28.4 C
Phnom Penh

ប្រធានាធិបតី​ស្រីលង្កា​រត់​ចោល​ស្រុក​ប្រកាស​ត្រឡប់​ទៅ​ប្រទេស​វិញ​ទោះ​ជា​ត្រូវ​ឡើង​តុលាការ​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Gotabaya Rajapaksa ដែល​ត្រូវ​បាន​ប្រជាជន​ស្រីលង្កា ទម្លាក់​ពី​អំណាច​ជា​ប្រធានាធិបតី ហើយ​បាន​រត់​ចោល​ប្រទេស​មក​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ឱ្យ​ដឹង​ថា នឹង​មិន​នៅ​ប្រទេស​ថៃ ទៀត​នោះ​ទេ គឺ​លោក​នឹង​ចាកចេញ​ទៅ​ប្រទេស​របស់​លោក​វិញ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កញ្ញា នេះ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២ កញ្ញា នេះ ឲ្យ​ដឹង​ថា លោក Gotabaya និង​ប្រពន្ធ​កូន​របស់​លោក រួម​ទាំង​អង្គរក្ស នឹង​វិល​ទៅ​ប្រទេស​ស្រីលង្កា​វិញ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ហើយ​មូលហេតុ​លោក​ត្រឡប់​ទៅវិញ គឺ​លោក​មិន​ចេះ​រស់​ក្នុង​បន្ទប់​ដែល​មើល​ទៅ​ដូច​អ្នកទោស​នោះ​ទេ។

អាជ្ញាធរ​ក្រុង​បាងកក បាន​ប្រកាស​ហើយ​ថា ប្រទេស​ថៃ នឹង​ទទួល​លោក​បាន​ត្រឹម​ស្នាក់នៅ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​លោក និង​គ្រួសារ​អាច​ចេញ​ដើរ​ពី​បន្ទប់​សណ្ឋាគារ​បាន​ឡើយ។ រដ្ឋាភិបាល​ថៃ បាន​ប្រកាស​ថា​នឹង​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​ប្រទេស​ថៃ បាន​ត្រឹមតែ ៩០​ថ្ងៃ​ប៉ុណ្ណោះ។

កាលពី​ពេល​ដែល​លោក ប្រាយុទ្ធ ចាន់អូចា នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​ធានា​ថា​លោក​នឹង​ស្វែងរក​ប្រទេស​ជិតខាង​ឲ្យ​ជួយ​ផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​លោក Gotabaya តែ​ក្រោយពី​លោក ប្រាយុទ្ធ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ដកហូត​បុព្វសិទ្ធិ​ជា​នាយករដ្ឋមន្ត្រី លោក​ក៏​លែង​រំឭក​អំពី​ការ​សន្យា​របស់​លោក​ដែរ។

បើ​តាម​ប្រភព​របស់ AFP លោក Gotabaya ដែល​សម្រេច​ត្រឡប់​ទៅ​ប្រទេស​ស្រីលង្កា​របស់​លោក​វិញ បន្ទាប់ពី​ប្អូនប្រុស​របស់​លោក​ម្នាក់​ជា​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ បាន​ទៅ​សុំ​អន្តរាគមន៍​ពី​លោក​ប្រធានាធិបតី Ranil Wickremesinghe ឱ្យ​ជួយ​ការពារ​លោក Gotabaya។

យោង​តាម​រដ្ឋធម្មនុញ្ញ​ស្រីលង្កា ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ដែល​ចាកចេញ​ពី​អំណាច ត្រូវ​បាន​រដ្ឋ​ធានា​ការពារ ហើយ​សូម្បី​លំនៅឋាន​ក៏​ត្រូវ​បាន​ការពារ​ដែរ។ តែ​សម្រាប់​លោក Gotabaya និង​បងប្រុស​របស់​លោក គឺ​លោក Mahinda ជា​អតីត​នាយករដ្ឋមន្ត្រី​ស្រីលង្កា កំពុង​ប្រឈម​នឹង​ការ​ឡើង​តុលាការ​ក្រោម​បណ្ដឹង​របស់​ក្រុម​ប្រឆាំង​ដែល​បាន​ប្ដឹង​ត្រកូល Rajapaksa ដឹកនាំ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ក្រឡាប់ចាក់។

តុលាការ​កំពូល​របស់​ប្រទេស​អាស៊ី​ខាងត្បូង​នេះ បាន​កោះហៅ​លោក Gotabaya ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃទី​១៣ សីហា តែ​ខណៈ​នោះ​លោក​កំពុង​ស្ថិតនៅ​ប្រទេស​ថៃ។ លោក​បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​មេធាវី​របស់​លោក​ឡើង​ទៅ​ជំនួស​រូបលោក។

រហូត​មក​ទល់​ពេលនេះ គេ​ពុំ​ដឹង​ថា ប្រជាជន​ស្រីលង្កា​នឹង​ស្វាគមន៍​ការ​វិល​មក​វិញ​របស់​លោក Gotabaya ឬ​ក៏​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ផ្ដល់​បុព្វសិទ្ធិ​ឱ្យ​គ្រួសារ Rajapaksa ដូចម្ដេច​នោះ​ទេ។ ប្រជាជន និង​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង បាន​ហៅ​ត្រកូល Gotabaya ថា​ជា​ចោរ​លួច​ជាតិ និង​បំផ្លាញ​ជាតិ ជា​មេដឹកនាំ​ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​ទ្រព្យសម្បត្តិ​ជាតិ​ធ្វើ​មាន​ធ្វើ​បាន​សម្រាប់​គ្រួសារ​របស់​ខ្លួន។ ពលរដ្ឋ​ក៏​បាន​ចោទ​រូបលោក​ថា​ជា​មេដឹកនាំ​ដែល​ប្រើប្រាស់​ប្រាក់កម្ចី​រាប់​ពាន់​លាន​ដុល្លារ​ពុំ​មាន​តម្លាភាព។

ស្រីលង្កា​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ី​ខាងត្បូង។ ប្រទេស​នេះ​មាន​ប្រជាជន​ជាង ២២​លាន​នាក់។

Rajapaksa ជា​ត្រកូល​ដែល​មាន​ភាព​ល្បីល្បាញ​ត្រូវ​បាន​គេ​ហៅថា​ជា​វីរជន​នៃ​សង្គ្រាម។ ត្រកូល​នេះ​ហើយ​ជា​អ្នក​បញ្ចប់​សង្គ្រាម​ស៊ីវិល​ជិត ៣​ទសវត្ស​កាលពី​ឆ្នាំ​២០០៩។ ក្រោយពី​សង្គ្រាម​បិទ​បញ្ចប់ ប្រទេស​នេះ​ចាប់ផ្ដើម​ស្ដារ​ប្រទេស​ជាតិ​ជាមួយ​នឹង​ពាក្យ​ថា សន្តិភាព​របស់​ប្រទេស​នាំ​មក​នូវ​សុខដុមរមនា។

ប៉ុន្តែ​អស់​រយៈពេល​ជិត ២០​ឆ្នាំ​ដែល​ត្រកូល Rajapaksa ដឹកនាំ​ប្រទេស គឺ​ស្រីលង្កា​ពិត​ជា​មាន​ការ​អភិវឌ្ឍ តែ​ស្ថិត​ក្រោម​ប្រាក់កម្ចី​គរ​ដូច​ភ្នំ​ដែល​គិត​ត្រឹម​ឆ្នាំ​២០២១ ប្រទេស​នេះ​ធ្លាក់​ក្នុង​បំណុល​បរទេស​ជាង ៥១​ពាន់​លាន​ដុល្លារ ក្នុង​នោះ​បំណុល​របស់​ចិន​មាន​ជាង ៣៥​ពាន់​លាន​ដុល្លារ។ បំណុល​ចិន​បាន​ហក់​ឡើង​ក្រឺតៗ​នៅ​អំឡុង​លោក Mahinda កាន់​តំណែង​ប្រធានាធិបតី។

តែ​ទន្ទឹម​គ្នា​នេះ ចិន​ក៏​រឹបអូស​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ត្រឡប់​មក​វិញ ព្រោះ​ដល់​ឆ្នាំ​សង​ការប្រាក់ និង​ប្រាក់​ដើម​ត្រឡប់​ទៅវិញ តែ​មិន​អាច​អនុវត្ត​បាន។ ដោយ​មូលហេតុ​នេះ កំពង់ផែ​សមុទ្រ​ដ៏​ធំ​មួយ​ឈ្មោះ​ថា Hambantota ឬ​គេ​ហៅថា កំពង់ផែ Mahinda ស្ថិត​ក្នុង​ប្រាក់កម្ចី​របស់​ចិន​ជាង ១២០០​លាន​ដុល្លារ ត្រូវ​បាន​ចិន​រឹបអូស​មក​ដល់​សព្វថ្ងៃ​នេះ។

ក្នុង​ប្រាក់កម្ចី​សំណង់​កំពង់ផែ​នេះ គេ​រក​ឃើញ​បាត់​ប្រាក់ ៣០០​លាន​ដុល្លារ ដែល​ត្រូវ​បាន​គ្រួសារ​នៃ​ត្រកូល Rajapaksa កិបកេង និង​ដក​ចាយ​ស្រេច​តែ​ទំនើងចិត្ត។ នេះ​គ្រាន់តែ​សាច់ប្រាក់​កម្ចី​ត្រឹម ១២០០​លាន​ដុល្លារ ចុះ​ឡើង​ដល់ ៥១​ពាន់​លាន​ដុល្លារ ថា​តើ​បាត់​ប្រាក់​ច្រើន​យ៉ាង​ណា?

ក្រុម​គណបក្ស​ប្រឆាំង និង​ប្រជាជន​ស្រីលង្កា ខកចិត្ត​ជា​ខ្លាំង ទើប​ពួកគេ​ចោទ​ត្រកូល Rajapaksa និង​បក្ខពួក ថា​ជា​ក្រុម​លួច​លុយ​ជាតិ​វាល់​លាន​ដុល្លារ។ ប្រជាជន​ស្រីលង្កា​បាន​ហៅ​ត្រកូល Rajapaksa ថា​ពី​វីរជន​នៃ​សង្គ្រាម ក្លាយ​ជា​ចោរ​លួច​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស