29 C
Phnom Penh

លោក ហ៊ុន សែន៖ យូណេស្កូ​កំពុង​ធ្វើ​ការងារ​លើក​កម្ពស់​ការ​អប់រំ​បរិស្ថាន​និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា អង្គការ​យូណេស្កូ (UNESCO) កំពុង​ធ្វើ​ការងារ​នៅ​ក្រោម​ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​កម្ពុជា ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​អប់រំ​វិទ្យាសាស្ត្រ ដើម្បី​ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ដ៏​ត្រឹមត្រូវ​មួយ​ប្រកប​ដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០ ខាងមុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដោយ​អបអរ​សាទរ​ខួប​លើក​ទី​៧១​ឆ្នាំ​ដែល​កម្ពុជា​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ (UNESCO) កាលពី​ពេល​កន្លងទៅ​ថា វា​គឺជា​ឧបករណ៍​មួយ​ដែល​អាច​ឱ្យ​កម្ពុជា​ដាក់​បញ្ចូល​នូវ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​មួយ​ចំនួន​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​អាច​បញ្ចៀស​នូវ​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិតខាង​ទៅ​ថ្ងៃ​អនាគត ដូចជា​ប្រាសាទ​ព្រះវិហារ ជាដើម។

លោក ហ៊ុន សែន អះអាង​ថា អង្គការ​យូណេស្កូ​គឺជា​ផ្នែក​មួយ​របស់​អង្គការ​សហប្រជាជាតិ ធ្វើការ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អប់រំ​វិទ្យាសាស្ត្រ​ក្នុង​ការ​រក្សា​នូវ​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​ពិភពលោក ដោយ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​តាមរយៈ​នៃ​ការ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ទំនាក់ទំនង ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​អបអរ​សាទរ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ អស់​រយៈពេល ៧១​ឆ្នាំ និង​ដាក់​បញ្ចូល​ទ្រព្យសម្បត្តិ​ជាតិ​កម្ពុជា​ជា​បន្តបន្ទាប់​នា​ពេល​កន្លងមក​នេះ។

កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ (UNESCO) កាល​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​១៩៥១ និង​ចូល​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​២០០៩ ផង​ដែរ ក្នុង​នោះ​ទ្រព្យសម្បត្តិ​កម្ពុជា​មួយ​ចំនួន​ក៏​ត្រូវ​បាន​ចុះបញ្ជី​ចូល​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ជា​បន្តបន្ទាប់ ដូចជា​ប្រាសាទ​អង្គរ ត្រូវ​បាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២ ប្រាសាទ​ព្រះវិហារ​នៅ​ឆ្នាំ​២០០៨ និង​តំបន់​ប្រាសាទ​សំបូរព្រៃគុក នៅ​ឆ្នាំ​២០១៧ ជាដើម។

ដោយឡែក​សម្បត្តិ​វប្បធម៌​អរូបិយ​របស់​កម្ពុជា​ចំនួន ៥ ទៀត ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​យូណេស្កូ​ផង​ដែរ រួម​មាន​ល្ខោនខោល​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​២០១៨ ចាប៉ី​ដង​វែង​នៅ​ឆ្នាំ​២០១៦ ល្បែង​ទាញព្រ័ត្រ​នៅ​ឆ្នាំ​២០១៥ របាំ​ព្រះរាជ​ទ្រព្យ​នៅ​ឆ្នាំ​២០០៨ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​នៅ​ឆ្នាំ​២០០៨ ប៉ុន្តែ​ក្បាច់គុន​ល្បុក្កតោ អង្គការ​យូណេស្កូ​កំពុង​ពិចារណា​ដើម្បី​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​អរូបិយ​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២២ ថា រយៈពេល​ពីរ​សប្តាហ៍​ដើម​ខែ​កក្កដា មាន​ថ្ងៃ​ខួប​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​នៅ​កម្ពុជា​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅ​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​១៩៥១ កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ។ ចំណែក​ថ្ងៃទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺជា​ថ្ងៃ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ដែល​បង្ក​ឡើង​ដោយ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​បាន​បង្ក្រាប​លើ​កងទ័ព​រាជា​និយម​ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​អយុត្តិធម៌។

ដោយឡែក​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ គឺជា​ថ្ងៃ​ដែល​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ ដែល​គេ​ចាត់ទុក​ថា​ជា​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ ហើយ​ក៏​ជា​ឃាតកម្ម​ដូច​អ្នក​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​មុនៗ​ដែរ ដូចជា​លោក ឈុត វុទ្ធី លោក ជា វិជ្ជា ព្រះ​ភិក្ខុ សំ ប៊ុនធឿន និង​នាដ​ការី​របាំ​ព្រះរាជ​ទ្រព្យ អ្នកនាង ពិសិដ្ឋ ពីលិកា ជាដើម ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​រក​មុខ​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​រហូត​ដល់​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០០៩ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា ការ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក គឺជា​មោទកភាព​យ៉ាង​ធំធេង​របស់​ខ្លួន ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ និង​កិត្យានុភាព​របស់​កម្ពុជា​កាន់តែ​លេចធ្លោ​ខ្ពស់​ត្រដែត​លើ​ឆាក​អន្តរជាតិ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស