29.6 C
Phnom Penh

មេដឹកនាំ​ស្រីលង្កា​ដែល​ប្រជាជន​ដេញ​ធ្លាក់​ពី​អំណាច​បាន​ធ្វើ​ដំណើរ​មក​កៀក​នឹង​កម្ពុជា​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កា ដែល​ប្រជាជន​របស់​ប្រទេស​នេះ​ធ្វើ​បាតុកម្ម​ដោយ​ហិង្សា​ដេញ​ទម្លាក់​ពី​អំណាច គឺ​លោក Gotabaya Rajapaksa ត្រូវ​បាន​រាយការណ៍​ថា លោក​នឹង​មក​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្ដាហ៍​នេះ ដែល​ជា​ប្រទេស​មួយ​មាន​ព្រំដែន​ជាប់​នឹង​កម្ពុជា។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា លោក Gotabaya ដែល​នឹង​មក​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នឹង​ស្វែងរក​ប្រទេស​ទី​៣ នៅ​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ជា​ផ្លូវការ។

រាជាណាចក្រ​ថៃ មាន​ព្រំដែន​ជាប់​ប្រទេស​ចំនួន​៣ គឺ​កម្ពុជា ឡាវ និង​ភូមា។ គេ​ពុំ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ ចាន់អូចា ព្រម​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​អតីត​មេដឹកនាំ​ស្រីលង្កា ដែល​ប្រជាជន​ទាញ​ទម្លាក់​ពី​អំណាច គឺ​យល់ព្រម​ឲ្យ​លោក Gotabaya ជ្រកកោន​ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន​នយោបាយ​ដែរ​ឬ​ក៏​អត់​នោះ​ទេ។

ចំពោះ​លោក ប្រាយុទ្ធ ខ្លួន​លោក​ផ្ទាល់ ក៏​មិន​អាច​តោង​អំណាច​បាន​យូរ​ដែរ។ កាលពី​ពេល​ថ្មីៗ​នេះ លទ្ធផល​នៃ​ការ​ស្ទង់មតិ​មួយ​បាន​បង្ហាញ​ថា ប្រជាជន​ថៃ ជិត ២​ភាគ​៣ នៅ​ក្នុង​ប្រទេស​នេះ ចង់​ឱ្យ​លោក ប្រាយុទ្ធ ចាន់អូចា លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ថៃ នៅ​ក្នុង​ខែ​សីហា នេះ ព្រោះ​តែ​បុរស​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​យក​មក​បើក​ធ្វើ​វេទិកា​សាធារណៈ ថា​តើ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤ រូប​នេះ​គួរ​កាន់​អំណាច​ដល់​ពេល​ណា​ទៀត។

ការ​ស្ទង់មតិ​ថ្មី​មួយ​ដោយ​សាកលវិទ្យាល័យ​ថៃ NIDA ដែល​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ ១៣១២​នាក់ ធ្វើឡើង​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៤ ខែ​សីហា រក​ឃើញ​ថា សំឡេង ៦៤% ចង់​ឱ្យ​លោក ប្រាយុទ្ធ ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃទី​២៣ ខែ​សីហា គឺ​គម្រប់ ៨​ឆ្នាំ​គត់​បន្ទាប់ពី​បុរស​ម្នាក់​នេះ​បាន​ឡើង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​យោធា​តាមរយៈ​រដ្ឋប្រហារ​ឆ្នាំ​២០១៤។

ចំពោះ​សំណុំរឿង​របស់​លោក ប្រាយុទ្ធ នេះ ក្រុម​ប្រឆាំង​នៅ​ប្រទេស​ថៃ ក៏​មាន​ផែនការ​ដាក់​ញត្តិ​ទៅ​តុលាការ​ធម្មនុញ្ញ ដើម្បី​ឱ្យ​មាន​ការ​សម្រេច​ថា តើ​ពេលវេលា​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ប្រាយុទ្ធ កាលពី​អំឡុង​រដ្ឋាភិបាល​យោធា គួរ​ឬ​មិន​គួរ​រាប់​បញ្ចូល​ក្នុង​រយៈពេល​នៃ​អាណត្តិ​កាន់​អំណាច​នៅ​ក្នុង​រដ្ឋាភិបាល​ជាប់​ឆ្នោត។

នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​ថៃ ដែល​កំណត់​ថា អ្នក​នយោបាយ​ម្នាក់​អាច​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បាន​រយៈពេល​សរុប ៨​ឆ្នាំ​ប៉ុណ្ណោះ។

ចំពោះ​ការ​មក​ដល់​របស់​អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya នៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ ទំនង​រដ្ឋាភិបាល​លោក ប្រាយុទ្ធ ពិបាក​នឹង​ធ្វើ​ការ​ផ្ដល់​សិទ្ធិ ព្រោះ​លោក ប្រាយុទ្ធ កំពុង​ផ្ទុក​រឿង​អាស្រូវ​នយោបាយ​ធ្ងន់ធ្ងរ​ផង​ដែរ។ ការពិត លោក ប្រាយុទ្ធ ក៏​ត្រូវ​បាន​បាតុករ​ថៃ រាប់​ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​បង្ខំ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​ផង​ដែរ។ បើ​ដូចនេះ គេ​អាច​គិត​ទៅ​រក​ប្រទេស​ចំនួន​បី​ដែល​ជាប់​នឹង​ថៃ គឺ​ប្រសិនបើ​លោក Gotabaya ត្រូវ​រដ្ឋាភិបាល​ថៃ មិន​ផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ។

ប្រទេស​ដែល​អាច​ឱ្យ​លោក Gotabaya ទទួល​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ ហើយ​អាទិភាព​ជាងគេ គឺ​ប្រទេស​ភូមា ព្រោះ​ប្រទេស​នេះ​កំពុង​ដឹកនាំ​ដោយ​របប​រដ្ឋប្រហារ​ដែល​បាន​ប្លន់​អំណាច​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ប្រទេស​អាទិភាព​ទី​២ គឺ​រាជាណាចក្រ​កម្ពុជា។ មេដឹកនាំ​ប្រទេស​នេះ​ពុំ​សូវ​ខ្វល់​ច្រើន​ទេ​អំពី​ការ​បាក់​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ គឺ​ធ្វើ​ម្ដេច​ឲ្យ​តែ​បាន​បន្ត​ក្រាញ​អំណាច ទោះជា​ចោទ​ថា​ជា​ប្រទេស​ពោរពេញ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស ពុករលួយ និង​ហិង្សា​នយោបាយ​ក៏ដោយ។

កម្ពុជា​ត្រូវ​បាន​អាមេរិក​ចោទ​ថា​ជា​ប្រភព​នៃ​ការ​ជួញដូរ​មនុស្ស និង​លាង​លុយ​កង្វក់។ ចំពោះ​ប្រទេស​ឡាវ វិញ ក៏​អាច​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​មេដឹកនាំ​បែប​លោក Gotabaya ដែរ តែ​ភាគតិច ព្រោះ​ប្រទេស​នេះ​ប្រកាន់​នូវ​របប​កុម្មុយនីស្ត។ និយាយ​ទៅ ប្រទេស​បី​នេះ គឺ​ភូមា កម្ពុជា និង​ឡាវ អាច​ឱ្យ​លោក Gotabaya ជ្រកកោន ប្រសិនបើ​ចិន​អន្តរាគមន៍ ព្រោះ​ប្រទេស​ទាំង​បី​នេះ​ត្រូវ​គេ​គិត​ថា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ចិន​យ៉ាង​ខ្លាំង។ ប្រទេស​បី​នេះ គឺជា​កូនបំណុល​ចិន ពាន់​លាន​ដុល្លារ​ដូច​គ្នា។

លោក Gotabaya បាន​រត់​ចេញពី​ប្រទេស​ស្រីលង្កា ភ្លាមៗ​អំឡុង​បាតុករ​រាប់​ម៉ឺន​នាក់​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​លោក និង​វិមាន​ប្រធានាធិបតី​ជា​ទីស្នាក់ការ​ដែល​លោក​ធ្វើការ។ លោក​បាន​រត់​មក​ដល់​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ក្រោយពី​លោក​មិន​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ដែន​កោះ​ម៉ាល់ឌីវ។

នៅ​ថ្ងៃទី​១១ សីហា រដ្ឋាភិបាល​សិង្ហបុរី ត្រូវ​បញ្ចប់​ទិដ្ឋាការ​របស់​លោក​ជា​ផ្លូវការ គឺ​មាន​ន័យ​ថា ប្រទេស​នេះ​លែង​ឱ្យ​លោក Gotabaya បន្ត​ស្នាក់នៅ​ទៀត​ហើយ។ រឿង​អាស្រូវ​របស់​លោក Gotabaya គឺជា​សំណុំរឿង​នៃ​ត្រកូល Rajapaksa ដែល​ទាំង​បងប្រុស​របស់​លោក គឺ​លោក មាហិនដា ក៏​ត្រូវ​បាន​ប្រជាជន​ស្រីលង្កា ដេញ​ចេញ​ពី​អំណាច​ដែរ។ លោក មាហិនដា ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​លាក់​ខ្លួន​ក្នុង​បន្ទាយ​កងទ័ព​នៅ​ក្នុង​ប្រទេស​ស្រីលង្កា។

Rajapaksa ជា​គ្រួសារ​មួយ​កាន់​អំណាច​នៅ​ស្រីលង្កា ជិត ២០​ឆ្នាំ។ គ្រួសារ​នេះ​ត្រូវ​បាន​បក្ស​ប្រឆាំង​ចោទ​ថា​ជា​អ្នក​បង្ក​រឿង​អយុត្តិធម៌​សង្គម ជា​អ្នក​ធ្វើ​ឱ្យ​មាន​អំពើពុករលួយ​ក្នុង​សង្គម និង​បក្សពួក​និយម។ Rajapaksa ជា​គ្រួសារ​ដែល​ជា​អ្នក​ខ្ចី​បុល​ចិន​រាប់​ពាន់​លាន​ដុល្លារ ជា​គ្រួសារ​មាន​ភាព​ជិតស្និទ្ធ​ជា​ខ្លាំង​នឹង​មេដឹកនាំ​ចិន។

អំឡុង​នៃ​ការ​កាន់​អំណាច​របស់​គ្រួសារ​នេះ​ជិត ២០​ឆ្នាំ បំណុល​ចិន​គរ​ដូច​ភ្នំ គឺ​មាន ៣​ម៉ឺន ៥​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ប្រទេស​នេះ​ធ្លាក់​ក្នុង​បំណុល​បរទេស​សរុប ៥​ម៉ឺន ១​ពាន់​លាន​ដុល្លារ។

ឥឡូវ​នេះ គ្រួសារ Rajapaksa ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​ការ​ចាកចេញ​ពី​ប្រទេស ហើយ​ចំណែក​លោក Gotabaya ដែល​បាន​រត់​ចេញពី​ប្រទេស​កាលពី​ថ្ងៃទី​១២ កក្កដា ត្រូវ​បាន​តុលាការ​កំពូល​ចេញ​ដីកា​កោះហៅ​ឱ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ករណី​ការ​ប្ដឹង​របស់​ក្រុម​បក្ស​ប្រឆាំង​ពី​បទ​គេចវេះ​ការ​ទទួល​ខុសត្រូវ នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា ក្រឡាប់​ក្រោម​បំណុល​គរ​ដូច​ភ្នំ។

បច្ចុប្បន្ន ប្រទេស​ស្រីលង្កា ដែល​ជា​ប្រទេស​ដ៏​ក្រីក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ កំពុង​ដឹកនាំ​ដោយ​អ្នក​នយោបាយ​មកពី​បក្ស​ប្រឆាំង​កណ្ដាល​និយម គឺ​លោក Ranil Wickremesinghe ដែល​ត្រូវ​បាន​សភា​បោះឆ្នោត​ឱ្យ​កាន់​តំណែង​ប្រធានាធិបតី​ជំនួស​លោក Gotabaya កាលពី​ថ្ងៃទី​២០ កក្កដា។ ប្រទេស​នេះ​នឹង​ឆ្លងកាត់​ការ​បោះឆ្នោត​ប្រធានាធិបតី​ចេញពី​សន្លឹកឆ្នោត​របស់​ប្រជាជន​នៅ​ឆ្នាំ​២០២៤។ គេ​ពុំ​ដឹង​ថា ត្រកូល Rajapaksa មាន​ឱកាស​ស្វែងរក​អំណាច​ជា​ថ្មី​ម្ដង​ទៀត ឬ​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​សង្គម​ឬ​ដូចម្ដេច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស