29.6 C
Phnom Penh

កម្មករ​រោងចក្រ​ឃែនធើរេន​ស្នើ​ឲ្យ​លោក ហ៊ុន សែន អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​រោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (Canteran Apparel Cambodia) ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​ក្រសួង​ការងារ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ករណី​ថៅកែ​បិទ​រោងចក្រ​ដោយ​មិន​ទូទាត់​ប្រាក់​ជំពាក់​កម្មករ​ប្រមាណ ៧០​ម៉ឺន​ដុល្លារ។

ការ​ដាក់​ញត្តិ​របស់​ក្រុម​កម្មករ​ទាំងនេះ បាន​ធ្វើឡើង​បន្ទាប់ពី​រោងចក្រ​នេះ​បាន​បិទ​ទ្វារ​លែង​ដំណើរការ និង​បាន​ដឹក​សម្ភារ​ខ្លះ​ចេញពី​រោងចក្រ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កាលពី​ខែ​មេសា ឆ្នាំ​២០២២ ដោយ​ពុំ​បាន​ទូទាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​និយោជិត។

លោកស្រី អ៊ុំ យ៉ាន់ ដែល​ធ្វើការ​នៅ​រោងចក្រ​នេះ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ថៅកែ​រោងចក្រ​បាន​បិទ​ទ្វារ​ដោយ​មិន​បាន​ជូនដំណឹង​ហើយ ក៏​មិន​បាន​ទូទាត់​ប្រាក់​អតីតភាព រួម​ទាំង​ប្រយោជន៍​ផ្សេងៗ​ទៀត​ជូន​កម្មករ។ លោកស្រី​ស្នើ​ទៅ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ចំពោះ​រឿង​នេះ ដោយ​ថា​បច្ចុប្បន្ន ពួកគាត់​គ្មាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​ក៏​គ្មាន​ប្រាក់​សម្រាប់​បង់​ធនាគារ និង​បង់​សាលា​ឲ្យ​កូន​រៀន​នោះ​ដែរ។

ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា លោក ព្រុំ ប៊ុនថន បាន​លើកឡើង​ថា ការ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ក្រសួង​ការងារ​នៅតែ​មិន​ដោះស្រាយ​ឱ្យ​កម្មករ​ដែល​ជួប​ការ​លំបាក​ខ្លាំង។

លោក​បង្ហាញ​ការ​ខកចិត្ត​ដែល​ក្រសួង​ការងារ​នៅតែ​ពន្យារ​ពេល​ដោះស្រាយ និង​ការ​ចាត់​វិធានការ​លើ​ថៅកែ​រោងចក្រ ឃែនធើរេន ដែល​ទៅ​បើក​រោងចក្រ​ថ្មី ប៉ុន្តែ​មិន​ទូទាត់​ប្រាក់ និង​អត្ថប្រយោជន៍​ជូន​កម្មករ។

លោក ព្រុំ ប៊ុនថន បន្ត​ថា កាលណា​ក្រសួង​នៅតែ​មិន​ដោះស្រាយ ដោយ​ធ្វើ​មិន​ដឹង​មិន​ឮ​បែប​នេះ វា​បង្ហាញ​ពី​គំរូ​មិន​ល្អ និង​ជា​ការ​ជំរុញ​ឱ្យ​ថៅកែ​រោងចក្រ​ផ្សេងៗ​ទៀត​ធ្វើតាម​ផង​ដែរ។ លោក​បញ្ជាក់​ថា ថៅកែ​រោងចក្រ ឃែនធើរេន ជំពាក់​បំណុល​ក្រុម​កម្មករ​ខ្ទង់ ៧០​ម៉ឺន​ដុល្លារ ខណៈ​ថៅកែ​រោងចក្រ​នេះ​បាន​បិទ​រោងចក្រ​ចាស់ ហើយ​រត់​ទៅ​បើក​រោងចក្រ​ថ្មី។ ទោះបីជា​ថៅកែ​រោងចក្រ​បាន​ដឹក​សម្ភារ ដើម្បី​យក​ទៅ​បើក​នៅ​កន្លែង​ថ្មី​ក៏ដោយ ប៉ុន្តែ​ក្រសួង​ការងារ​មិន​មាន​ចំណាត់ការ​អ្វី​លើ​ថៅកែ​ឡើយ។

ក្រោយពី​រោងចក្រ​បិទ​ទ្វារ​នោះ កម្មករ​កម្មការិនី​នៅ​រោងចក្រ ឃែនធើរេន បាន​នាំគ្នា​តវ៉ា និង​ដាក់​វេន​គ្នា​ដេក​យាម​មុខ​រោងចក្រ​ជិត ២​ខែ​មក​ហើយ ដើម្បី​ការពារ​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារ​ផ្សេងៗ​ចេញពី​រោងចក្រ និង​ទាមទារ​ឱ្យ​ថៅកែ​ចេញ​មុខ​ដោះស្រាយ​សំណង​ជូន​ពួកគេ​តាម​ផ្លូវ​ច្បាប់។

បើ​តាម​សហជីព​កន្លងមក ពួកគេ​ធ្លាប់​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ក្រសួង​ការងារ ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា និង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​សុំ​អន្តរាគមន៍​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​នេះ ប៉ុន្តែ​រហូត​ពេលនេះ​នៅតែ​ពុំ​មាន​ដំណោះស្រាយ​ណា​មួយ​ឡើយ ហើយ​ពួកគេ​កំពុង​ពិភាក្សា​ជាមួយ​មេធាវី​ដើម្បី​ប្តឹង​ករណី​នេះ​ទៅ​តុលាការ​បន្ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស