29 C
Phnom Penh

ប្រធានាធិបតី​ស្រីលង្កា​ដែល​ត្រូវ​ពលរដ្ឋ​ទាញ​ទម្លាក់​ពី​អំណាច​រត់​ភៀសខ្លួន​ទៅ​កោះ​ម៉ាល់ឌីវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ប្រទេស​ស្រីលង្កា ដែល​ត្រូវ​ពលរដ្ឋ​ទាញ​ទម្លាក់​ពី​អំណាច គឺ​លោក Gotabaya Rajapaksa បាន​រត់​ទៅ​ដល់​ដែន​កោះ​ម៉ាល់ឌីវ ហើយ​កាលពី​រសៀល​ថ្ងៃទី​១២ ខែ​កក្កដា តាម​ជើង​យន្តហោះ​របស់​កងទ័ព​ស្រីលង្កា។

កាលពី​យប់​ថ្ងៃ​ច័ន្ទ ទី​១២ កក្កដា លោក Gotabaya Rajapaksa និង​សហការី គ្រួសារ​របស់​គាត់​ជាង ១០​នាក់ បាន​រត់​ភៀសខ្លួន​តាម​ជើង​យន្តហោះ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត តែ​ត្រូវ​បាន​បុគ្គលិក​យន្តហោះ និង​ប៉ូលិស​អន្តោប្រវេសន៍​ឃារឃាំង​លោក​មិន​ឲ្យ​ឡើង​យន្តហោះ​នោះ​ឡើយ ហើយ​ក្រោយ​មក លោក​បាន​ភៀសខ្លួន​ចេញពី​ព្រលាន​យន្តហោះ​នោះ​តាម​រថយន្ត​យោធា។

មន្ត្រី​អាកាសយានដ្ឋាន​មួយ​រូប​បាន​ឲ្យ​ដឹង​ថា លោក Gotabaya Rajapaksa បាន​សំដៅ​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ជើងទឹក​មួយ​កន្លែង​នៅ​ជាយក្រុង​កូឡុំបូ ហើយ​ក្រោយ​មក លោក​និង​គ្រួសារ រួម​ទាំង​អង្គរក្ស​ពីរ​នាក់​បាន​ឡើង​ជិះ​យន្តហោះ​យោធា​មួយ​គ្រឿង​ទៅ​កាន់​កោះ​ម៉ាល់ឌីវ​នៃ​មហាសមុទ្រ​ឥណ្ឌា បន្ទាប់ពី​ឥណ្ឌា មិន​ឲ្យ​យន្តហោះ​នោះ​ចុះ​ចត។

តែ​យ៉ាងនេះ​ក្ដី មន្ត្រី​កោះ​ម៉ាល់ឌីវ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន BBC ថា លោក Gotabaya និង​គ្រួសារ​មិន​ទាន់​ឃើញ​ទៅ​ដល់​ដែន​កោះ​នេះ​នៅឡើយ​ទេ។

តាម​សារព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា លោក Gotabaya និង​គ្រួសារ​របស់​លោក​ត្រូវ​ចាកចេញ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ឬ​ក៏​ប្រទេស​អារ៉ាប់​អ៊ីមេរ៉េត ប៉ុន្តែ​គាត់​ពុំ​អាច​ឡើង​ជិះ​យន្តហោះ​បាន​នោះ​ទេ គឺ​គាត់​បាន​ខក​ជើង​យន្តហោះ​រហូត​ដល់ ៤​ដង ដោយសារតែ​សន្តិសុខ និង​បុគ្គលិក​យន្តហោះ​មិន​អនុញ្ញាត​ឲ្យ​គាត់​ឡើង​ជិះ។

បើ​តាម​ដំណឹង​មក​ថា លោក Gotabaya បាន​ព្យាយាម​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដែរ ពីព្រោះ​បុរស​រូប​នេះ និង​គ្រួសារ​របស់​គាត់​ធ្លាប់​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ស្ថានទូត​មហាអំណាច​មួយ​នេះ​បាន​បដិសេធ​ក្រោយពី​ក្រសួង​ការបរទេស​អាមេរិក មិន​បើក​ផ្លូវ​ឲ្យ​គ្រួសារ​នេះ​ជ្រកកោន​នោះ​ឡើយ។

លោក Gotabaya ធ្លាប់​រស់នៅ​សហរដ្ឋ​អាមេរិក​ជាច្រើន​ឆ្នាំ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់ ប៉ុន្តែ​គាត់​បាន​បោះបង់​សញ្ជាតិ​អាមេរិក​នៅ​ពេល​ដែល​គាត់​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ស្រីលង្កា កាលពី​ឆ្នាំ​២០១៩។

មន្ត្រី​ទូត​អាមេរិក​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ដោយសារតែ​បុរស​រូប​នេះ​បោះបង់​សញ្ជាតិ​អាមេរិក ទើប​ពុំ​អាច​ទទួល​បាន​ទិដ្ឋាការ​ចូល​ទឹកដី​អាមេរិក ហើយ​មួយ​ទៀត រដ្ឋាភិបាល​អាមេរិក​មិន​ស្វាគមន៍​ជន​ទាំងឡាយ​ណា​ដែល​ត្រូវ​ចោទ​ថា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​ទេ។

ដោយឡែក​បងប្រុស​របស់​គាត់​ឈ្មោះ Mahinda Rajapaksa បើ​តាម​ដំណឹង គឺ​បុរស​រូប​នេះ​ដែល​ជា​អ្នក​កសាង​សន្តតិវង្ស​ផ្ដាច់ការ​នៅ​លើ​ទឹកដី​ស្រីលង្កា កំពុង​លាក់​ខ្លួន​នៅ​ក្នុង​បន្ទាយ​កងទ័ព។

លោក Mahinda ត្រូវ​បាន​ប្រជាជន​ដេញ​ឲ្យ​ធ្លាក់​ពី​អំណាច​ជា​នាយករដ្ឋមន្ត្រី​កាលពី​ខែ​ឧសភា។ បុរស​រូប​នេះ​បាន​នាំ​គ្រួសារ​ប្រពន្ធ​កូន និង​អង្គរក្ស​រត់​ទៅ​រស់នៅ​ក្នុង​បន្ទាយ​កងទ័ព​ជាយក្រុង​កូឡុំបូ។ ការពិត លោក Mahinda Rajapaksa ក៏​បាន​ព្យាយាម​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ផង​ដែរ តែ​មក​ដល់​ពេលនេះ ពុំ​ដឹង​ថា​គាត់​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទាយ​កងទ័ព ឬ​ក៏​នៅ​ទីណា​នោះ​ទេ។

លោក Mahinda បាន​ប្រកាស​ចុះចេញ​ពី​អំណាច​ជា​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៩ ឧសភា នៅ​ពេល​ដែល​បាតុករ​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​គាត់ ប៉ុន្តែ​នៅ​ពេល​នោះ លោក Mahinda rajapaksa បាន​នាំ​ប្រពន្ធ​កូន​រត់​ចូល​ក្នុង​បន្ទាយ​បាត់​ទៅ​ហើយ។

បើ​និយាយ​អំពី​អំណាច​សន្តតិវង្ស​នោះ​វិញ គឺ​លោក Mahinda Rajapaksa ជា​អ្នក​កសាង​អំណាច​ផ្ដាច់ការ​នៅ​ស្រីលង្កា។ លោក Mahinda បាន​កាន់​អំណាច​ទាំង​នាយករដ្ឋមន្ត្រី និង​ទាំង​ប្រធានាធិបតី​មាន​រយៈពេល​ជាង ២០​ឆ្នាំ។ នៅ​ចុងក្រោយ​បំផុត គឺ​នៅ​ពេល​ដែល​ប្អូនប្រុស​របស់​លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី ពេលនោះ​លោក Mahinda បាន​តោង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថែម​ទៀត។ បងប្អូន​របស់​លោក​ទាំងអស់​សុទ្ធតែ​កាន់​អំណាច​ធំៗ​នៃ​ស្ថាប័ន​រដ្ឋ ហើយ​អ្នក​ខ្លះ​មាន​តំណែង​ជា​រដ្ឋមន្ត្រី​ទៀត​ផង។

ទោះបីជា​ត្រកូល​នេះ​មាន​គុណសម្បត្តិ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្ដី​កាលពី​ឆ្នាំ​២០០៩ តែ​ត្រកូល​មួយ​នេះ និង​បក្សពួក​របស់​គាត់​កើប​ថវិកា​រដ្ឋ​រាប់​រយ​លាន​ដុល្លារ​យក​មក​ធ្វើ​មាន​ធ្វើ​បាន​នៅ​ក្នុង​បក្សពួក​របស់​ខ្លួន។ នៅ​ក្នុង​រជ្ជកាល​របស់​លោក​ជាង ២០​ឆ្នាំ​មក​នេះ គឺ​គ្រួសារ​នេះ​មាន​ភាព​ជិតស្និទ្ធ​ស្នាល​បំផុត​ជាមួយ​នឹង​ប្រទេស​ចិន។

ដោយសារ​តែ​មាន​ភាព​ស្និទ្ធស្នាល​នេះ​ហើយ ទើប​ចិន​ទម្លាក់​លុយ​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​មក​ឲ្យ​ប្រទេស​ស្រីលង្កា។ ប្រាក់កម្ចី​របស់​ចិន គិត​មក​ដល់​ពេលនេះ​ជាង ៣៥​ពាន់​លាន​ដុល្លារ ដែល​នាំ​ឲ្យ​ស្រីលង្កា ធ្លាក់​ក្នុង​បំណុល​បរទេស​សរុប ៥១​ពាន់​លាន​ដុល្លារ។

ប្រាក់កម្ចី​របស់​ចិន គឺ​គ្មាន​លក្ខខណ្ឌ​អ្វី​នោះ​ទេ​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ។ ទីបំផុត គ្រួសារ​របស់​លោក Rajapaksa និង​មន្ត្រី​ជិតស្និទ្ធ​បាន​កិបកេង​ប្រាក់កម្ចី​រាប់​រយ​លាន​ដុល្លារ​ធ្វើ​មាន​ធ្វើ​បាន គឺ​ទ្រព្យសម្បត្តិ​មហាសាល នៅ​ខណៈ​ដែល​ប្រជាជន​នៅតែ​ក្រីក្រ។

ចលនា​របស់​ប្រជាជន​រយៈពេល ៥​ខែ​ចុង​ក្រោយ​នេះ គឺ​មាន​ផែនការ​បញ្ចប់​អំណាច​សន្តតិវង្ស​របស់ Rajapaksa ហើយ​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ថ្មី​ឡើងវិញ។

ឥឡូវ​នេះ ត្រកូល Rajapaksa អស់​អំណាច​រលីង​ហើយ​នៅ​លើ​ទឹកដី​ស្រីលង្កា។ សភា​របស់​ប្រទេស​នេះ​នឹង​រៀបចំ​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែល​មាន​អាយុកាល​ត្រឹមតែ ៦ ទៅ ៨​ខែ​ប៉ុណ្ណោះ នឹង​ត្រូវ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​ឡើងវិញ។

ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ប្រាក់កម្ចី​ពាន់​លាន​ដុល្លារ​របស់​ប្រទេស​ចិន ដែល​ត្រូវ​គេ​ចោទ​ថា​គ្រួសារ​នៃ​ត្រកូល Rajapaksa និង​បក្សពួក​កិបកេង​រាប់​រយ​លាន​ដុល្លារ​នោះ តើ​រដ្ឋាភិបាល​ថ្មី​ដែល​គ្មាន​ត្រកូល Rajapaksa នឹង​រៀបចំ​ទូទាត់​បង្វិល​សង​ដូចម្ដេច បើ​អ្នក​ខ្ចីប្រាក់​រត់​ចោល​ប្រទេស​បាត់​ទៅ​ហើយ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស