គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បង្ហាញជំនឿថា គណបក្សនយោបាយដែលមាននិន្នាការដូចគ្នា អាចចងសម្ពន្ធភាព ឬរួបរួមគ្នាបង្កើតជាកម្លាំងធំមួយ ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ពលរដ្ឋដែលមាននិន្នាការមិនគាំទ្របក្សប្រជាជនកម្ពុជាបច្ចុប្បន្ន ក្នុងការចូលប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតទល់នឹងគណបក្សប្រជាជនកម្ពុជានាពេលខាងមុខ។
នេះជាការថ្លែងរបស់អ្នកដឹកនាំកំពូលនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីសំណើចងសម្ពន្ធភាពនយោបាយឆ្នាំ២០២៣។
ប្រធានគណៈកម្មាធិការនាយកគណបក្សនេះ បណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងដាក់លិខិតទៅកាន់គណបក្សផ្សេងទៀតដែលមាននិន្នាការដូចគ្នា ដើម្បីជជែកពីការចងសម្ពន្ធភាពនយោបាយឆ្នាំ២០២៣ ប៉ុន្តែការឆ្លើយបែបណានោះ លោកមិនទាន់ដឹងនៅឡើយ។
លោកថា ការចងសម្ពន្ធភាពនេះ មិនមែនធ្វើតែថ្នាក់ដឹកនាំគណបក្សនោះទេ តែក៏មានការចូលរួម និងយល់ព្រមពីសកម្មជននៅតាមមូលដ្ឋានដែរ។
លោកបង្ហាញសេចក្ដីសង្ឃឹមថា គណបក្សនយោបាយទាំងឡាយដែលចងសម្ពន្ធភាព ឬរួបរួមគ្នានេះ ធ្វើឡើងតាមការចង់បានរបស់ពលរដ្ឋដែលមាននិន្នាការមិនគាំទ្របក្សប្រជាជនកម្ពុជាបច្ចុប្បន្ន។ មួយវិញទៀត បំណងចងសម្ពន្ធភាពនេះ ធ្វើឡើងដោយផ្អែកទៅប្រវត្តិសាស្ត្រ និងបទពិសោធន៍ផងដែរ ខណៈកន្លងមក គណបក្សមួយចំនួនចង់ច្របាច់បញ្ចូលគ្នាតាំងពីមុនបោះឆ្នោតឃុំមកម្ល៉េះ។
បណ្ឌិត យ៉ង សាំងកុមារ អះអាងថា ការចងសម្ពន្ធភាពនេះ ដើម្បីទប់ ឬរារាំងមិនឲ្យគណបក្សណាមួយមានសំឡេង ២ភាគ៣ ដែលឈានទៅកែរដ្ឋធម្មនុញ្ញដូចគណបក្សប្រជាជនកម្ពុជាធ្វើក្នុងពេលបច្ចុប្បន្ននេះ និងក៏អាចមានកម្លាំងទប់មិនឲ្យគណបក្សណាមួយមានសំឡេង ៥០%បូក១ ដើម្បីបង្កើតរដ្ឋាភិបាលតែឯងដែរ។ ផ្ទុយទៅវិញ ប្រសិនបើគណបក្សនីមួយៗដើរទៅតែឯងដោយមិនចងសម្ពន្ធភាព ឬរួបរួមគ្នានោះទេ លោកថាមិនអាចដើរលើផ្លូវវែងឆ្ងាយឡើយ ហើយនៅបន្តចាញ់ប្រៀបគណបក្សកាន់អំណាចខ្លាំងណាស់។
ចំណែកអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន ក៏បានលើកឡើងដែរថា ប្រសិនបើគណបក្សរបស់លោកមានអាសនៈគ្រប់គ្រាន់ក្នុងរដ្ឋសភា លោកនឹងពិនិត្យលទ្ធភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផ្ទេរអំណាចឲ្យរដ្ឋសភាជាអ្នកមានសិទ្ធិតែងតាំងរដ្ឋាភិបាលវិញ ដោយមិនឲ្យគណបក្សនយោបាយជាអ្នកធ្វើឡើយ។
លោកបន្តថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងកែរដ្ឋធម្មនុញ្ញដោយកំណត់សំឡេងសភាតែ ៣រូបនៃសមាជិកសភាឲ្យមានសិទ្ធិកោះហៅរដ្ឋមន្ត្រីមកសួរនាំ ចំពោះបញ្ហាណាមួយដែលរដ្ឋាភិបាលមិនបានដោះស្រាយជូនពលរដ្ឋ ខណៈញត្តិបន្ទោសវិញទុកត្រឹម ៣០នាក់តែប៉ុណ្ណោះ។
ការលើកឡើងរបស់គណបក្សក្រៅរដ្ឋាភិបាល ស្របពេលរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ ដោយការកែនេះត្រូវគណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគយល់ថា ជាការកាត់បន្ថយអំណាចសភា រារាំងដល់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ផ្ទុយនឹងស្មារតីសភានិយមនៃរដ្ឋធម្មនុញ្ញ។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានបំណង និងជំហរស្មារតីត្រឹមត្រូវ ក្នុងការប្រមូលកម្លាំងគ្នាប្រកួតតទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសឲ្យរអិលធ្លាក់ក្នុងរបបផ្ដាច់ការគ្រួសារនិយមដូចសព្វថ្ងៃ។
យ៉ាងណា លោកថាដល់ដំណាក់កាលនេះហើយ ល្មមឈប់និយាយអំពីការរួមសម្ពន្ធភាពទៅ ព្រោះជាបំណងដែលបង្ហាញអំពីភាពធូររលុង ប៉ុន្តែគណបក្សនានាគួរណាស់ជួបជជែកគ្នាដាក់គោលដៅឲ្យច្បាស់អំពីការបង្កើតកម្លាំងគណបក្សរួមតែមួយ ឈ្មោះគណបក្សតែមួយ ទើបមានឥទ្ធិពលតតាំងក្នុងកាលៈទេសៈនៃប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន ជាពិសេសទាក់ទងនឹងការចែកអាសនៈសភាជាដើម។
លោករំឭកថា ការរួបរួមគឺជាគោលដៅត្រូវហើយ ប៉ុន្តែសូមប្រយ័ត្នកំហុសយុទ្ធសាស្ត្រ ព្រោះកាលណាមានកំហុសយុទ្ធសាស្ត្រច្រើនពេក អាចនាំឲ្យបរាជ័យធំ៕