36 C
Phnom Penh

ហេតុ​អ្វី​អ្នក​នយោបាយ​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៅ​មុន​រដូវ​បោះឆ្នោត?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ដែល​មាន​ឋានៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ និង​មាន​ព្រះរាជ​តួនាទី​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ គេ​ក៏​សង្កេត​ឃើញ​ថា ពួក​អ្នក​នយោបាយ​តែង​បើក​ឆាក​ព្រឹត្តិការណ៍​នយោបាយ​របស់​ពួកគេ​រៀងរាល់​មុន​ការ​បោះឆ្នោត​មក​ដល់​ស្ទើរតែ​គ្រប់​អាណត្តិ​ទៅ​ហើយ ដោយ​យក​អង្គ​ព្រះមហាក្សត្រ​ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ទូទាំង​ប្រទេស​នោះ យក​ព្រះអង្គ​ធ្វើ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ​គូ​ជម្លោះ​របស់​ខ្លួន​ទាំង​រឿង​បុគ្គល និង​ក្រុម​គ្រួសារ។

តើ​មូលហេតុ​អ្វី​បាន​ជា​អ្នក​នយោបាយ​ចូលចិត្ត​ធ្វើ​ទង្វើ​បែប​នេះ? លោក តាំង សារ៉ាដា សូម​ជូន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ​ពិស្ដារ។

ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ជា​ព្រះប្រមុខរដ្ឋ និង​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ។ រដ្ឋធម្មនុញ្ញ​មាត្រា​៧ ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​ត្រូវ​បាន​ជន​ណា​រំលោភ​បំពាន​បាន​ឡើយ។

ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​អតីត​ព្រះមហាក្សត្រ​តែង​ត្រូវ​បាន​មេដឹកនាំ​នយោបាយ​កំពូលៗ​ខ្លះ​យក​ព្រះអង្គ​ធ្វើ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ យក​ចាញ់​គូ​ជម្លោះ​របស់​ខ្លួន​ទាំង​រឿង​បុគ្គល និង​ក្រុម​គ្រួសារ ដែល​ធ្វើ​ឱ្យ​កំដៅ​នយោបាយ​របស់​កម្ពុជា​រាលដាល​កាន់តែ​ធំ​ឡើងៗ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ម្តងៗ ក្រុម​អ្នក​នយោបាយ​តែង​បើក​ឆាក​ព្រឹត្តិការណ៍​នយោបាយ​របស់​ពួកគេ ដោយ​ការ​សម្ដែង​ក្បាច់​ដដែលៗ​តាមរយៈ​ការ​បង្ក​ជា​ជម្លោះ​បុគ្គល។

ជម្លោះ​បុគ្គល​របស់​អ្នក​នយោបាយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ការ​ទាញ​ព្រះមហាក្សត្រ​ឲ្យ​ធ្វើ​ផ្ទាំង​ស៊ីប ហើយ​នាំគ្នា​វាយប្រហារ​ដោយ​វោហារ​សព្ទ​នៃ​ពាក្យ​ក្បត់​ជាតិ។

មេដឹកនាំ​នយោបាយ​ដែល​តែង​ប្រមាថ​មើលងាយ​ចំពោះ​ព្រះ​កិត្តិយស​របស់​ព្រះអង្គ​សព្វសារពើ​សព្វថ្ងៃ​នេះ ក៏​គ្មាន​អ្នក​ផ្សេង​ក្រៅពី​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​បុរស​ខ្លាំង​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន នោះ​ដែរ។

បើ​គេ​ពិនិត្យ​លើ​ប្រវត្តិ​នៃ​ការ​ក្តោប​ក្តាប់​អំណាច​ទំនើង​ចិត្ត​របស់​បុរស​ខ្លាំង​ដឹកនាំ​ប្រទេស​តាម​បែប​យោធា​និយម លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា បាន​ប្រើ​អំណាច​យោធា​ដែល​មាន​កងទ័ព​វៀតណាម​ជា​ខ្នង​បង្អែក​របស់​ខ្លួន​ទៅ​គាប​សង្កត់​ព្រះមហាក្សត្រ ឱ្យ​ព្រះអង្គ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្លួន​ចង់​បាន រាប់​ចាប់តាំងពី​ការ​បង្ខំ​ឱ្យ​ព្រះអង្គ​ឡាយព្រះហស្ដលេខា​លើ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា ដើម្បី​បើក​ផ្លូវ​ឱ្យ​កិច្ចសន្យា​ដែល​ខ្លួន​បាន​លួច​ចុះហត្ថលេខា​ដោយ​សម្ងាត់​ជាមួយ​វៀតណាម មាន​សុពលភាព​ឡើងវិញ​ថែម​ទៀត។

ជាក់ស្តែង កាលពី​ឆ្នាំ​១៩៨២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង កូថាច់ បាន​ចុះហត្ថលេខា​ខុស​ច្បាប់​កំណត់​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ និង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ដោយ​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ ជាមួយ​លោក ហ៊ុន សែន ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​នៅ​ពេល​នោះ។

លើស​ពី​នេះ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​អាណិកជន​វៀតណាម នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ទាំងនោះ​ថែម​ទៀត កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ កន្លង​ទៅ ហើយ​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​ពេល​បច្ចុប្បន្ន។

ក្រៅពី​ចុះហត្ថលេខា​កំណត់​ព្រំដែន​ទឹក ព្រំដែន​គោក និង​យល់ព្រម​ឱ្យ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ លោក ហ៊ុន សែន បាន​លួច​ចុះហត្ថលេខា​ជាមួយ​វៀតណាម​ជាច្រើន​ទៀត ដូចជា​ការ​កែប្រែ​ខ្នាត​ផែនទី​បោន​របស់​កម្ពុជា​ពី​ខ្នាត ១/១០០.០០០ មក​ជា​ខ្នាត ១/២៥.០០០ តាម​ការ​ចង់​បាន​របស់​វៀតណាម និង​ការ​ដាក់​ឱ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ចំណុះ​ឱ្យ​វៀតណាម ដែល​ធ្វើ​ឱ្យ​បាត់​ដែនទឹក​របស់​ខ្មែរ ដូចជា​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ រហូត​ដល់​បច្ចុប្បន្ន​នេះ។

យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង​ទាំងនោះ​បាន​អស់​សុពលភាព​ទៅវិញ​ទាំងអស់​បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ បែប​នេះ​ក្តី ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៨១ រូប​នេះ បាន​ចុះហត្ថលេខា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាន វ៉ាន់ខាយ កាលពី​ឆ្នាំ​២០០៥ បន្ថែម​ទៀត ដើម្បី​ទទួលស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​បាន​បង្ខំ​ឱ្យ​រដ្ឋសភា​ជាតិ​អនុម័ត ក្នុង​បំណង​ធានា​នូវ​ការ​រស់​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម​នា​ពេល​កន្លងមក។

លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​គំរាម​រំលាយ​របប​រាជា​និយម ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ​ផង​ដែរ ប្រសិនបើ​សម្ដេចព្រះ នរោត្តម សីហនុ ដែល​ជា​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ពេល​នោះ​មិន​ព្រម​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ដើម្បី​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​ខ្លួន​អាច​ចុះ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ជាមួយ​រដ្ឋាភិបាល​វៀតណាម បាន​បន្ត​ទៀត​នោះ។

ជាង​នេះ​ទៀត កាលពី​អំឡុង​ឆ្នាំ​២០១៨ បុរស​ខ្លាំង​ក្តាប់​អំណាច​ទំនើង​ចិត្ត លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ ជុំវិញ​ជម្លោះ​ផ្ទៃក្នុង​នៃ​ក្រុមហ៊ុន​ស្ថានីយ​ទូរទស្សន៍ ស៊ីអ៊ិនស៊ី (CNC) ដែល​លោក ហ៊ុន សែន គំរាម​ថា «កុំ​ថា​ឡើយ​ត្រឹម​ម្ចាស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ឧកញ៉ា គិត ម៉េង សូម្បីតែ​ម៉ែ​ឪ​ស្ដេច ក៏​លោក​មិន​ខ្លាច​ដែរ ហើយ​បើ​យក​ម៉ែ​ឪ​ស្តេច​មក​ការពារ​ខ្លួន ក៏​ការពារ​មិន​បាន​ទៀត»

តាមរយៈ​នៃ​ការ​ដឹកនាំ​ក្តោប​ក្តាប់​អំណាច​របស់​លោក ហ៊ុន សែន ជាង ៤​ទសវត្ស​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​រូប​នេះ បាន​រំលោភ​លើ​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​ស្នើ​រដក ឬ​តែងតាំង​មន្ត្រី​រដ្ឋាភិបាល​នានា​ដោយ​គ្មាន​ការ​សុំ​ព្រះរាជ​គំនិត​របស់​ព្រះអង្គ ជាដើម។ ហើយ​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ ក្នុង​មាត្រា​៨ មិន​ត្រូវ​មេដឹកនាំ​ទាំងនោះ​អនុវត្ត​តាម​ឡើយ ជាពិសេស​នៅ​ពេល​ដែល​ពួកគេ​បង្ក​ជម្លោះ​ដាក់​គ្នា​ទៅវិញ​ទៅមក​ដូច​សព្វថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ មេដឹកនាំ​ដែល​ប្រមាថ​ព្រះមហាក្សត្រ​របស់​ខ្លួន ត្រូវ​គេ​មើល​ឃើញ​ថា មិនមែន​តែ​លោក ហ៊ុន សែន តែ​ម្នាក់​នោះ​ទេ ក្នុង​នោះ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​មិនទាន់​កាន់​អំណាច​នៅ​ក្នុង​ដៃ ក៏​ត្រូវ​គេ​មើល​ឃើញ​ផង​ដែរ​ថា លោក​បាន​ប្រមាថ​ព្រះ​កិត្តិនាម និង​ព្រះ​កិត្តិយស​របស់​ព្រះមហាក្សត្រ​ខ្មែរ​មិន​ចាញ់​លោក ហ៊ុន សែន ប៉ុន្មាន​ឡើយ។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក សម រង្ស៊ី ធ្លាប់​បាន​លើកឡើង​ថា ព្រះមហាក្សត្រ​សព្វថ្ងៃ​គ្មាន​អំណាច​ធ្វើ​អ្វី​បាន​ទេ។ លោក​ថា ព្រះអង្គ​គួរតែ​យាង​ចុះ​ពី​រាជបល្ល័ង្គ​ល្អ​ជាង ព្រោះ​ថា​ទ្រង់​មិន​ត្រូវ​គង់​ជា​មហាក្សត្រ​ទីងមោង ដើម្បី​គ្រាន់តែ​ប្រថាប់ត្រា​ឲ្យ​លោក ហ៊ុន សែន បំផ្លាញ​ជាតិ និង​ធ្វើ​បាប​រាស្ត្រ​តាម​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ឡើយ។

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី រិះគន់​ថា ព្រះមហាក្សត្រ​សព្វថ្ងៃ​នេះ​គ្រាន់តែ​ជា​ស្តេច​ដែល​រង់ចាំ​ធ្វើ​តាម​តែ​បញ្ជា​លោក ហ៊ុន សែន គ្រប់​យ៉ាង​ប៉ុណ្ណោះ។ ព្រះអង្គ​មិន​ដែល​គិតគូរ​ពី​រឿង​ប្រទេស​ជាតិ​ណា​ម្តង​ឡើយ។ បន្ថែម​ពី​នេះ ព្រះអង្គ​សម្ងំ​យក​សុខ​សម្រាប់​តែ​អង្គ​ឯង ដូចជា​សត្វ​សេក​ក្នុង​ទ្រុង​មាស ដែល​លោក ហ៊ុន សែន យក​ថវិកា​ជាតិ​ទៅ​ចិញ្ចឹម តែ​គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ​ឡើយ​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ។

ជាង​នេះ​ទៀត វីដេអូ​ឃ្លីប​មួយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ នេះ បាន​ចោទ​ព្រះមហាក្សត្រ​ខ្មែរ​ថា​ព្រះអង្គ​ជា​ស្តេច​ដែល​គ្មាន​មនសិការ​ជាតិ និង​ជា​ស្តេច​ដែល​គាំទ្រ​ឱ្យ​លោក ហ៊ុន សែន កាត់​ទឹកដី​ឱ្យ​ទៅ​បរទេស​ប៉ុណ្ណោះ។

ជុំវិញ​ការ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​នេះ បុរស​ខ្លាំង​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ព្រះសង្ឃ និង​មន្ត្រី​រាជការ នាំគ្នា​ថ្កោលទោស​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ជា​បន្តបន្ទាប់ ប៉ុន្តែ​បទបញ្ជា​របស់​លោក ហ៊ុន សែន ត្រង់​ចំណុច​នេះ ត្រូវ​គេ​រិះគន់​ថា លោក​កំពុង​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ​នេះ​តែប៉ុណ្ណោះ។

ការ​បង្ក​ជម្លោះ​ទាស់ទែង​គ្នា​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មិនមែន​ជា​លើក​ទី​មួយ​ទេ ប៉ុន្តែ​ក្រោម​ជម្លោះ​រាប់​មិន​អស់​នេះ ពួកគេ​ក៏​តែងតែ​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ជាច្រើនលើក​ច្រើនសា​ដែរ ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន អាច​ក្តោប​ក្តាប់​អំណាច​ពេញ​ដៃ​រហូត​ដល់​សព្វថ្ងៃ​នេះ។

ជាក់ស្តែង កាលពី​ឆ្នាំ​២០០៦ មេដឹកនាំ​នយោបាយ​ទាំង​ពីរ​នេះ​ធ្លាប់​បាន​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ធំធេង ក្នុង​នោះ​លោក ហ៊ុន សែន ត្រូវ​បាន​សមាជិក​រដ្ឋសភា​ពី​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី ជួយ​កែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក​ជា ៥០​ភាគរយ​បូក​១ ដើម្បី​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ត្រូវការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចូលរួម​ជាមួយ ខណៈ​លោក សម រង្ស៊ី ក៏​ទទួល​បាន​ផលប្រយោជន៍​ពី​រឿង​នេះ​ផង​ដែរ ដែល​គាត់​បាន​ខ្ចី​លោក ហ៊ុន សែន ឆ្កឹះ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ចេញពី​ឆាក​នយោបាយ​ដើម្បី​ឱ្យ​ខ្លួន​គាត់​អាច​ដើរ​តួ​ជា​មេដឹកនាំ​ប្រឆាំង​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ជាង​នេះ​ទៀត ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ក្រោម​ការ​ចរចា​នយោបាយ​ដែល​ត្រូវ​ផ្តល់​តួនាទី​ឱ្យ​លោក សម រង្ស៊ី ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​បាន​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​ចូល​បំពេញ​ច្បាប់​ឱ្យ​រដ្ឋសភា​មិន​គ្រប់​ទឹក​របស់​បក្ស​កាន់​អំណាច ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន មាន​ឱកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។

ក្រុម​អ្នក​រិះគន់​ខ្លះ​និយាយ​ថា លោក សម រង្ស៊ី មាន​ចេតនា​ខ្ចី​ដៃ​លោក ហ៊ុន សែន ទាត់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញពី​ឆាក​នយោបាយ ហើយ​បាន​អូស​ទាញ​មន្ត្រី​ដែល​ស្និទ្ធ​នឹង​ខ្លួន​ចេញ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ទាំងអស់។

យ៉ាងណាក៏ដោយ នៅ​សល់​ពេល​មិន​ដល់​មួយ​ឆ្នាំ​ទៀត​នោះ​ទេ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នឹង​ឈាន​ចូល​មក​ដល់​ហើយ ទាំង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​នាំគ្នា​វាយ​ស្គរ ដើម្បី​ទាញ​ការ​ចាប់អារម្មណ៍​ពី​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។

អ្នក​ឃ្លាំមើល​សង្គម លោក សុខ សុគន្ធ បាន​លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​តុលា ថា ទាំង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី សុទ្ធតែ​ជា​អ្នក​នយោបាយ​ប្រជាភិថុតិ ឬ​ជា​អ្នក​នយោបាយ​បោក​ពលរដ្ឋ​ខ្លួនឯង​ដូច​គ្នា ហើយ​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​មិន​ខុស​គ្នា​នោះ​ទេ គឺ​លោក ហ៊ុន សែន ផ្ដាច់ការ​គាប​សង្កត់​អ្នក​ដទៃ​ក្នុង​បក្ស​របស់​គាត់ ចំណែក​លោក សម រង្ស៊ី និង​ភរិយា​របស់​គាត់ គឺ​អ្នកស្រី ជូឡុង សូមួរ៉ា ក៏​ផ្ដាច់ការ​ក្នុង​បក្ស​របស់​ខ្លួន​ដែរ។

លោក សុខ សុគន្ធ បញ្ជាក់​ថា បើ​ប្រៀបធៀប​លោក សម រង្ស៊ី ដែល​មិនទាន់​មាន​អំណាច និង​លោក ហ៊ុន សែន ដែល​កំពុង​ក្តាប់​អំណាច អ្នក​ដែល​រំលោភ​ព្រះមហាក្សត្រ​ខ្លាំង​ជាងគេ គឺ​មាន​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះ​ថា​លោក ហ៊ុន សែន មិន​ត្រឹមតែ​ប្រមាថ​ព្រះមហាក្សត្រ​ទេ ថែម​ទាំង​រឹតត្បិត​សេរីភាព​របស់​ព្រះអង្គ​ថែម​ទៀត។

ផ្អែក​លើ​ទិដ្ឋភាព​ជាក់ស្តែង​ជុំវិញ​ទង្វើ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​ពួកគេ​នាំគ្នា​ប្រព្រឹត្ត​កន្លងមក គេ​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ថា ពេល​ខ្លះ​លោក សម រង្ស៊ី ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​ជាមួយ​លោក ហ៊ុន សែន ទាំង​រឿង​នយោបាយ និង​រឿង​បុគ្គល​ផ្ទាល់ខ្លួន ប៉ុន្តែ​ពេល​ខ្លះ​ទៀត ពួកគេ​ទាំង​ពីរ​ក៏​ជា​មិត្ត​ដ៏​ផ្អែមល្ហែម​ត្រជាក់​ចាក់​ទឹក​មិន​លេច​នឹង​គ្នា​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស