35 C
Phnom Penh

បទវិភាគ៖ ចិន​បរាជ័យ​ប្រាំ​លើក​មក​ហើយ​ដែល​ពុំ​មាន​លទ្ធភាព​វាយ​កាន់កាប់​កោះ​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិន និង​តៃវ៉ាន់ គឺជា​សាច់ឈាម​តែ​មួយ​នឹង​គ្នា។ ដែនដី​ពីរ​នេះ​នៅ​ចន្លោះ​ពី​គ្នា​ដោយ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ ១៦០​គីឡូម៉ែត្រ។

នៅ​អំឡុង​សង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៤៩ បងប្អូន​ទាំង​ពីរ​នេះ​បាន​បាញ់​សម្លាប់​គ្នា​ដើម្បី​ផ្លាស់ប្ដូរ​របប​នៃ​ការ​ដឹកនាំ។ កាលពី​ដើមឡើយ ក្រុង​ប៉េកាំង គ្រប់គ្រង​ដោយ​របប​សាធារណរដ្ឋ​ចិន ដែល​ប្រកាន់​គោលការណ៍​ដឹកនាំ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ។

ប្រធានាធិបតី​សាធារណរដ្ឋ​ចិន ក្នុង​ទសវត្ស​នោះ គឺ​លោក ចាង កៃ ចៀក (Chiang Kai-shek)។ ទីក្រុង​ប៉េកាំង គឺជា​រដ្ឋធានី​របស់​សាធារណរដ្ឋ​មួយ​នេះ។ សង្គ្រាម​ស៊ីវិល​រយៈពេល ៤​ឆ្នាំ ជ័យជម្នះ​បាន​ទៅ​លើ​ទ័ព​ព្រៃ​នៃ​ចលនា​រំដោះ​ជាតិ​នៃ​ពួក​កុម្មុយនីស្ត​ដឹកនាំ​ដោយ​ជន​បដិវត្តន៍​ដ៏​ផ្ដាច់ការ គឺ​កម្មាភិបាល ម៉ៅ សេទុង។ សមមិត្ត ម៉ៅ សេទុង បាន​ដឹកនាំ​ទ័ព​ព្រៃ​របស់​លោក​សម្រុក​វាយ​រហូត​ចូល​កាន់កាប់​បាន​ទាំងស្រុង​នូវ​រដ្ឋធានី​ប៉េកាំង ដែល​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល ចាង កៃ ចៀក (Chiang Kai-shek)។

នៅ​ពេល​ក្រុង​ប៉េកាំង ត្រូវ​បាន​កងទ័ព​បដិវត្តន៍​កុម្មុយនីស្ត​វាយ​កាន់កាប់​បាន គឺ​ពេល​នោះ​គណៈរដ្ឋមន្ត្រី និង​មេទ័ព​របស់​លោក ចាង កៃ ចៀក បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​លើ​ដែន​កោះ​តៃវ៉ាន់។

ទីបំផុត របប​សាធារណរដ្ឋ​ចិន ត្រូវ​បាន​វាយ​ផ្ដួល​រំលំ​ទាំងស្រុង​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​១៩៤៩។ ការពិត សង្គ្រាម​ស៊ីវិល​ចាប់ផ្ដើម​ផ្ទុះ​តាំង​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​១៩២៧ មក​ម្ល៉េះ។ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៤៩ ដល់​ឆ្នាំ​១៩៧១ អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ នៅតែ​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​ដោយ​របប​សាធារណរដ្ឋ​ចិន ដឹកនាំ​ដោយ​ប្រធានាធិបតី​ចាញ់​សង្គ្រាម ចាង កៃ ចៀក។

របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ដណ្ដើម​អាសនៈ​របស់​សាធារណរដ្ឋ​ចិន​តៃវ៉ាន់​នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​១៩៧១ ដោយ​ការ​បោះឆ្នោត​ចេញពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

យ៉ាងណាក៏ដោយ ក្រោយពី​របប​សាធារណរដ្ឋ​ចិន បាន​រត់​ទៅ​ពង្រឹង​រដ្ឋអំណាច​នៅ​លើ​កោះ​តៃវ៉ាន់ ដើម្បី​ប្រែ​ក្លាយ​ជា​ដែនដី​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ គឺ​នៅ​ឆ្នាំ​១៩៥០-១៩៥៣ នៅ​ពេល​ឧបទ្វីប​កូរ៉េ​ផ្ទុះ​សង្គ្រាម​ស៊ីវិល គឺ​នៅ​អំឡុង​នោះ មេដឹកនាំ ម៉ៅ សេទុង បាន​បង្កើន​ចលនា​ទ័ព​យ៉ាង​សម្បើម​ឡោមព័ទ្ធ​តៃវ៉ាន់ នាំ​ឱ្យ​អាជ្ញាធរ​តៃវ៉ាន់​ប្រកាស​អាសន្ន​ថា ម៉ៅ សេទុង រៀបចំ​ផែនការ​វាយ​កាន់កាប់​ដែន​កោះ​តៃវ៉ាន់​ហើយ​នៅ​ពេលនេះ។

ភ្លាម​នោះ សហរដ្ឋ​អាមេរិក​ទោះ​ជា​កំពុង​ជាប់​ដៃ​ជួយ​របប​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង ក៏​អាមេរិក​បង្កើន​វត្តមាន​ទ័ព និង​នាវាចម្បាំង​ដាក់​ពង្រាយ​ក្នុង​លំហ​សមុទ្រ​ហ្វីលីពីន និង​រំកិល​នាវាចម្បាំង​ជាច្រើន​គ្រឿង​មក​ក្បែរ​នឹង​ដែន​កោះ​តៃវ៉ាន់ ហើយ​ពេល​នោះ ទ័ព​ម៉ារីន​របស់​អាមេរិក​បាន​ឡើង​ឈរ​ជើង​ផ្ទាល់​នៅ​លើ​កោះ​តៃវ៉ាន់។

ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ ម៉ៅ សេទុង បាន​បញ្ជា​ឱ្យ​ដក​ទ័ព និង​នាវាចម្បាំង​របស់​ចិន ឱ្យ​ចេញ​ឆ្ងាយ​ពី​កោះ​តៃវ៉ាន់។

នេះ​ជា​ដំណាក់កាល​មួយ​ដែល​តៃវ៉ាន់ ធ្លាក់​ក្នុង​ភាព​ផុយ​ស្រួយ​នៃ​ការ​វាយ​កាន់កាប់​ដោយ​កងទ័ព​របស់​ជន​កុម្មុយនីស្ត ម៉ៅ សេទុង។ ដល់​ឆ្នាំ​១៩៥៦ កងទ័ព​រំដោះ​ប្រជាជន​ចិន ក៏​បាន​ធ្វើ​ចលនា​ទ័ព​ប៉ុនប៉ង​វាយ​កាន់កាប់​ដែន​កោះ​នេះ​ម្ដង​ទៀត។ ទីបំផុត កងទ័ព​ចិន ក៏​ដក​ថយ​ត្រឡប់​ទៅវិញ ខណៈ​ទ័ព​ម៉ារីន និង​កង​នាវាចម្បាំង​របស់​អាមេរិក​បាន​មក​ដល់​ដែន​កោះ​តៃវ៉ាន់​ភ្លាមៗ​តែម្ដង។

នៅ​ឆ្នាំ​១៩៥៨ ស្ថានការណ៍​តានតឹង​ផ្ទុះ​ឡើង​ខ្លាំង​បំផុត។ កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ឡោមព័ទ្ធ​ដែន​កោះ​នេះ គឺ​សឹងតែ​ផ្ទុះ​សង្គ្រាម​ទៅ​ហើយ។ អាជ្ញាធរ​តៃវ៉ាន់ ប្រកាស​ប្រាប់​ពិភពលោក​ថា តៃវ៉ាន់​នឹង​ត្រូវ​ទ័ព​ចិន​ឈ្លានពាន​ឆាប់ៗ​នេះ​ហើយ។ តែ​ភ្លាម​នោះ នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក​យ៉ាងតិច ២​គ្រឿង​អម​ដោយ​នាវាចម្បាំង​ជាច្រើន​គ្រឿង បាន​បើក​ចេញពី​លំហ​សមុទ្រ​ហ្វីលីពីន និង​សមុទ្រ​ជប៉ុន ទៅ​ដល់​ក្បែរ​កោះ​តៃវ៉ាន់ ដោយ​មាន​យន្តហោះ​ជាច្រើន​គ្រឿង​ហោះ​ឆ្វែល​លើ​កោះ​តៃវ៉ាន់​ទៀត​ផង។

ទីបំផុត របប​កុម្មុយនីស្ត​ចិន សម្រេច​បន្ថយ​ភាព​តានតឹង​ដោយ​ដក​ទ័ព​នាវាចម្បាំង​ចេញ​ឆ្ងាយ​ពី​ដែន​កោះ​តៃវ៉ាន់។

នៅ​ឆ្នាំ​១៩៩៥ ចិន​ប្រតិកម្ម​ខ្លាំង​ដោយសារតែ​លោក​ប្រធានាធិបតី ប៊ិល ឃ្លិនតុន (Bill Clinton) អញ្ជើញ​ប្រធានាធិបតី​តៃវ៉ាន់ គឺ​លោក លី តេងហុយ ទៅ​ជួប​លោក​នៅ​សេតវិមាន។ ចិន​នៅ​ពេល​នោះ​បាន​ចោទ​រដ្ឋការ​លោក ឃ្លិនតុន ថា​បាន​រំលោភ​គោលនយោបាយ​ចិន​តែ​មួយ។

ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ពី​រវាង​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​១៩៩៥ ដល់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩៩៦ ដែល​ចន្លោះ​ពេល​នោះ រដ្ឋការ​លោក ឃ្លិនតុន សម្រេច​បញ្ជូន​ទ័ព​ម៉ារីន និង​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ឱ្យ​ទៅ​ចូល​ជួយ​តៃវ៉ាន់ បើ​ចិន​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​នេះ។

ទីបំផុត ប្រធានាធិបតី​ចិន Jiang Zemin បាន​សម្រួល​ឱ្យ​កងទ័ព​របស់​បក្ស​កុម្មុយនីស្ត​វិលត្រឡប់​មក​ចូល​ទីតាំង​របស់​ខ្លួន​វិញ។ នេះ​ជា​ការ​កត់ត្រា​ទុក​ដោយ​ការិយាល័យ​ប្រវត្តិសាស្ត្រ​នៃ​ក្រសួង​ការបរទេស​អាមេរិក អំពី​ចិន​មាន​ផែនការ​វាយ​យក​កោះ​តៃវ៉ាន់​ក្នុង​ដំណាក់កាល ៤​ដង ដែល​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​បំផុត។

តែ​ចុងក្រោយ​នេះ ស្ថានភាព​តានតឹង​ខ្លាំង​ជាង ៤​ដំណាក់កាល​នេះ​ទៅ​ទៀត។ នៅ​អំឡុង​មួយ​សប្ដាហ៍​ពេញ​នៅ​ដើម​ខែ​សីហា ចិន​បាន​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​យ៉ាង​សម្បើម ដោយ​នាវាចម្បាំង​ធំ​របស់​ចិន​ចំនួន ១៣​គ្រឿង​បំពាក់​ដោយ​គ្រាប់​មីស៊ីល និង​ការ​បង្ហោះ​យន្តហោះ​ចម្បាំង​ជាង ១០០​គ្រឿង ឲ្យ​ហោះ​រំលោភ​ដែន​កោះ​តៃវ៉ាន់ ហើយ​ថែម​ទាំង​បាញ់​មីស៊ីល​ធ្លាក់​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ជាច្រើន​គ្រាប់ ហើយ​ក្នុង​នោះ គឺ​មីស៊ីល​ផ្លោង​ប៉ាឡេស្ទីក ១១​គ្រាប់ ត្រូវ​បាន​កងទ័ព​ចិន បាញ់​ហោះ​រំលង​ដែន​កោះ​តៃវ៉ាន់​ធ្លាក់​ទៅ​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ជប៉ុន។

ពេញ​មួយ​សប្ដាហ៍ គឺ​សមយុទ្ធ​នេះ​បាន​បង្ខំ​ឱ្យ​តៃវ៉ាន់ បញ្ចេញ​នាវាចម្បាំង ១០​គ្រឿង និង​យន្តហោះ​ជាច្រើន​គ្រឿង​ហោះ​តាមដាន​សកម្មភាព​សមយុទ្ធ​របស់​កងទ័ព​ចិន។ ក្នុង​ពេល​នោះ តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​គ្រាប់​រាប់​រយ​គ្រាប់​ឱ្យ​ធ្លាក់​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​ខណៈ​នោះ នាវាចម្បាំង​របស់​អាមេរិក​ជាង ១០​គ្រឿង រួម​ទាំង​នាវា​ផ្ទុក​យន្តហោះ USS Ronald Regan ដែល​ផ្ទុក​យន្តហោះ​ចម្បាំង​ជាង ៦០​គ្រឿង បាន​បណ្ដែត​ខ្លួន​ក្បែរ​កោះ​តៃវ៉ាន់ ដើម្បី​ត្រៀម​ជួយ​ទ័ព​តៃវ៉ាន់ បើ​ចិន បង្កើត​ភ្លើង​សង្គ្រាម​វាយ​លើ​កោះ​តៃវ៉ាន់។ ព្រឹត្តិការណ៍​នេះ​កាន់តែ​ផុយ​ស្រួយ​ជាង​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៦ ទៅ​ទៀត។

ទីបំផុត លោក​ប្រធានាធិបតី​ចិន ស៊ី ជិនពីង បញ្ជា​ឱ្យ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ ហើយ​បន្ថយ​ភាព​តានតឹង។ អ្វី​ដែល​ចិន ប្រតិកម្ម​នេះ ព្រោះ​ចិន ប្រឆាំង​នឹង​វត្តមាន​របស់​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក ដែល​ធ្វើ​ទស្សនកិច្ច​នៅ​លើ​ដែន​កោះ​នេះ​នៅ​ថ្ងៃទី​២-៣ សីហា។ នេះ​ជា​ដំណាក់កាល​តានតឹង​ទី​៥ ដែល​ចិន​បរាជ័យ​ពុំ​មាន​លទ្ធភាព​វាយ​កាន់កាប់​កោះ​តៃវ៉ាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស