37 C
Phnom Penh

សមត្ថកិច្ច​ចាប់​ខ្លួន​ជនបរទេស​ជិត​៥០០​នាក់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស​និង​សញ្ចរកម្ម​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​ជនបរទេស​ជិត ៥០០​នាក់​ដែល​មាន ១០​សញ្ជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​មនុស្ស និង​សញ្ចរកម្ម​នៅ​កម្ពុជា រួម​មាន​ជនជាតិ​ចិន ជនជាតិ​ចិន​តៃវ៉ាន់ ជនជាតិ​វៀតណាម ជនជាតិ​ម៉ាឡេស៊ី ជនជាតិ​ឥណ្ឌូនេស៊ី ជនជាតិ​ឥណ្ឌា ជនជាតិ​ថៃ ជនជាតិ​បង់ក្លាដេស ជនជាតិ​ភូមា និង​ជនជាតិ​រុស្ស៊ី ផង​ដែរ ក្នុង​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់​ទៅ​តុលាការ ដើម្បី​បន្ត​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទៅ​លើ​ទីតាំង​បនល្បែង​ខុស​ច្បាប់​មួយ​កន្លែង​ឈ្មោះ ជីងឆាយ តិចណូឡូជី ដែល​បាន​បើក​ដំណើរការ​នូវ​ល្បែង​ខុស​ច្បាប់​ជាច្រើន​ប្រភេទ ដូចជា​ល្បែង​អនឡាញ​ខុស​ច្បាប់ បទល្មើស​ជួញដូរ​មនុស្ស និង​បទល្មើស​សញ្ចរកម្ម ជាដើម។

ប្រភព​ដដែល​អះអាង​ថា ជនបរទេស​ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​ដោយ​ខុស​ច្បាប់​សរុប​ចំនួន ២៣៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន ៩៩​នាក់ និង​ជនជាតិ​វៀតណាម​ចំនួន ១២២​នាក់ ក្រៅពី​នោះ​មាន​ជនជាតិ​ចិន​តៃវ៉ាន់ ជនជាតិ​ម៉ាឡេស៊ី ជនជាតិ​ថៃ ជនជាតិ​បង់ក្លាដេស និង​ជនជាតិ​ភូមា សរុប​រួម​មាន​ចំនួន ១៥​នាក់​ផង​ដែរ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដោយ​ធ្វើ​កិច្ចសន្យា​អប់រំ​ដល់​ជនបរទេស​ដែល​ស្រប​ច្បាប់ និង​បិទ​អាជីវកម្ម​ទាំងអស់​ដែល​ស្ថិត​ក្នុង​បរិវេណ​ទីតាំង​ឈ្មោះ ជីងឆាយ តិចណូឡូជី និង​បិទ​ជា​បណ្ដោះអាសន្ន​នូវ​អគារ​មួយ​ចំនួន ព្រមទាំង​ប្រគល់​ទ្រព្យសម្បត្តិ​ដែល​បាន​ចាប់​យក​ក្នុង​ពេល​ប្រតិបត្តិការ​ប្រគល់​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រក្សា​ទុក​ទាំងអស់។

ការ​ចេញ​បង្ក្រាប​បទល្មើស​ល្បែង​អនឡាញ​ខុស​ច្បាប់ បទល្មើស​ជួញដូរ​មនុស្ស និង​បទល្មើស​សញ្ចរកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​ការ​ជួញដូរ​មនុស្ស​ក្នុង​កម្រិត​ធ្ងន់ និង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប្រផេះ​នៃ​ការ​សម្អាត​ប្រាក់​កាលពី​ពេល​កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ត្អូញត្អែរ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​ធំៗ​២ គឺ​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កខ្វក់ និង​ត្រូវ​គេ​ដាក់​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស ដែល​ពិភពលោក​បង្កើន​ការ​តាមដាន​សម្រាប់​ឆ្នាំ​២០២២ នេះ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខមាត់​របស់​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ក៏​បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស​របស់​ខ្លួន​ផង​ដែរ ដែល​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​៣ (Tier 3 Watch List) ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

ដោយឡែក​កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២២ ក្រុម​ការងារ​ហិរញ្ញវត្ថុ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង (Financial Action Taskforce) ហៅ​កាត់​ថា FATF បាន​សម្រេច​បន្ត​ដាក់​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយ​កខ្វក់​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ​២០១៩ មក ដែល​ពិភពលោក​ត្រូវ​បង្កើន​ការ​តាមដាន​កាន់តែ​ខ្លាំង​ជាង​មុន​ក្នុង​ឆ្នាំ​២០២២ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស