29 C
Phnom Penh

សង្គម​ស៊ីវិល​ជាង​១០០​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ស្នើ​ដោយ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង ១០០​ស្ថាប័ន សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដែល​បាន​ស្នើ​ដោយ​លោក ហ៊ុន សែន ថា​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​អំណាច​រដ្ឋ អំណាច​នីតិប្រតិបត្តិ និង​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ។

សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល សហជីព សមាគម និង​សហគមន៍​ចំនួន ១០៤​ស្ថាប័ន ក្នុង​នោះ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ខុមហ្វ្រែល គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និចហ្វិក) អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គការ​តម្លាភាព​កម្ពុជា ជាដើម។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​ឱ្យ​ដឹង​ថា ពួកគេ​ចង់​ឃើញ​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​រឹងមាំ ឆ្លុះបញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ចង់​ឃើញ​ការ​ឯកភាព​ជាតិ​ខាង​នយោបាយ​រវាង​គណបក្ស​នយោបាយ និង​អ្នក​នយោបាយ​ទាំងអស់​តែប៉ុណ្ណោះ។ ដូច្នេះ ការ​ធ្វើ​វិសោធនកម្ម​នៅ​ក្នុង​កាលៈទេសៈ​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ដោយសារ​មិន​មាន​ការ​ផ្សព្វផ្សាយ និង​កំណត់​នៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​ពេល​ឃោសនា​បោះឆ្នោត​កន្លងមក ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​បាន​យល់ដឹង​អំពី​គំនិត​ផ្ដួចផ្ដើម​នៃ​វិសោធនកម្ម​នេះ​ដោយ​ទូលំទូលាយ​នៅឡើយ។

ក្រុម​នេះ​និយាយ​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​នេះ​ក៏​បាន​ប៉ះពាល់​ដល់​ស្មារតី​ឯកភាព និង​សាមគ្គីភាព​ជាតិ ដោយសារតែ​កាលៈទេសៈ​នេះ​មាន​ការ​ប្រេះឆា​ខាង​ផ្នែក​នយោបាយ​នៅឡើយ។ ជាក់ស្ដែង​មាត្រា​៩២ បាន​ហាម​រដ្ឋសភា​មិន​ឲ្យ​អនុម័ត​ច្បាប់​ដែល​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ​របស់​ប្រទេស​ជាតិ​នោះ​ឡើយ។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ បន្ទាប់ពី​រដ្ឋសភា​នឹង​បើក​សម័យ​ប្រជុំ​ពេញអង្គ​ពិភាក្សា​លើ​សេចក្ដីព្រាង​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​ចំនួន​២ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ដើម្បី​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន សែន កែ​រដ្ឋធម្មនុញ្ញ​តាម​ការ​ស្នើសុំ។

ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កើត រិទ្ធ បកស្រាយ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នេះ​ក្នុង​គោល​បំណង​បំពេញ​សេចក្តី​ខ្វះ​ចន្លោះ​នៃ​រដ្ឋធម្មនុញ្ញ​ដើម ដើម្បី​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ​ដំណើរការ​ទៅ​ដោយ​រលូន ធានា​ស្ថិរភាព​នយោបាយ និង​ការពារ​ប្រយោជន៍​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស