32 C
Phnom Penh

ទស្សនកិច្ច​របស់​លោក Blinken បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​អាស៊ាន​និង​ទំនាក់ទំនង​កម្ពុជា-អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់​ថា ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នៅ​កម្ពុជា ដើម្បី​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​មជ្ឈត្តភាព​របស់​អាស៊ាន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក​ក្នុង​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken នឹង​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន ព្រមទាំង​មាន​ជំនួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​បុរស​ខ្លាំង លោក ហ៊ុន សែន និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា​បន្ថែម​ទៀត។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អែនតូនី ប្លីងឃីន (Antony J. Blinken) បាន​មក​ដល់​កម្ពុជា​ដូច​ដែល​បាន​គ្រោង​ទុក​កាលពី​យប់​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​នេះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២២ ថា មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​កំពុងតែ​ទន្ទឹង​រង់ចាំ​មើល​គ្រប់​គ្នា ថា​តើ​វិបត្តិ​នយោបាយ​កម្ពុជា​ដែល​កំពុង​ជាប់​គាំង​ដោយ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ពេលនេះ អាច​នឹង​មាន​ការ​ប្រែប្រួល​ដែរ​ឬ​ទេ ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វីនឌី ស្សឺមែន (Wendy Sherman) ធ្លាប់​បង្ហាញ​ក្តី​កង្វល់​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ដោយ​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​គោលការណ៍​កុងសង់ស៊ីស ៥​ចំណុច​ស្ដីពី​បញ្ហា​នៅ​ប្រទេស​ភូមា។ ជាង​នេះ​ទៀត អ្នកស្រី វីនឌី ស្សឺមែន បញ្ជាក់​ថា អាមេរិក​មាន​ការ​ព្រួយបារម្ភ​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ជើងទឹក​រាម​ផង​ដែរ ហើយ​ក៏​បារម្ភ​ចំពោះ​ករណី​នៃ​ដំណើរការ​ក្ដី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព​ពី​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ​ថែម​ទៀត។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣ សីហា នេះ​ថា ប្រមុខ​ការទូត​នៃ​បណ្ដា​ប្រទេស​មហាអំណាច ដូចជា​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ជាដើម ទំនង​ជា​មិន​ភ្លេច​ឆ្លៀត​ជួប​មេដឹកនាំ​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២ ខែ​សីហា ឲ្យ​ដឹង​ថា លោក Antony Blinken នឹង​បញ្ជាក់​ប្រាប់​លោក ហ៊ុន សែន និង​លោក ប្រាក់ សុខុន ថា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​បាន លុះត្រា​កម្ពុជា​អាច​ជម្រះ​ការ​បារម្ភ​លើ​វត្តមាន​នៃ​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស