39.4 C
Phnom Penh

សហភាព​សហជីព​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​សហជីព​កម្ពុជា អំពាវនាវ​ឲ្យ​សមាជិក និង​ពលរដ្ឋ​ឲ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ បន្ទាប់ពី គ.ជ.ប នឹង​រៀបចំ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលា​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា រហូត​ដល់​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២។

ការ​អំពាវនាវ​របស់​សហភាព​សហជីព​កម្ពុជា ធ្វើឡើង​តាម​សេចក្ដី​ប្រកាស​ចុះ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២២ ដោយ​ឲ្យ​ថ្នាក់​ដឹកនាំ​សហព័ន្ធ សមាគម សហជីព​មូលដ្ឋាន គ្រូបង្រៀន កម្មករ និង​ពលរដ្ឋ ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ឡើងវិញ និង​អ្នក​មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​តាម​កន្លែង និង​កាលបរិច្ឆេទ​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

សហភាព​សហជីព​កម្ពុជា បញ្ជាក់​ថា ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​បាន លុះត្រាតែ​ពលរដ្ឋ​ទាំង​ពីរ​ភេទ​ដែល​ពុំ​ធ្លាប់​បាន​ចុះឈ្មោះ​ពី​មុន​មក និង​អ្នក​ដែល​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ ដោយ​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​សុពលភាព ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះឈ្មោះ​បោះឆ្នោត​ផង​ដែរ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា រហូត​ដល់​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ គ.ជ.ប នឹង​រៀបចំ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលាឃុំ-សង្កាត់ និង​តាម​ភូមិ​ក្នុង​ឃុំ-សង្កាត់​មួយ​ចំនួន​ទូទាំង​ប្រទេស។

រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលការណ៍​រួច​ហើយ​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧ នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស