ក្រុមអ្នកប្រជាធិបតេយ្យចាត់ទុកវត្តមានរបស់លោក ចូ បៃដិន (Joe Biden) នៅកម្ពុជាខាងមុខនេះគួរតែលើកឡើងឲ្យដាច់ស្រេចថា កម្ពុជាដើរតាមបន្ទាត់ប្រជាធិបតេយ្យត្រឹមត្រូវ ឬមួយដើរលើប្រជាធិបតេយ្យបែបផ្ដាច់ការទៅមុខទៀត ហើយលោក បៃដិន ក៏ត្រូវកំណត់យុទ្ធសាស្ត្រចុងក្រោយរបស់ខ្លួនដែរ ថាតើអាមេរិកគួរបន្តចាត់ទុកកម្ពុជាជាដៃគូប្រយោជន៍ ឬជាដៃគូជម្លោះពិតប្រាកដ?
នៅដំណាក់កាលចុងក្រោយនេះ គេសង្កេតឃើញទំនាក់ទំនងកម្ពុជា និងអាមេរិក ស្ថិតលើវិថីមួយដែលពិបាកធ្វើដំណើរទៅឈោងចាប់ដៃគ្នាឲ្យជិតស្និទ្ធនោះណាស់។
ភាពរំសាយចិត្តរវាងប្រទេសទាំងពីរកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់បុរសខ្លាំងគ្មានគូប្រៀប បោសកម្ទេចក្រុមប្រឆាំង និងរំលាយបក្សប្រឆាំងធំជាងគេចោល ហើយដែលបក្សនោះដឹកនាំដោយលោក កឹម សុខា និងលោក សម រង្ស៊ី។
ក្នុងស្ថានភាពនេះ រដ្ឋការ និងសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់បង្កកទ្រព្យសម្បត្តិរបស់មន្ត្រីគ្រាក់ៗរបស់លោក ហ៊ុន សែន និងទ្រព្យសម្បតិ្តនៃគ្រួសាររបស់លោក ហ៊ុន សែន ដែលមាននៅលើទឹកដីអាមេរិក។ លើសនេះទៀត រដ្ឋការរបស់លោក ចូ បៃដិន សម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក ដែលមិនត្រូវយកពន្ធលើការនាំចូលផលិតផលកាត់ដេរពីកម្ពុជា ដែលមានសាច់ប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។
ទោះជាបែបនេះក្ដី ក្រុមអ្នករិះគន់និយាយថា វិធានការនេះមិនមានប្រសិទ្ធភាពនោះទេ ព្រោះរបបភ្នំពេញមិនទាន់ឃើញខាតបង់អ្វីធំដុំនោះឡើយ។
ជាងនេះទៀត អាមេរិកនៅសល់តែពេលវេលាមួយទៀត គឺការអនុម័តច្បាប់ថ្មីចុងក្រោយរបស់ខ្លួនមួយទៀត ដែលគេហៅថា ច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាតែប៉ុណ្ណោះ។ ច្បាប់នេះ ត្រូវបានអនុម័តរួចទៅហើយដោយអនុគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការបរទេស គឺនៅសល់តែការសម្រេចរួមរបស់ព្រឹទ្ធសភាតែប៉ុណ្ណោះ។
ប្រសិនបើច្បាប់នេះអនុម័តហើយនោះ គឺទំនាក់ទំនងកម្ពុជា-អាមេរិក នឹងដើរដល់ចំណុចបែកបាក់គ្នាធ្ងន់ធ្ងរ។
តើច្បាប់នេះអាចកើតជារូបរាងនៅពេលណា ហើយអាចចេញរួចដែរឬទេ បើមន្ត្រីអាមេរិកមួយចំនួននៅតែលឹបលៗជាមួយនឹងរបបក្រុងភ្នំពេញដែរនោះ?
ក្នុងស្ថានភាពដូចនេះដែលគេថាអាមេរិកដូចជាទៅមុខមិនរួច ថយក្រោយមិនរួចអំពីអនាគតរបស់ខ្លួនជាមួយនឹងកម្ពុជាសព្វថ្ងៃ។ គេថាជំហរមិនច្បាស់លាស់របស់អាមេរិកដូចនេះ បានត្រឹមបង្កឲ្យមានភាពប្រទាំងប្រទូស្តផង និងត្រូវរ៉ូវគ្នាផងជាមួយនឹងរបបភ្នំពេញ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ ភាពមិនច្បាស់លាស់របស់អាមេរិកនេះហើយ ដែលជាហេតុនាំឲ្យការដឹកនាំរបស់បុរសខ្លាំងនៅកម្ពុជា កាន់តែដឹកនាំទៅរករបបផ្ដាច់ការ និងកាន់តែមានអំនួត ហើយមិនខ្លាចបាត់បង់ដៃគូជាមួយអាមេរិកនោះទេ។
ព្រោះតែដូចនេះហើយ ធ្វើឱ្យរដ្ឋាភិបាលអាមេរិកចំណាយពេលរាប់សិបឆ្នាំដោយរុញឲ្យធ្លាក់ក្នុងភាពប្រទាញគំនិតគ្នានៃក្រុមអ្នកប្រជាធិបតេយ្យត្រឹមត្រូវ ហើយនាំឲ្យក្រុមនេះឈានទៅដល់ការបែកបាក់គ្នាទៀតផង។ ដូចនេះហើយបានជាមានការចោទសួរថា តើអាមេរិកគួរដើរលើវិថីពិបាកធ្វើការជាមួយរបបរបស់បុរសខ្លាំងក្រុងភ្នំពេញសព្វថ្ងៃនេះបន្តទៀត ឬក៏ត្រូវចាត់ទុកជាដៃគូជម្លោះតែម្ដង?
មានមតិខ្លះនិយាយថា ព្រោះតែយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ទើបកម្ពុជាមានសារសំខាន់ក្នុងកែវភ្នែកអាមេរិក ធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះគ្មានខ្វល់សម្ពាធបរទេសនោះទេ ដែលមិនថាឡើយសម្ពាធរបស់អាមេរិក ចំណែកសម្ពាធរបស់សហភាពអឺរ៉ុប បុរសខ្លាំងលោក ហ៊ុន សែន មិនខ្វល់ដែរ។ ពួកគេនិយាយថា ក្រុងវ៉ាស៊ីនតុន រៀបយុទ្ធសាស្ត្រគ្រាន់តែលឹបលៗប៉ុណ្ណោះ។

តើវាជាយុទ្ធសាស្ត្រដូចម្ដេច?
អ្នកសង្កេតការណ៍លើកឡើងអំពីសាវតារថ្មីនៃទំនាក់ទំនងអាមេរិកដ៏ប្រេះស្រាំនៅឆ្នាំ២០១៣ គឺពេលនោះ ប្រទេសកម្ពុជាមានការបោះឆ្នោត ដែលកាលនោះលទ្ធផលបង្ហាញថាបក្សប្រជាជនជួបរឿងអាក្រក់បំផុតក្នុងរយៈពេលបីអាណត្តិចុងក្រោយ គឺចាញ់ឆ្នោតបក្សប្រឆាំងដឹកនាំដោយលោក កឹម សុខា និងលោក សម រង្ស៊ី។
តែបក្សកាន់អំណាចមួយនេះបានរៀបចំផែនការយកឈ្នះតែម្ដង គឺកំណត់យកអាសនៈឈ្នះលើគូប្រកួត ដោយរុញឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសជាអ្នកថាតាមក្រោយ។
ពេលនោះ បក្សប្រឆាំងឈ្នះអាសនៈបាន ៥៥ ទល់នឹង ៦៨ តែតួលេខនេះគឺអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចាត់ទុកថាមានការក្លែងបន្លំពីស្ថាប័នបោះឆ្នោតលម្អៀងទៅរកបក្សកាន់អំណាច ដែលការពិត បក្សប្រឆាំងឈ្នះលើសលប់។ ពេលនោះ បក្សប្រឆាំងបានច្រានចោលដោយមិនព្រមយកអាសនៈសភានោះទេ ហើយធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតជាបន្តបន្ទាប់។ អំណាចបាតុកម្មបានរីកខ្លាំងឡើងៗ ខណៈកម្មករមើលឃើញពីលក្ខខណ្ឌអាក្រក់ និងថ្លៃឈ្នួលទាបពេក ក៏បានមកចូលរួមធ្វើបាតុកម្មផងដែរ។
បាតុកម្មដ៏ធំមានការចូលរួមពីមហាជន និងកម្មករ តែភាពស្ទុះស្ទារបស់អាមេរិកដែលមិនលូកដៃភ្លាមជួយកម្លាំងអ្នកប្រជាធិបតេយ្យ ទីបំផុតរដ្ឋាភិបាលលោក ហ៊ុន សែន ក៏សម្រេចបង្ក្រាបដោយបាញ់សម្លាប់បាតុករ ហើយក្រោយមក បក្សកាន់អំណាចក៏អូសបក្សប្រឆាំងចូលរដ្ឋសភាជំរុញឱ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោតក្រោមលក្ខខណ្ឌពីបក្សប្រឆាំង។
ពេលដឹងថាស្ថាប័ននេះលែងស្ថិតនៅក្រោមអំណាចរបស់ខ្លួនបានទៀតហើយ បក្សកាន់អំណាចក៏រកវិធីរំលាយបក្សប្រឆាំងនេះតែម្ដង គឺនៅក្រោយការបោះឆ្នោតឃុំ-សង្កាត់ដែលបក្សប្រឆាំងដណ្ដើមយកអំណាចមូលដ្ឋានបានហើយនោះ។
ក្រោយរំលាយបក្សប្រឆាំងហើយ គឺមួយឆ្នាំក្រោយមក កម្ពុជាមានការបោះឆ្នោតសភាដែលពុំមានបក្សសង្គ្រោះជាតិចូលរួមនោះទេ។ បក្សកាន់អំណាចប្ដូរប្រព័ន្ធបោះឆ្នោត បន្តបង្ក្រាបក្រុមប្រឆាំង បង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សហជីពការងារ អង្គការមិនមែនរដ្ឋាភិបាល។
មេដឹកនាំបក្សប្រឆាំងមួយរូប គឺលោក សម រង្ស៊ី បាននិរទេសខ្លួន ហើយចំណែកលោក កឹម សុខា និងអ្នកនយោបាយសំខាន់ៗក្នុងបក្ស ត្រូវបានចាប់ខ្លួន និងកាត់ទោស ហើយហាមមិនឲ្យធ្វើនយោបាយចំនួន ៥ឆ្នាំថែមទៀត។

នៅពេលដែលបក្សកាន់អំណាចអស់ក្រុមខ្លាំងប្រកួតជាមួយខ្លួនហើយ ពេលនោះការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨ ប្រៀបដូចជាការប្រណាំងសេះលើសង្វៀនប្រកួតដែលគ្មានគូប្រកួត។
ខណៈនោះ សហរដ្ឋអាមេរិក និងអឺរ៉ុបឆ្លើយតបដែរ ដោយដាក់ទណ្ឌកម្មលើមន្ត្រីពុករលួយ រឹតត្បិតការអនុគ្រោះប្រព័ន្ធពាណិជ្ជកម្ម។ តែទោះជាបែបនេះក្តី លោក ហ៊ុន សែន បានអូសប្រទេសទាំងមូលទៅពឹងផ្អែកនយោបាយ និងសេដ្ឋកិច្ចពីប្រទេសចិនវិញ ទោះបីជាដឹងថាបំណុលចិនអាចក្លាយជាអន្ទាក់បំណុល និងឥទ្ធិពលអាក្រក់ក៏ដោយ។
ក្រុងវ៉ាស៊ីនតុន សឹងតែភ្លេចថាកម្ពុជាធ្លាក់ទៅក្នុងគន្លងចិន រហូតដល់ឆ្នាំ២០១៩ ពេលមួយដែលអាមេរិកបានឃើញនូវកិច្ចព្រមព្រៀងចម្លងដែលអនុញ្ញាតឱ្យចិនស្ថាបនាមូលដ្ឋានទ័ពជើងទឹកនៅសមុទ្ររាម ទើបអាមេរិកភ្ញាក់ខ្លួន។ អាមេរិកភ្ញាក់ខ្លួនខ្លាំង គឺនៅចុងអាណត្តិលោក ដូណាល់ ត្រាំ នោះតែម្តង។
ចូលដល់អាណត្តិលោក បៃដិន ទើបអាមេរិកភ្ញាក់ខ្លួនខ្លាំងជាងមុនដោយបញ្ជូនមន្ត្រីជាន់ខ្ពស់ជាហូរហែមកជួបលោក ហ៊ុន សែន អំពីមូលដ្ឋានទ័ពជើងទឹករាម ដែលអាចនឹងក្លាយជាមូលដ្ឋានទ័ពជើងទឹកចិន និងអំពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា តែរបបនៅភ្នំពេញយកត្រចៀកម្ខាងស្ដាប់ ប៉ុន្តែម្ខាងទៀតស្ដាប់ចិនដោយយកចិត្តទុកដាក់ស្ដាប់ជាងអាមេរិកទៅទៀត។

តែពេលនេះដូចជាចង់ហួសពេលទៅហើយ គឺកម្ពុជាធ្លាក់ក្រោមឥទ្ធិពលចិនខ្លាំងទៅហើយជាមួយនឹងបំណុលហក់ឡើងដូចភ្នំ។ ឥឡូវនេះទៀត គឺនៅសប្ដាហ៍ក្រោយ លោក បៃដិន នឹងមកជាន់ទឹកដីកម្ពុជាដើម្បីចូលរួមប្រជុំកំពូលអាស៊ាន-អាមេរិក។
លោក ហ៊ុន សែន ថ្លែងអួតអាងថា លោក បៃដិន បានសម្រេចមកកាន់កម្ពុជាតាមការអញ្ជើញរបស់លោក។ វត្តមានរបស់លោក បៃដិន និងមេដឹកនាំបណ្ដាប្រទេសប្រជាធិបតេយ្យ នឹងនាំឲ្យរបបភ្នំពេញចាត់ទុកថាខ្លួនគេកំពុងតែមានប្រៀបយ៉ាងពិតប្រាកដលើក្រុមប្រឆាំង គឺលើការតស៊ូការទូត។ មិនតែប៉ុណ្ណោះ ក្រុងភ្នំពេញថាអ្នកនយោបាយក្នុងស្រុកទាំងអស់សុទ្ធតែមានសេរីភាព គឺលើកលែងក្រុមអ្នកនយោបាយរត់ទៅក្រៅប្រទេសតែប៉ុណ្ណោះ។
ដូចនេះ ប្រព័ន្ធប្រជាធិបតេយ្យនៅតែទទួលបានការរាក់ទាក់ពីមេដឹកនាំសហរដ្ឋអាមេរិក និងក្រុមបស្ចិមប្រទេស។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកប្រជាធិបតេយ្យគិតថា វត្តមានលោក បៃដិន ដែលមានវត្តមាននៅកម្ពុជាខាងមុខនេះ គួរតែលើកឡើងឲ្យដាច់ស្រេចថាកម្ពុជាដើរតាមបន្ទាត់ប្រជាធិបតេយ្យត្រឹមត្រូវ ឬក៏ដើរលើប្រជាធិបតេយ្យបែបផ្ដាច់ការទៅមុខទៀត ហើយរដ្ឋការលោក បៃដិន ផ្ទាល់ ក៏ត្រូវកំណត់យុទ្ធសាស្ត្រចុងក្រោយរបស់ខ្លួនដែរ ថាតើអាមេរិកគួរបន្តចាត់ទុកកម្ពុជាជាដៃគូប្រយោជន៍ ឬជាដៃគូជម្លោះពិតប្រាកដ៕