29.6 C
Phnom Penh

ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​នឹង​ត្រូវ​ធ្វើ​៣​ដំណាក់កាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា បាន​កំណត់​កាលវិភាគ​នៃ​ការ​ចរចា​អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៣ ដែល​នឹង​ត្រូវ​ធ្វើឡើង​ជា ៣​ដំណាក់កាល​ក្នុង​ឆ្នាំ​២០២២ នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​កាលវិភាគ​នៃ​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ នឹង​ត្រូវ​ធ្វើ​ឡើង​ជា ៣​ដំណាក់កាល ក្នុង​នោះ​ខែ​កក្កដា ឆ្នាំ​២០២២ គឺ​ត្រូវ​ចាប់ផ្តើម​ការ​ពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ។

ចំណែក​ខែ​សីហា ឆ្នាំ​២០២២ ជា​ការ​ចាប់ផ្តើម​ការ​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី និង​ត្រីភាគី ខណៈ​ខែ​កញ្ញា ឆ្នាំ​២០២២ ដដែល នឹង​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៣ ដែល​នឹង​ត្រូវ​ចូល​ជាធរមាន​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣ តែម្តង។

លោក អ៊ិត សំហេង បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នេះ គ្រប់​ភាគី​ទាំងអស់​ត្រូវ​ប្រើប្រាស់​ទិន្នន័យ​ផ្លូវការ​ស្រប​ច្បាប់ និង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយ​យោង​លើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម គឺ​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច គឺ​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស និង​ស្ថានភាព​ទីផ្សារ​ការងារ ជាដើម ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា និង​ទទួល​បាន​គោល​ជំហរ​រួម​មួយ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​នៅតែ​ជា​បញ្ហា​ចម្បង ព្រោះ​ថា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​មិន​អាច​ធានា​នូវ​ជីវភាព​កម្មករ​និយោជិត​ឲ្យ​អាច​រស់នៅ​ក្នុង​ភាព​សមរម្យ និង​ថ្លៃថ្នូរ​បាន​នៅ​ឡើយ​ទេ។

លោក ឃុន ថារ៉ូ ជំរុញ​ឲ្យ​សហជីព​ឯករាជ​ព្យាយាម​ផ្សព្វផ្សាយ​ពី​គោលការណ៍​ក្នុង​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅ​ដល់​កម្មករ​និយោជិត​ឲ្យ​មាន​ការ​យល់ដឹង​កាន់តែ​ច្រើន ដើម្បី​ឲ្យ​កម្មករ​និយោជិត​ទាំងនោះ​នាំគ្នា​ចូលរួម​ទាមទារ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​កម្រិត​សមរម្យ​ដែល​អាច​ធានា​នូវ​ជីវភាព​រស់នៅ​សមរម្យ​របស់​ពួកគាត់​ទៅ​ថ្ងៃ​មុខ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ សហជីព​ឯករាជ្យ​នៅ​កម្ពុជា​មាន​ចំនួន​តិច​ជាង​សហជីព​ដែល​មាន​និន្នាការ​ទៅ​ខាង​រដ្ឋាភិបាល ដូច្នេះ​ការ​ចូលរួម​ទាមទារ​របស់​កម្មករ​និយោជិត​ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​នេះ គឺជា​រឿង​សំខាន់​ណាស់។ ជាង​នេះ​ទៀត ឆ្នាំ​២០២២ នេះ គឺជា​ឱកាស​ល្អ​មួយ​សម្រាប់​កម្មករ​និយោជិត និង​សហជីព​ឯករាជ្យ​ទាំងអស់ ព្រោះ​ថា ឆ្នាំ​២០២៣ គឺជា​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ជាតិ​បាន​មក​ដល់។ ដូច្នេះ កម្មករ​និយោជិត និង​សហជីព គួរតែ​នាំគ្នា​លើកឡើង​ពី​បញ្ហា​របស់​ខ្លួន​ទៅកាន់​គណបក្ស​នយោបាយ ជាពិសេស​បក្ស​កាន់​អំណាច​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ។

កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ចំនួន ២​ដុល្លារ​អាមេរិក ដូច្នេះ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កម្ពុជា​ដែល​ទទួល​បាន គឺ​មាន​ចំនួន ១៩៤​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែៗ​សម្រាប់​កម្មករ​ម្នាក់​ក្នុង​ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស