29.6 C
Phnom Penh

កម្ពុជា-វៀតណាម​ប្ដេជ្ញា​ពន្លឿន​ចរាចរណ៍​ទំនិញ​នាំចេញ​នាំចូល​ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​គយ​វៀតណាម ប្ដេជ្ញា​ពន្លឿន​ចរាចរណ៍​ទំនិញ​នាំចេញ និង​នាំចូល ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ជំរុញ​នូវ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បង្ការ ទប់ស្កាត់​ទំនិញ​គេច​ពន្ធ និង​ការ​ដឹកជញ្ជូន​ឆ្លងដែន​ខុស​ច្បាប់។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​វៀតណាម លោក Nguyen Van Can នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ​ស្ដីពី​ការ​ប្រមូល​ចំណូល​ពន្ធ និង​អាករ សម្រួល​ពាណិជ្ជកម្ម បង្ការ និង​បង្ក្រាប​បទល្មើស​គេច​ពន្ធ និង​បន្លំ​ពន្ធ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គយ​នៃ​ប្រទេស​ទាំង​ពីរ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូចជា​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បង្ការ​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ និង​ការ​ដឹកជញ្ជូន​ឆ្លងដែន​ខុស​ច្បាប់​នៅ​មាត់ច្រក​ព្រំដែន ជាពិសេស​ការ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​រួម​គ្នា​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ប្រទេស​កម្ពុជា និង​ច្រក​ព្រំដែន ម៉ុកបៃ ប្រទេស​វៀតណាម។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម ក្នុង​គោលបំណង​ពន្លឿន​ចរាចរណ៍​ទំនិញ​នាំចេញ និង​នាំចូល​ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​គយ​វៀតណាម បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​ដើម្បី​ពន្លឿន​ចរាចរណ៍​ទំនិញ​នាំចេញ​នាំចូល​គោលដៅ​លើក​កម្ពស់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ​ភាគី​ទាំង​ពីរ​ក៏​បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ផង​ដែរ។ ជាង​នេះ​ទៀត ពួកគេ​ក៏​បាន​ប្ដេជ្ញា​ថា​នឹង​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​បន្ទាប់​ទៀត​នៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០២៤ ខាងមុខ​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២២ ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ឯកភាព​គ្នា​ថា វៀតណាម និង​កម្ពុជា នឹង​ខិតខំ​នាំ​យក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​លើស​ពី ១០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២២ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០២២ កន្លងទៅ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ធំ​ជាងគេ​ទី​បី​ជាមួយ​ប្រទេស​វៀតណាម បន្ទាប់ពី​ប្រទេស​ថៃ និង​សិង្ហបុរី ហើយ​កម្ពុជា​ក៏​ជា​ទីផ្សារ​ធំ​ទី​ពីរ​របស់​វៀតណាម​ផង​ដែរ បន្ទាប់ពី​ប្រទេស​ថៃ សម្រាប់​បម្រើ​ឱ្យ​ការ​នាំចេញ​របស់​វៀតណាម។

ប្រភព​ដដែល​លើកឡើង​ថា ការ​នាំ​ចេញពី​វៀតណាម​ទៅ​កម្ពុជា​ធំ​ជាងគេ គឺ​ទំនិញ​ឧស្សាហកម្ម ក្នុង​នោះ​ដែកថែប គឺ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ចំណែក​ចំណាត់ថ្នាក់​ទី​ពីរ គឺ​វាយនភណ្ឌ និង​សម្លៀកបំពាក់។ លើស​ពី​នេះ មាន​ដូចជា ជី​កសិកម្ម និង​ផលិតផល​ម្ហូប​អាហារ​ដែល​វៀតណាម នាំចេញ​ទៅ​កាន់​ទីផ្សារ​កម្ពុជា ក៏​កាន់តែ​កើនឡើង​ថែម​ទៀត​ផង​ដែរ។

ដោយឡែក​ការ​នាំចូល​ពី​កម្ពុជា​ទៅ​វៀតណាម ដូចជា​ជ័រកៅស៊ូ ស្វាយចន្ទី និង​វត្ថុធាតុដើម​បន្ទាប់បន្សំ​ផ្សេង​ទៀត គឺ​មាន​ការ​ថយ​ចុះ និង​ជួប​ឧបសគ្គ​ជាច្រើន ហើយ​រាល់​មុខទំនិញ​របស់​កម្ពុជា​គឺ​ត្រូវ​បាន​ភាគី​វៀតណាម​ជា​អ្នក​កំណត់​តម្លៃ​ទាំងអស់ រួម​ទាំង​ការ​ចរាចរ​ទំនិញ​ទាំងនោះ​ថែម​ទៀត។

ជាក់ស្តែង កាលពី​ចុង​ឆ្នាំ​២០២១ ឈ្មួញ​ខ្មែរ​ដែល​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ធ្លាប់​បាន​អះអាង​ថា វៀតណាម​នៅតែ​បន្ត​រឹតត្បិត​មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា​នាំ​ទំនិញ​ចូល​ប្រទេស​របស់​ខ្លួន​ទេ ខណៈ​ដែល​ឈ្មួញ​វៀតណាម​បាន​នាំ​ទំនិញ​ចូល​ទៅ​កម្ពុជា​ដោយ​សេរី និង​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​កម្ពុជា​នោះ​ឡើយ។

លោក តឹង យិន ជា​ឈ្មួញ​នាំ​គ្រឿង​សមុទ្រ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​តន់ហន់ និង​ច្រក​ព្រែកចាក ខេត្ត​កំពត ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ភាគី​វៀតណាម​តែងតែ​បិទ​មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា​នាំ​ទំនិញ​ចូល​វៀតណាម​ជាប្រចាំ ក្រោម​ហេតុផល​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ខណៈ​ដែល​ឈ្មួញ​វៀតណាម អាច​នាំ​ទំនិញ​ចូល​ទៅ​កម្ពុជា​ដោយ​សេរី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស