28.4 C
Phnom Penh

ប្រធាន​រដ្ឋសភា​វៀតណាម​ស្នើ​កម្ពុជា​ជា​ថ្មី​ទៀត​ឱ្យ​ជួយ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ស្នើ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ជួយ​សម្រួល​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​តាំង​ទីលំនៅ​លើ​ទឹកដី​កម្ពុជា។

ការ​ស្នើ​ជា​ថ្មី​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា នេះ មុន​ពេល​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម Vietnam News Agency ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ស្នើ​ឲ្យ​កម្ពុជា​បន្ត​ផ្តល់​ឯកសារ​ស្រប​ច្បាប់​សម្រាប់​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត។

ក្រៅពី​ស្នើ មេដឹកនាំ​វៀតណាម​ក៏​បាន​អំណរ​គុណ​ចំពោះ​កម្ពុជា​ដែល​បាន​ជួយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វៀតណាម ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​វៀតណាម ដែល​ត្រូវ​បាន​ចាញ់បោក និង​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​ក្នុង​គ្រឹះស្ថាន​អាជីវកម្ម​របស់​ជនបរទេស​មួយ​ចំនួន​នៅ​លើ​ទឹកដី​កម្ពុជា​ផង​ដែរ។

ជា​ការ​ឆ្លើយតប​នឹង​សំណើ​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) នោះ ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន បាន​សន្យា​ជួយ​ការពារ​សិទ្ធិ និង​ធានា​ការ​មិន​រើសអើង​ប្រឆាំង​នឹង​សហគ្រាស​បរទេស និង​អ្នក​វិនិយោគ​វៀតណាម​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា។

លោក ហេង សំរិន អះអាង​ថា កម្ពុជា​អរគុណ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​តស៊ូ​ដណ្តើម​ឯករាជ្យ​ជាតិ ការ​កសាង និង​អភិវឌ្ឍ​ជាតិ​នា​ពេល​បច្ចុប្បន្ន ជាពិសេស​ជួយ​ពួកគេ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។

ក្រៅពី​ស្នើ​ទៅ​លោក ហេង សំរិន នោះ កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ (Pham Minh Chinh) ក៏​បាន​ស្នើ​លោក ហ៊ុន សែន ឲ្យ​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​បន្ថែម​ទៀត​ដល់​សហគ្រាស​វៀតណាម ដែល​ចូល​មក​វិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ប្រកប​ដោយ​ស្ថិរភាព និង​យូរអង្វែង ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ផ្ដល់​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក។

ការ​ស្នើ​របស់​មេដឹកនាំ​វៀតណាម​ម្ដង​ហើយ​ម្ដង​ទៀត​ស្រប​ពេល​ដែល​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២២ ព្រមាន​ចាត់​វិធានការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​ជនបរទេស​ទាំងឡាយ​ណា​មិន​គោរព​ច្បាប់​កម្ពុជា រួម​ទាំង​អ្នក​គប់គិត​ដែល​ជា​ផ្នែក​មួយ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ជាតិ។

ការ​ព្រមាន​របស់​លោក ស ខេង នេះ ក្រោយ​រក​ឃើញ​ថា​ជនបរទេស​ដែល​ធ្វើការ​នៅ​កម្ពុជា​ជិត ៩០% កំពុង​បំពាន​ច្បាប់​កម្ពុជា។

ជាក់ស្ដែង លោក​ថា​នៅ​ថ្ងៃទី​២៥ ខែ​តុលា រូបលោក​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ឆែក​ទីតាំង​មួយ​កន្លែង​នៅ​បាវិត ដែល​ត្រូវ​បាន​គេ​ហៅថា​ម៉ុកបាយ​នោះ បាន​ឃើញ​ជនជាតិ​វៀតណាម ជិត ៣០០​នាក់​គ្មាន​ទិដ្ឋាការ គ្មាន​លិខិត​ឆ្លងដែន​ចូល​កម្ពុជា​ឡើយ។ ករណី​នេះ លោក​បញ្ជា​ឲ្យ​បណ្តេញ​ជនជាតិ​វៀតណាម​ទាំងនោះ​ចេញពី​កម្ពុជា ព្រមទាំង​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដោយ​កំណត់​ឆ្នាំ​ដើម្បី​ហាមឃាត់​ចូល​ស្រុក​ខ្មែរ​ផង​ដែរ។

ជា​រឿយៗ មេដឹកនាំ​វៀតណាម តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា​កន្លងមក និង​បច្ចុប្បន្ន។

ប៉ុន្តែ​ការ​ស្នើ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​បង្ហាញ​ការ​ព្រួយ​បារម្ភ ដោយ​ថា​វា​នឹង​បង្ក​ហានិភ័យ​ដល់​ប្រទេស​ជាតិ ដោយសារ​វៀតណាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​កម្ពុជា។ មួយ​វិញ​ទៀត តាំងពី​សម័យ​ប្រវត្តិសាស្ត្រ​រហូត​ដល់​បច្ចុប្បន្ន វៀតណាម​នៅតែ​មាន​មហិច្ឆតា និង​ចិញ្ចឹម​ចិត្ត​ចង់​បាន​កម្ពុជា​ធ្វើជា​របស់​ខ្លួន ទើប​បច្ចុប្បន្ន​ខិតខំ​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ភាព​ស្រប​ច្បាប់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់។

កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២២ នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ក្រើនរំលឹក​ទៅ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ពិសេស​នៅ​តាម​ព្រំដែន ត្រូវ​ពង្រឹង​ដោយ​គ្រប់គ្រង​ការ​ចេញ​ចូល​របស់​ជនបរទេស។ លោក​ក៏​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ទាំងអស់ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ដោយ​ចាប់ និង​បណ្ដេញ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ចេញពី​កម្ពុជា​វិញ ដោយ​មិន​ត្រូវ​ខ្វល់​ថា​ជា​ជនបរទេស​ណា​មួយ​ឡើយ។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ បាន​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ជាបន្ទាន់ ដើម្បី​ធានា​ប្រសិទ្ធភាព​គ្រប់គ្រង​ជនអន្តោប្រវេសន៍។

ការ​ជំរុញ​នោះ ក្រោយពី​រក​ឃើញ​ថា ផ្នែក​មួយ​នៃ​បញ្ហា​នេះ គឺ​អាជ្ញាធរ​វៀតណាម មិន​ព្រម​ទទួលយក​ពលរដ្ឋ​ខ្លួន​ដែល​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា ទោះបី​ពួកគេ​ចង់​ទៅ​វិញ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស