខែ​រដូវវស្សា​ប៉ុណ្ណោះ។ នេះ​សម្រាប់​ប្រទេស​ដែល​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព។

នៅ​រាជាណាចក្រ​ថៃ គេ​បាន​កំណត់​ការ​បោះឆ្នោត​នៅ​ខែ​មីនា គឺជា​ចុង​រដូវ​ប្រាំង ដែល​ពុំ​បង្ក​ការ​លំបាក​ដល់​ប្រជាជន​ដោយសារតែ​ទឹក​ភ្លៀង​ជន់​លិច​ការិយាល័យ​បោះឆ្នោត ឬ​រាំងស្ទះ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​នោះ​ទេ។ ប្រទេស​ថៃ នឹង​រៀបចំ​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​នៅ​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស