41.3 C
Phnom Penh

រដ្ឋាភិបាល​កំណត់​ធ្វើ​ពិធីបុណ្យ «រំឭក​គុណ​អង្គរ» រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃទី​១៤-១៦​ខែ​ធ្នូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​សម្រេច​ឱ្យ​ធ្វើ​ពិធីបុណ្យ «រំឭក​គុណ​អង្គរ» ជា​រៀង​រាល់​ឆ្នាំ​ដែល​មាន​រយៈពេល ៣​ថ្ងៃ នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​ធ្នូ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០២២ នេះ​តទៅ ដើម្បី​តបស្នង និង​រំឭក​ដឹងគុណ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បន្សល់​មរតក​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ជាតិ និង​ចូលរួម​ថែរក្សា​ការពារ និង​លើក​តម្លៃ​បេតិកភណ្ឌ​ជាតិ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បាន​ចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី «ការ​រៀបចំ​ពិធីបុណ្យ​រំឭក​គុណ​អង្គរ» ដោយ​ក្នុង​នោះ ក្រសួង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​រៀបចំ​កម្មវិធី​តាម​ថ្ងៃ​នីមួយៗ មាន​ទីតាំង​ប្រារព្ធ​ពិធី សមាសភាព​ចូលរួម លិខិត​អញ្ជើញ ខ្លឹមសារ​បដា សុន្ទរកថា​ថ្នាក់​ដឹកនាំ និង​លទ្ធភាព​ថវិកា ជាដើម។

កម្មវិធី​នេះ​ក៏​តម្រូវ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ដាក់​តាំង​បង្ហាញ​នូវ​សមិទ្ធផល​សម្រេច​បាន​នានា​របស់​ខ្លួន ជាពិសេស​សមិទ្ធផល​សម្រេច​បាន​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ​នៅ​តាម​ទីតាំង​សំខាន់ៗ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចូលរួម​ចំណែក​ដ៏​មាន​តម្លៃ​ក្នុង​កិច្ច​ថែរក្សា ការពារ និង​អភិរក្ស​ឱ្យ​បាន​គង់វង្ស​នៃ​បេតិកភណ្ឌ​ជាតិ។

ក្រសួង​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​រៀបចំ​សេចក្តី​ជូនដំណឹង និង​ការ​សម្ភាស​ឥស្សរជន អ្នក​ជំនាញការ​ជាតិ និង​អន្តរជាតិ ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ វិស័យ​ឯកជន និង​សាធារណជន ដើម្បី​បង្ហាញ​សារសំខាន់ និង​គុណ​ប្រយោជន៍​នៃ​ការ​រៀបចំ​ពិធីបុណ្យ​សម្រាប់​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ​ដល់​សាធារណជន​បាន​ដឹង ជាពិសេស​យុវជន​ឱ្យ​កាន់​តែ​មាន​ស្មារតី​ក្នុង​ការ​ចូលរួម​ថែរក្សា និង​លើក​តម្លៃ​បេតិកភណ្ឌ​ជាតិ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពិធីបុណ្យ «រំឭក​គុណ​អង្គរ» ធ្វើឡើង​ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក​បន្ថែម​ទៀត​ពី​ការ​ដឹងគុណ និង​ប្រពៃណី​ទំនៀមទម្លាប់​ដែល​ខ្មែរ​មាន​តាំងពី​បុរាណ​មក។

អ្នកស្រី ភឿង សកុណា បន្ថែម​ទៀត​ថា ពិធីបុណ្យ​នេះ​ក៏​ជា​ការ​បំផុស​ស្មារតី​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ឲ្យ​យល់ដឹង​ពី​អត្ថន័យ​ពាក្យ​ថា «អង្គរ»។ ពិធីបុណ្យ​ដែល​ទើប​តែ​ធ្វើឡើង​ពេលនេះ​មែន តែ​មិន​មែន​មាន​ន័យ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ធ្លាប់​ដឹងគុណ​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​រូប​នោះ​លើកឡើង​ថា ការ​ជ្រើសរើស​យក​ថ្ងៃទី​១៤ ធ្នូ ជា​ថ្ងៃ​ចាប់ផ្តើម ដោយសារតែ​ជា​ថ្ងៃ​ដែល​តំបន់​អង្គរ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​ឆ្នាំ​១៩៩២។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ បញ្ជាក់​ទៀត​ថា ការ​រៀបចំ​ពិធីបុណ្យ​នេះ​នឹង​ធ្វើឡើង​ដោយ​មាន​ទាំង​ការ​ផ្សារភ្ជាប់​ផ្នែក​សាសនា និង​វប្បធម៌​ខ្មែរ ដោយ​មាន​ការ​រៀបចំ​ពិធីបុណ្យ​តាម​បែប​ពុទ្ធសាសនា​ផង និង​មាន​ទាំង​ការ​សម្ដែង​ល្ខោន របាំ​ប្រពៃណី និង​ការ​ដាក់​តាំង​បង្ហាញ​ផ្ទាំងគំនូរ​អប្សរា​ផង។

ពាក់ព័ន្ធ​នឹង​ការ​ប្រារព្ធ​ពិធី​រំឭក​គុណ​អង្គរ​នេះ លោក ឡុង កុសល អគ្គនាយករង និង​ជា​អ្នក​នាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​រៀបចំ​ពិធី​រំឭក​គុណ​អង្គរ​នេះ គឺ​ដើម្បី​រឭក​ដល់​គុណូបការៈ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ដូនតា​ខ្មែរ ទាំង​អង្គ​រាជវង្សានុវង្ស មន្ត្រី​រាជការ អ្នក​មុខ​អ្នកការ អ្នកប្រាជ្ញ បណ្ឌិត​កវី ពលរដ្ឋ​សាមញ្ញ​ទូទៅ។

លោក​ថា ពួកគាត់​បាន​ខិតខំ​កសាង ថែរក្សា មើល​ខុស​ត្រូវ និង​ជួសជុល​ប្រាសាទ​ដើម្បី​បន្សល់​ទុក​ជា​មរតក​មាន​តម្លៃ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​តទៅ​អនាគត និង​ជា​ការ​ដាស់​ស្មារតី​ដល់​ពលរដ្ឋ​ឱ្យ​ចូលរួម​ថែរក្សា និង​លើក​តម្កើង​តម្លៃ​នៃ​បេតិកភណ្ឌ​ជាតិ។

តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នា​ទីក្រុង​សាន់តាហ្វេ សហរដ្ឋ​អាមេរិក ក្រោម​ព្រះរាជ​តម្រិះ​ដ៏​ថ្លៃថ្លា និង​ឈ្លាសវៃ​បំផុត​នៃ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​អំពាវនាវ​ទៅ​កាន់​អង្គការ​យូណេស្កូ សុំ​ឱ្យ​ជួយ​ស្រោចស្រង់ និង​ការពារ​ក្រុម​ប្រាសាទ​អង្គរ​ដែល​បច្ចុប្បន្ន​ជា​តំបន់​រមណីយដ្ឋាន​អង្គរ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស