36 C
Phnom Penh

បទវិភាគ៖ តើ​បក្ស​ភ្លើង​ទៀន​អាច​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​ភ្លើង​ទៀន គឺ​លោក សុន ឆ័យ ធ្លាប់​អះអាង​ថា ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប ធ្លាប់​ប្រាប់​រូបលោក​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​តាំង​ពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ។ ការ​លើកឡើង​នេះ គឺ​អាច​ជា​ការ​ចង់​បញ្ជាក់​ថា ការ​ចូលរួម​ការ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើង​ទៀន គឺជា​រឿង​ត្រឹមត្រូវ ដោយ​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ផង​ដែរ។

ប៉ុន្តែ​ការ​លើកឡើង​របស់​លោក សុន ឆ័យ ហាក់ដូចជា​ខុសពី​ការពិត​នៃ​ជំហរ​សហគមន៍​អន្តរជាតិ។

នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ នេះ សហគមន៍​អឺរ៉ុប បាន​ព្រមាន​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក ហ៊ុន សែន មិន​ទម្លាក់​ការ​ចោទប្រកាន់​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​មាន​បក្ស​ប្រឆាំង​ដែល​ជឿ​ទុកចិត្ត​បាន​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។ តំណាង​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​បញ្ជាក់​ជំហរ​ថា ខ្លួន​មិន​មាន​ផែនការ​ដាក់​អ្នក​សង្កេតការណ៍​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នោះ​ទេ។

តើ​បក្ស​ភ្លើង​ទៀន​អាច​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ឬ​ទេ?

នរណា​ក៏​ដឹង​ដែរ​ថា អ្នក​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​បាន​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ នេះ។

អ្នក​សង្កេតការណ៍​ជាច្រើន​និយាយ​ថា ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ នេះ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ​ដ៏​អាប់អួរ។ សហគមន៍​អន្តរជាតិ និង​ក្រុម​សង្គម​ស៊ីវិល​នៃ​ប្រទេស​កម្ពុជា បាន​បង្ហាញ​ការ​មិន​ឱ្យ​តម្លៃ​ចំពោះ​ការ​បោះឆ្នោត​នោះ​ទេ។

កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា កន្លងទៅ​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់​ជំហរ​ថា ពួកគេ​នឹង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍ តែ​មិន​ធ្វើការ​វាយតម្លៃ​លើ​លទ្ធផល​នៃ​ដំណើរការ​បោះឆ្នោត​នោះ​ទេ។ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​ទំនង​ជា​ចង់​បង្ហាញ​ថា លទ្ធផល​នៃ​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា កន្លងទៅ​នេះ ត្រូវ​បាន​គេ​កំណត់​លទ្ធផល​រួច​ជា​ស្រេច​ទៅ​ហើយ។

តំណាង​សហគមន៍​អឺរ៉ុប បាន​ប្រកាស​កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ថា ពួកគេ​បាន​បញ្ជាក់​ជូន​លោក ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប ថា ពួកគេ​មិន​បាន​ស្នើសុំ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ក្នុង​ដំណើរការ​បោះឆ្នោត​នោះ​ទេ។ នេះ​មាន​ន័យ​ថា គេ​ទុក​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​គិត​ខ្លួនឯង​ចុះ ព្រោះ​គេ​មិន​អាច​បង្រៀន​យើង​ពី «ក» ដល់ «អ» ទេ។ ម្យ៉ាង​ទៀត រឿង​នេះ​ជា​រឿង​ខ្មែរ។ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​មាន​ទស្សនៈ​ផ្ទុយ​ពី​ជំហរ​របស់​ក្រុម​អ្នក​ឯករាជ្យ និង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ​ទៅវិញ។

គណបក្ស​ភ្លើង​ទៀន​សម្រេច​ចិត្ត​បោះបង់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នោះ។ ថ្វីបើ​ការ​ចូលរួម​បោះឆ្នោត​នោះ​ត្រូវ​បាន​គេ​រិះគន់​ថា​ជា​ទង្វើ​ក្បត់​នឹង​ឆន្ទៈ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ប៉ុន្តែ​ក្រុម​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​នេះ​នៅតែ​ប្រើប្រាស់​រូបភាព និង​តម្លៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។

ជាក់ស្តែង លោក សម រង្ស៊ី និង​ក្រុម​របស់​លោក​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស បាន​អះអាង​ថា ខ្លួន​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​កំពុង​ធ្វើ​សកម្មភាព​ឃោសនា​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ទៅវិញ។ លោក សម រង្ស៊ី និង​ក្រុម​របស់​លោក​តែងតែ​បង្ហាញ​សញ្ញា​ភ្លើង​ទៀន​នៅ​គ្រប់​កម្មវិធី​របស់​លោក​ក្នុង​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី បន្ទាប់ពី​គណបក្ស​នេះ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់​រួច​មក។ ដូច​អ្នក​ដទៃ​ទៀត​ក្នុង​ក្រុម​របស់​លោក សម រង្ស៊ី មាន​អ្នកស្រី មូរ សុខហួរ ជាដើម ក៏​បាន​បង្ហោះ​សកម្មភាព​ឃោសនា​បោះឆ្នោត​នៃ​គណបក្ស​ភ្លើង​ទៀន ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​អ្នកស្រី​កាលពី​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ដែរ។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក សម រង្ស៊ី និង​ក្រុម​របស់​លោក​កំពុង​ប្រកាស​ថា ពួកគាត់​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ។

អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា ទង្វើ​ដូច្នេះ​ជា​ការ​ជួយ​ដល់​អ្នក​ប្រជាធិបតេយ្យ​ដូច​គ្នា​មិន​ប្រកាន់​បក្ស ខណៈ​ខ្លួន​មិន​អាច​ចូលរួម​បាន។ អ្នក​សង្កេតការណ៍​ខ្លះ​ទៀត​ថា​ទង្វើ​ដូច្នេះ​ជា​ទង្វើ​លាក់ពុត បំភ័ន្ត​ភ្នែក។

ដូច្នេះ​មាន​ន័យ​ថា រូបភាព​គណបក្ស​សង្គ្រោះ​ជាតិ គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួកគេ។ ក្នុង​ន័យ​នេះ ការ​ភ្ជាប់​ខ្លួន​គាត់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ភ្ជាប់​រូបភាព​របស់​អ្នកស្រី​ជាមួយ​គណបក្ស​ភ្លើង​ទៀន គឺ​មាន​ប្រយោជន៍​សម្រាប់​គណបក្ស​ភ្លើង​ទៀន។ លើស​ពី​នេះ​ទៅ​ទៀត គណបក្ស​ភ្លើង​ទៀន ក៏​ព្យាយាម​បង្កើត​រូបភាព និង​តម្លៃ​របស់​ខ្លួន​ឲ្យ​ស្រដៀង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

ក្នុង​សកម្មភាព​យុទ្ធនាការ​បោះឆ្នោត​ឃុំ-សង្កាត់​នោះ គណបក្ស​ភ្លើង​ទៀន​បាន​បង្កើត​គោល​នយោបាយ ៧​ចំណុច និង​ប្រើប្រាស់​សម្ភារៈ​ឃោសនា​ស្រដៀងៗ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

តើ​គណបក្ស​ភ្លើង​ទៀន​អាច​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ?

អ្នកវិភាគ​បញ្ហា​សង្គម​មួយ​រូប គឺ​លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា គណបក្ស​ភ្លើង​ទៀន​មិន​អាច​ប្រៀប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​យន្តការ​នៃ​ការ​ប្រមូលផ្ដុំ​កម្លាំង​សរុប​រវាង​គណបក្ស​សិទ្ធិមនុស្ស​នៃ​ភាគី​លោក កឹម សុខា និង​គណបក្ស សម រង្ស៊ី នៃ​ភាគី​លោក សម រង្ស៊ី រួម​ទាំង​បញ្ញវន្ត​ដែល​មិន​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ឯ​ទៀត​ផង។ រីឯ​គណបក្ស​ភ្លើង​ទៀន​បច្ចុប្បន្ន​ដែល​ប្តូរ​ពី​ឈ្មោះ​គណបក្ស សម រង្ស៊ី នោះ គឺជា​តំណាង​ឲ្យ​តែ​ភាគី​លោក សម រង្ស៊ី ម្ខាង​ប៉ុណ្ណោះ។

តើ​យុទ្ធវិធី​នេះ​អាច​យក​ជ័យជម្នះ​ពី​មេដឹកនាំ​ផ្ដាច់ការ​បាន​ទេ?

ការ​សង្កេត​របស់​លោក គឹម សុខ អាច​មាន​ហេតុផល​សមរម្យ។ ជា​សក្ខីភាព គេ​សង្កេត​ឃើញ​មាន​តែ​មនុស្ស​ខាង​លោក សម រង្ស៊ី ប៉ុណ្ណោះ​ដែល​បាន​ចេញ​មុខ​ចូលរួម​ដឹកនាំ និង​ធ្វើ​សកម្មភាព​នយោបាយ​ក្នុង​គណបក្ស​ភ្លើង​ទៀន។ ដូច្នេះ បើ​ប្រៀបធៀប​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ភ្លើង​ទៀន​គឺជា​កម្លាំង​តែ​មួយ​ចំណែក​ដែល​បំបែក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រៅពី​អ្វី​ដែល​លោក គឹម សុខ បាន​លើកឡើង​មក​ខាងលើ​នេះ គេ​អាច​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺជា​និមិត្តរូប​នៃ​ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ។ រីឯ​គណបក្ស​ភ្លើង​ទៀន មាន​រូបភាព​ជា​អ្នក​បំបែក​ចលនា​រួបរួម​អ្នក​ប្រជាធិបតេយ្យ​ទៅវិញ។ ដូច្នេះ នេះ​ក៏​ជា​ចំណុច​មួយ​ដែល​បក្ស​ភ្លើង​ទៀន មិន​អាច​ប្រៀប​បាន​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

បើ​អ៊ីចឹង តើ​គួរ​នាំគ្នា​រង់ចាំ​បក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​ដែល​មិន​ដឹង​ជា​ថ្ងៃ​ណា​នោះ ឬ​ដូចម្តេច?

ជាទូទៅ សាធារណជន​ខ្មែរ អ្នក​នយោបាយ​ខ្មែរ ដោយ​រួម​ទាំង​លោក សម រង្ស៊ី ផង និង​សហគមន៍​អន្តរជាតិ សុទ្ធតែ​យល់​ថា​ការ​រួបរួម​នៃ​កម្លាំង​នយោបាយ​នៅ​ក្រៅ​គណបក្ស​កាន់​អំណាច គឺជា​ផ្លូវ​តែ​មួយ​គត់​ដែល​នឹង​អាច​យក​ឈ្នះ​របប​លោក ហ៊ុន សែន បច្ចុប្បន្ន។

ដោយសារ​មូលហេតុ​នេះ​ហើយ​ទើប​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើតឡើង​ពី​ការ​រួបរួម​ក្រុម​អ្នក​នយោបាយ​ប្រឆាំង បាន​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​យ៉ាង​ត្រចះត្រចង់​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧។ ផ្លូវ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ផ្លូវ​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ ដើម្បី​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន តាមរយៈ​ការ​បោះឆ្នោត។ រីឯ​ផ្លូវ​គណបក្ស​ភ្លើង​ទៀន​វិញ គឺ​ផ្ទុយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​ឃ្លាំមើល​និយាយ​ថា ផ្លូវ​គណបក្ស​ភ្លើង​ទៀន អាច​ជា​ផ្លូវ​ឈាន​ទៅ​រក​ការ​បំបែក​បំបាក់​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​កំដរ​អំណាច​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ នេះ​ជា​ចំណុច​ខុស​គ្នា​មួយ​ទៀត​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើង​ទៀន។ មន្ត្រី​ខាង​បក្ស​សិទ្ធិមនុស្ស ដែល​រួបរួម​គ្នា​បង្កើត​បក្ស​សង្គ្រោះ​ជាតិ ក៏​បែក​ចេញ​ទៅ​បង្កើត​បក្ស​នយោបាយ​ជាច្រើន​ផ្សេងៗ​រៀងៗ​ខ្លួន ហើយ​សុទ្ធតែ​និយាយ​អំពី​បំណង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ។

ចំណុច​នេះ​ក៏​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​លោក សម រង្ស៊ី បាន​ធ្វើ​ក្នុង​ឆ្នាំ​២០០៨ ដែរ។ កាលណោះ លោក សម រង្ស៊ី បាន​បែក​ចេញពី​គណបក្ស​សិទ្ធិមនុស្ស ដោយ​ដឹកនាំ​សមាជិក​សភា​ជាប់​ឆ្នោត​ខាង​គណបក្ស សម រង្ស៊ី ទាំងអស់​ទៅ​ចូលរួម​ប្រជុំ​ប្រកាស​សុពលភាព​រដ្ឋសភា​នា​ថ្ងៃ​ដំបូង ដើម្បី​ឲ្យ​សម​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

បើ​គេ​ពិនិត្យ​មើល​សកម្មភាព​នៃ​យុទ្ធនាការ​គណបក្ស​ភ្លើង​ទៀន​បច្ចុប្បន្ន​នេះ ក៏​មាន​ភាព​ខុស​គ្នា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

ក្នុង​ចំណោម​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ គេ​សង្កេត​ឃើញ​គណបក្ស​ភ្លើង​ទៀន មាន​អ្នក​ចូលរួម​ដង្ហែ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ច្រើន​ជាងគេ ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ដែល​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​គណបក្ស​ភ្លើង​ទៀន គឺ​សុទ្ធតែ​ជា​សកម្មជន​ដែល​ត្រូវ​បាន​គេ​រៀបចំ​ឡើង គឺ​ពុំ​មាន​ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​ពលរដ្ឋ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។

ដូច្នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា គណបក្ស​ភ្លើង​ទៀន មិន​អាច​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ ហើយ​ថែមទាំង​ជា​គណបក្ស​ដែល​កំពុង​ដើរ​ផ្ទុយ​ពី​ស្មារតី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ផង ឬ​គេ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា ដំណើរ​គណបក្ស​ភ្លើង​ទៀន គឺជា​ដំណើរ​ផ្តាច់​ដង្ហើម​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បំណង​ប្រាថ្នា​របស់​លោក ហ៊ុន សែន។

បទវិភាគ​នេះ​ជា​ទស្សនៈ​អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស មិន​ឆ្លុះបញ្ចាំង​អំពី​មតិ ទស្សនៈ ឬ​ជំហរ​សារព័ត៌មាន The Cambodia Daily នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស