38 C
Phnom Penh

សភា​ស្រីលង្កា​បោះឆ្នោត​គាំទ្រ​លោក Wickremesinghe ជា​ប្រធានាធិបតី​ជំនួស​ប្រធានាធិបតី​រត់​ចោល​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត លោក Ranil Wickremesinghe បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ដូច​បំណង​របស់​លោក បន្ទាប់ពី​លោក​ទទួល​បាន​ការ​ចាត់តាំង​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្ដីទី ដោយ​លោក Gotabaya Rajapaksa ដែល​ជា​ប្រធានាធិបតី​រត់​ចោល​ប្រទេស​ដោយសារ​បាតុករ​ដេញ​ចេញពី​តំណែង ករណី​ចោទ​ថា​ជា​មេដឹកនាំ​អសមត្ថភាព​មកពី​គ្រួសារ​ពុករលួយ​បំផ្លាញ​ជាតិ Rajapaksa។

យោង​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ថ្ងៃ​ពុធ ទី​២០ ខែ​កក្កដា នេះ ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​សមាជិក​សភា​នៃ​ប្រទេស​ស្រីលង្កា ជ្រើសរើស​ប្រធានាធិបតី​ថ្មី​បាន​បង្ហាញ​ថា លោក Ranil Wickremesinghe គឺជា​អ្នក​ទទួល​បាន​ជ័យជម្នះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News ចុះផ្សាយ​នៅ​ថ្ងៃទី​២០ កក្កដា នេះ។

ក្រោយ​ការ​រាប់​សន្លឹកឆ្នោត​បាន​បញ្ចប់​ទៅ លទ្ធផល​បាន​បង្ហាញ​ថា លោក Ranil Wickremesinghe ទទួល​បាន​ការ​គាំទ្រ​ចំនួន ១៣៤​សំឡេង ខណៈ​គូប្រជែង​របស់​លោក គឺ​លោក Dullas Alahapperuma ដែល​ជា​សមាជិក​សភា​នៃ​គណបក្ស SLPP ទទួល​បាន​ការ​គាំទ្រ ៨២​សំឡេង។

លោក Dullas Alahapperuma ក៏​ជា​សមាជិក​សភា​មកពី​បក្ស​កាន់​អំណាច​របស់​លោក Gotabaya Rajapaksa ដែរ តែ​បុរស​រូប​នេះ​មិន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្រួសារ​លោក Rajapaksa នោះ​ទេ។ ចំណែក​លោក Anura Kumara ដែល​ជា​ប្រធាន​គណបក្ស​ឆ្វេង​និយម NPP ទទួល​បាន​ត្រឹម ៣​សំឡេង​ប៉ុណ្ណោះ។

បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​នេះ មាន​តែ​បី​រូប​នេះ​ប៉ុណ្ណោះ ខណៈ​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ គឺ​លោក Sajith Premadasa បាន​សម្រេច​ដក​បេក្ខភាព​របស់​ខ្លួន​ចេញ​វិញ។

ជ័យជម្នះ​របស់​លោក Wickremesinghe ទំនង​នឹង​ធ្វើ​ឲ្យ​មាន​បាតុកម្ម​ជា​បន្តបន្ទាប់​ទៀត ព្រោះ​ប្រជាជន​ភាគច្រើន​មិន​គាំទ្រ​ប្រធានាធិបតី​ថ្មី​នេះ​ទេ។

ក្រុម​បាតុករ​ស្រីលង្កា ចាត់ទុក​លោក Wickremesinghe ជា​សម្ពន្ធមិត្ត​របស់​អតីត​ប្រធានាធិបតី Gotabaya Rajapaksa ដែល​ពួកគេ​បន្ទោស​ថា គឺជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​ដែល​ធ្វើ​ឱ្យ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត។

កាលពី​ថ្ងៃទី​៩ កក្កដា នៅ​ពេល​បាតុករ​រាប់​ម៉ឺន​នាក់​សម្រុក​ចូល​រដ្ឋធានី​កូឡុំបូ ហើយ​បាតុករ​ខ្លះ​សម្រុក​ចូល​វិមាន​ប្រធានាធិបតី និង​ភូមិគ្រឹះ​របស់​លោក Gotabaya គឺ​ភូមិគ្រឹះ​របស់ Wickremesinghe ក៏​បាតុករ​បាន​ចូល​ដុត​បំផ្លាញ​ចោល​ដែរ។ ទាំង​លោក Gotabaya និង​លោក Wickremesinghe បាន​រត់​ចូល​ក្នុង​បន្ទាយ​កងទ័ព ហើយ​ពេល​នោះ​លោក Wickremesinghe ក៏​បាន​បោះ​ពាក្យ​សម្ដី​ថា លោក​ក៏​នឹង​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ផង​ដែរ ខណៈ​លោក​ទើប​ចូល​កាន់​តំណែង​បាន​តែ ២​ខែ​ប៉ុណ្ណោះ។

លោក​ត្រូវ​សភា​បោះឆ្នោត​គាំទ្រ​ឱ្យ​ឡើង​ជំនួស​លោក Mahinda Rajapaksa ដែល​ជា​បងប្រុស​បង្កើត​របស់​លោក Gotabaya ជា​ប្រធានាធិបតី​រត់​ចោល​ប្រទេស។

តើ​លោក Ranil Wickremesinghe ជា​នរណា?

លោក Ranil Wickremesinghe ធ្លាប់​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដល់​ទៅ ៦​លើក និង​បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្តីទី​រយៈពេល​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ គឺ​ក្រោយពី​លោក Gotabaya រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ទៅ​កាន់​ប្រទេស​សិង្ហបុរី ហើយ​លាលែង​ពី​តំណែង​តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ស្រីលង្កា​រាប់​ម៉ឺន​នាក់ ដែល​បាន​ចេញ​តវ៉ា​តាម​ដងផ្លូវ​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក។

លោក​កើត​នៅ​ឆ្នាំ​១៩៤៩ និង​មាន​ដើមកំណើត​ចេញពី​គ្រួសារ​អ្នក​នយោបាយ និង​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា។ លោក Wickremesinghe មាន​វិជ្ជាជីវៈ​ជា​មេធាវី។

លោក​បាន​ឈាន​ជើង​ចូល​ឆាក​នយោបាយ​ជា​លើកដំបូង​តាមរយៈ​ការ​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​ឆ្នាំ​១៩៧៧ នៅ​ពេល​លោក​មាន​អាយុ ៤៥​ឆ្នាំ។

កាលពី​អាយុ ២៩​ឆ្នាំ លោក Ranil Wickremesinghe បាន​ហក់​ចូល​កាន់​តំណែង​មួយ​ទៅ​ហើយ គឺ​រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី ដែល​នៅ​ពេល​នោះ​ឪពុកមា​របស់​លោក គឺ​លោក Junius Jayewardene ជា​ប្រធានាធិបតី គឺ​នៅ​ឆ្នាំ​១៩៧៨។

លោក​បាន​ឡើង​តំណែង​ធំៗ​នៅ​ក្នុង​គណបក្ស​រួបរួម​ជាតិ UNP ជា​បន្តបន្ទាប់ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ranasinghe Pramadasa ជា​ប្រធាន​គណបក្ស​រួបរួម​ជាតិ​ស្រីលង្កា។

លោក Wickremesinghe បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​លើកដំបូង​ពី​ឆ្នាំ​១៩៩៣ ជា​ឆ្នាំ​ដែល​លោក Pramadasa ត្រូវ​បាន​គេ​ធ្វើ​ឃាត។ នៅ​ឆ្នាំ​១៩៩៤ ដដែល លោក​បាន​ក្លាយ​ជា​មេដឹកនាំ​គណបក្ស​រួបរួម​ជាតិ UNP គឺ​លោក​ឡើង​ជំនួស​លោក Gamini Dissanayake ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​សមាជិក​ក្រុម​ឧទ្ទាម​ខ្លាតាមិល។

លោក Wickremesinghe គឺជា​អ្នក​នយោបាយ​មាន​ជំនាញ​ខាង​សេដ្ឋកិច្ច។ លោក​បាន​ជួយ​ប្រទេស​ស្រីលង្កា ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​កាលពី​ក្នុង​ឆ្នាំ​២០០១។

តែ​យ៉ាងណា ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​របស់​លោក Wickremesinghe មាន​រហូត​ដល់​ឆ្នាំ​២០២៤ គឺ​ឆ្នាំ​ត្រូវ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​មួយ​អាណត្តិ​ទៀត គេ​ពុំ​ដឹង​ថា​មេដឹកនាំ​ស្រីលង្កា រូប​នេះ​នឹង​អាច​ស្ដារ​សេដ្ឋកិច្ច​ស្រីលង្កា ឲ្យ​រស់​ឡើងវិញ​បាន​ដែរ​ឬ​ទេ។

ណា​មួយ​ទៀត លោក​ជា​មុខសញ្ញា​ដែល​ប្រជាជន​ស្រីលង្កា មកពី​ក្រុម​បក្ស​ប្រឆាំង និង​គ្រួសារ​ក្រីក្រ​នៅតែ​តវ៉ា​ទាមទារ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង គឺ​តាំងពី​លោក​ជា​ប្រធានាធិបតី​ស្ដីទី។ មក​ដល់​ពេលនេះ ប្រជាជន​មិនទាន់​បំបែក​ការ​តវ៉ា​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស