34 C
Phnom Penh

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណាជីប ត្រូវ​បាន​រក​ឃើញ​ថា​លួច​លុយ​ជាតិ​ជាង​៤៥០០​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម៉ាឡេស៊ី ជា​រាជាណាចក្រ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​នេះ​ប្រកាន់​របប​សភា​និយម។ ព្រះមហាក្សត្រ គឺជា​ប្រមុខ​រដ្ឋ​កំពូល​របស់​ប្រទេស។ ព្រះអង្គ​មាន​តួនាទី​ជួយ​ពន្លត់​វិបត្តិ​នយោបាយ និង​ធានា​និរន្តរភាព​នៃ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ។

រាជាណាចក្រ​នេះ​មាន​ស្ថាប័ន​អំណាច​សាធារណៈ ៣​ធំៗ គឺ​អង្គ​នីតិប្រតិបត្តិ អង្គនីតិបញ្ញត្តិ និង​តុលាការ។ អំណាច​ទាំង​៣ នេះ ពុំ​អាច​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ស្ថាប័ន​ណា​មួយ​ឡើយ។ មាន​ន័យ​ថា មាន​តុល្យភាព​នៃ​អំណាច​រៀងៗ​ខ្លួន គឺ​ពុំ​មាន​អ្នក​នយោបាយ​ណា ឬ​ក្រុម​បក្ស​នយោបាយ​ណា​ហ៊ាន​ប្រើ​សិទ្ធិ​អំណាច​លើ​ស្ថាប័ន​រដ្ឋ​ទាំងនេះ​ឡើយ។

អ្នក​នយោបាយ​កំពូល​ណា​ក៏ដោយ​ក៏​មាន​ទោស​ដែរ ឲ្យ​តែ​រក​ឃើញ​កំហុស។ អ្នក​នយោបាយ​ពុំ​អាច​យក​ស្ថាប័ន​របស់​ខ្លួន​ជា​ឈ្នាន់​ដើម្បី​ក្រាញ​អំណាច​ឡើយ។ មាន​ន័យ​ថា គ្មាន​អ្នក​នយោបាយ​ណា​មួយ​ឡើង​កាន់​តំណែង​បាន​ដោយ​មិន​ឆ្លងកាត់​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។

លោក ណាជីប រ៉ាហ្សាក់ ជា​អ្នក​នយោបាយ​ដែល​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​រយៈពេល ១០​ឆ្នាំ ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៨។ នៅ​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​បក្ស​របស់​លោក គឺ​បក្ស​ជាតិ​បារីសាន់ ហៅ​កាត់​ថា UMNO បាន​ចាញ់​ឆ្នោត។ បក្ស​ប្រឆាំង​ជា​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ម្ដង។

នៅ​ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ មុន​ការ​បោះឆ្នោត​សភា​នីតិកាល​ទី​១៤ ចូល​មក​ដល់ លោក ណាជីប ដែល​សង្ឃឹម​ថា​បក្ស​លោក​នឹង​ឈ្នះ​ឆ្នោត ហើយ​អាច​ការពារ​អំណាច​របស់​លោក គឺ​ពេល​នោះ​លោក​ដែល​អាង​អំណាច​ជា​នាយករដ្ឋមន្ត្រី បាន​សម្រេច​ប្រជែង​ជាមួយ​នឹង​អំណាច​តុលាការ និង​សភា​យ៉ាង​ខ្លាំង។

អំឡុង​ពេល​នោះ លោក​ត្រូវ​បាន​ក្រុម​ប្រឆាំង និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​ទាំង​រដ្ឋអាជ្ញា​ផ្ដើម​ប្រមូល​ភស្តុតាង​ប្រឆាំង​នឹង​លោក និង​គ្រួសារ​លោក ករណី​សង្ស័យ​ថា​លោក​បាន​បង្កើត​មូលនិធិ​ឯកជន​មួយ ដើម្បី​រៃអង្គាស​ប្រាក់​ដើម្បី​សប្បុរសធម៌ ដែល​គេ​ថា​លោក ណាជីប ចាប់ផ្ដើម​ប្រើ​រូបមន្ត​នេះ​ដូច​ប្រទេស​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន ដើម្បី​ធ្វើ​នយោបាយ​ប្រជាភិថុតិ។

ប្រទេស​មួយ​ក្នុង​សមាគម​អាស៊ាន គឺ​មេដឹកនាំ​ប្រទេស​នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ថាប័ន​រដ្ឋ​ធំ​២ គឺ​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រដ្ឋសភា ហើយ​ថែម​ទាំង​លើ​ស្ថាប័ន​ប្រមុខ​រដ្ឋ​ទៀត​ផង។

ដោយ​មើល​ឃើញ​ថា​មេដឹកនាំ​ប្រទេស​នោះ​អាច​ធ្វើ​បាន​ដោយ​ពុំ​មាន​ការ​ហៅ​ទៅ​ចោទប្រកាន់​នៅ​ចំពោះ​មុខ​សភា និង​តុលាការ គឺ​លោក ណាជីប ក៏​ចេះ​តែ​ហ៊ាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​ស្ថាប័ន​រដ្ឋសភា និង​តុលាការ ព្រោះ​ខ្លួន​ជា​នាយករដ្ឋមន្ត្រី។

អំឡុង​លោក​មាន​រឿង​អាស្រូវ​ចោទ​ថា​បាន​កិបកេង​ទ្រព្យសម្បត្តិ​រដ្ឋ ដោយ​លួច​ផ្ទេរ​ប្រាក់​ចេញពី​ធនាគារ​របស់​រដ្ឋ​មក​ធនាគារ​របស់​អង្គការ​មួយ​ដែល​លោក​បង្កើត​ឡើង នូវ​សាច់​ប្រាក់​សុទ្ធ​រាប់​រយ​លាន​ដុល្លារ គឺ​ពេល​នោះ​សភា​មិន​ហ៊ាន​ដក​អំណាច​លោក​នោះ​ទេ ព្រោះ​សមាជិក​សភា​បក្ស​របស់​លោក​ដែល​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា គឺ​ពួកគេ​ខ្លាច​លោក​ជា​ខ្លាំង។

ទីបំផុត លោក ណាជីប គេចវេះ​មិន​ទៅ​ឆ្លើយ​ក្នុង​សភា​ទោះ​ជា​ក្រុម​សភា​បក្ស​ប្រឆាំង​បាន​ទាមទារ​យ៉ាងណាក៏ដោយ។ បន្ថែម​លើស​នេះ ក្រុម​រដ្ឋអាជ្ញា​ក៏​ទុក​ពេល​ឲ្យ​លោក​ដែរ។ ប៉ុន្តែ​នៅ​ពេល​បក្ស​របស់​លោក​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៨ គឺ​ពេល​នោះ​ហើយ​លោក ណាជីប បាន​បាត់បង់​អំណាច​ជា​នាយករដ្ឋមន្ត្រី ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​មកពី​បក្ស​ប្រឆាំង​ប្ដឹង​លោក​ភ្លាមៗ​ទៅ​តុលាការ ដោយ​ចោទ​ថា​លោក ណាជីប និង​គ្រួសារ​របស់​លោក លួច​លុយ​រដ្ឋ​ជាច្រើន​រយ​លាន​ដុល្លារ​ទៅ​លាក់​នៅ​ក្នុង​ធនាគារ​ឯកជន​មួយ​របស់​ខ្លួន។

ការ​ផ្ទុះ​រឿងអាស្រូវ​របស់​លោក ណាជីប ដោយសារតែ​ផ្ដើម​ចេញពី​ការ​ចុះផ្សាយ​របស់​កាសែត​អាមេរិក The Wall Street Journal ដែល​កាសែត​នេះ​បាន​ទទួល​របាយការណ៍​មួយ​ពី​ស្ថាប័ន​ប៉ូលិស​អាមេរិក FBI។

រឿងអាស្រូវ​នេះ​ហើយ​ដែល​នាំ​ឲ្យ​បក្ស UMNO របស់​លោក ណាជីប ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៨។ ក្រោយពី​ទទួល​បាន​បណ្ដឹង​ពី​រដ្ឋាភិបាល​ថ្មី​របស់​អតីត​នាយករដ្ឋមន្ត្រី មហាធា មហាមាដ ក្រុម​រដ្ឋអាជ្ញា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​បាន​បញ្ជូន​ភស្តុតាង​ទៅ​តុលាការ ដោយ​ផ្ដើម​កោះហៅ​លោក ណាជីប ឡើង​តុលាការ។ ភស្តុតាង គឺ​គេ​រក​ឃើញ​គ្រួសារ​របស់​លោក​ចាយ​ប្រាក់​ដុល្លារ​ដូច​ប្រាក់​ធ្លាក់​ពី​លើ​មេឃ គឺ​ចូល​ផ្សារ​ម្ដងៗ គឺ​ចាយ​អស់​ប្រាក់​ពី​មួយ​ម៉ឺន​ដុលា្លរ​ទៅ ២​ម៉ឺន​ដុល្លារ ហើយ​សម្ភារៈ​នោះ គ្រួសារ​របស់​លោក​យក​មក​ធ្វើ​ជា​អំណោយ​ចែក​ជូន​គ្រួសារ​ក្រីក្រ។

បន្ថែម​លើស​ពី​នេះ គ្រួសារ​លោក​មាន​ដី​រាប់​ហិកតារ​គ្រប់​ខេត្ត មាន​ផ្ទះ​វីឡា​ដ៏​ល្អ​ប្រណិត​ជាច្រើន ទាំង​នៅ​ក្រុង​កូឡាឡាំពួរ និង​តាម​ខេត្ត មាន​រថយន្ត​ប្រណិតៗ​ជាច្រើន​គ្រឿង​សុទ្ធតែ​តម្លៃ​រាប់​សែន​ដុល្លារ មាន​គ្រឿងអលង្ការ​មាស​ពេជ្រ​រាប់​ម៉ឺន​ដុល្លារ​ពាក់​សម្ញែង​យ៉ាង​សម្បើម។

តែ​យ៉ាងណា លោក ណាជីប ព្យាយាម​ប្រាប់​រដ្ឋអាជ្ញា និង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ថា ប្រាក់​ដុល្លារ​ទាំងអស់​ដែល​លោក​មាន គឺជា​អំណោយ​របស់​មិត្តភក្ដិ​លោក​នៅ​បណ្ដា​ប្រទេស​អារ៉ាប់។

តែ​បែប​នេះ​ក្ដី រដ្ឋអាជ្ញា​ចាប់​បាន​ឯកសារ​ជាច្រើន​ដែល​លោក ណាជីប បង្គាប់​ទៅ​រដ្ឋមន្ត្រី​កាន់​ប្រាក់​នៅ​ធនាគារ​ឱ្យ​ដក​សាច់ប្រាក់​សុទ្ធ​ម្ដងៗ​ច្រើន​លាន​ដុល្លារ​មក​ផ្ទេរ​ចូល​ធនាគារ​ឯកជន​មួយ​របស់​លោក។

ឯកសារ​មួយ​ពាក់ព័ន្ធ​នឹង​ការ​ដក​សាច់ប្រាក់​សុទ្ធ​ដែល​លោក​បង្គាប់​ឱ្យ​ផ្ទេរ​ចេញពី​ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី គឺ​ធនាគារ 1 Malaysia Development Berhad ឬ 1MDB នូវ​សាច់ប្រាក់ ១០​លាន​ដុល្លារ។ តាម​រដ្ឋអាជ្ញា គឺ​ធនាគារ​មួយ​របស់​គ្រួសារ​លោក ណាជីប នៅ​ក្រុង​កូឡាឡាំពួរ គឺ​មាន​សាច់ប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ។

ក្រុម​រដ្ឋអាជ្ញា និង​ក្រុម​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់​នៅ​ក្នុង​សវនាការ​ថា នៅ​ពេល​រឿងអាស្រូវ​នេះ​ផ្ទុះ​ខ្លាំង ជាពិសេស​នៅ​ពេល​បក្ស​របស់​លោក​ចាញ់​ឆ្នោត គឺ​ប្រាក់​ដុល្លារ​ច្រើន​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ដក​ចេញ និង​ផ្ទេរ​ចេញ​ទៅ​កាន់​ធនាគារ​ដទៃ​ទៀត ហើយ​សូម្បី​ភូមិគ្រឹះ​មួយ​ចំនួន​ក៏​ផ្ទេរ​កម្មសិទ្ធិ​ដែរ។

ទាំង​ក្រុម​រដ្ឋអាជ្ញា និង​ក្រុម​ស៊ើបអង្កេត​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​ទាំង​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ដែល​មាន​សមត្ថកិច្ច រក​ឃើញ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​លោក ណាជីប ដែល​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា លោក ណាជីប និង​គ្រួសារ​របស់​លោក​បាន​លួច​លុយ​របស់​រដ្ឋ គឺ​មាន​ជាង ៤៥០០​លាន​ដុល្លារ​អាមេរិក។

ខណៈ​នេះ លោក ណាជីប ដែល​មាន​អាយុ ៦៩​ឆ្នាំ កំពុង​ដេក​ក្នុង​គុក​មួយ​នៅ​ជាយក្រុង​កូឡាឡាំពួរ។ លោក​ត្រូវ​បាន​តុលាការ​សហព័ន្ធ​ផ្ដន្ទាទោស​មាន​ទោស ១២​ឆ្នាំ ក្នុង​ករណី​មួយ​សំណុំរឿង គឺ​អំពើពុករលួយ។

លោក ណាជីប នៅ​ប្រឈមមុខ​នឹង​សំណុំរឿង​លាង​លុយ សំណុំរឿង​បំពាន​អំណាច និង​រំលោភ​សេចក្ដី​ទុកចិត្ត​ដែល​ជា​បទល្មើស​កម្រិត​ព្រហ្មទណ្ឌ​ដ៏​ធ្ងន់ធ្ងរ។ ឥឡូវ​នេះ លោក ណាជីប កំពុង​ប្ដឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល ហើយ​ស្វែងរក​ការ​សុំ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

តែ​យ៉ាងណាក៏ដោយ គ្រួសារ​របស់​លោក​ទាំងអស់ រួម​ទាំង​ប្រពន្ធ​របស់​លោក​ដែល​ពាក់​មាស​ពេជ្រ​ស្រោច​ខ្លួន ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ហាម​ចាកចេញ​ពី​ប្រទេស ដោយ​ត្រូវ​កោះហៅ​មក​ជំនុំជម្រះ​ក្ដី​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស