28 C
Phnom Penh

ពលរដ្ឋ​ដែល​ជម្លៀស​ដោយ​បង្ខំ​ពី​តំបន់​អង្គរ​ឱ្យ​ទៅ​រស់នៅ​ឃុំ​រុនតាឯក ភ័យ​ខ្លាច​រដ្ឋាភិបាល​យក​ពួកគេ​ទៅ​បោះបង់​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ដោយ​បង្ខំ​ពី​តំបន់​អង្គរ ឱ្យ​ទៅ​រស់នៅ​ឃុំ​រុនតាឯក កំពុង​បារម្ភ​ខ្លាច​រដ្ឋាភិបាល​យក​ពួកគេ​ទៅ​បោះបង់​ចោល​តាម​វិធី​កាត់បន្ថយ ឬ​កាត់ផ្ដាច់​ប្រាក់​ប័ណ្ណ​សមធម៌ ខណៈ​បំណុល​ធនាគារ​របស់​ពួកគេ​កំពុង​រឹត​បន្តឹង។

ពលរដ្ឋ​រងគ្រោះ​ដែល​កំពុង​រស់នៅ​ក្នុង​ឃុំ​រុនតាឯក ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២៩ មករា នេះ​ថា ពួកគេ​កំពុង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​គ្រប់​បែប​យ៉ាង​ដោយ​គ្មាន​ការ​ដោះស្រាយ​ពី​រដ្ឋាភិបាល ក្នុង​នោះ ថវិកា​ដែល​ពួកគេ​ធ្លាប់​ទទួល​បាន​តាមរយៈ​ប័ណ្ណ​ក្រីក្រ ឬ​ប័ណ្ណ​សមធម៌ ត្រូវ​បាន​កាត់បន្ថយ​ស្ទើរតែ​អស់​នៅ​ពេលនេះ ចំណែក​ដី​ដែល​រដ្ឋាភិបាល​ចែក​ឱ្យ ក៏​គ្មាន​សិទ្ធិ​លក់ មុខរបរ​ក៏​មិន​អាច​ធ្វើ​បាន ខណៈ​បំណុល​ធនាគារ​ក៏​ត្រូវ​តែ​សង​ជា​រៀងរាល់​ខែ​ថែម​ទៀត។

ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ពលរដ្ឋ​ដែល​ព្រម​ចាកចេញ​ពី​តំបន់​អង្គរ​ស្ទើរតែ​គ្រប់​ក្រុម​គ្រួសារ សុទ្ធតែ​ជំពាក់​លុយ​ធនាគារ​ស្រាប់​ទៅ​ហើយ ដូច្នេះ​ការ​ផ្លាស់​ទី​មក​នៅ​ទីតាំង​ថ្មី​នេះ បាន​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ក្តី​សង្ឃឹម​ទាំងស្រុង​លើ​មុខរបរ​ដែល​ពួកគេ​បាន​បង្កើត​ឡើង​ដោយ​ពឹង​លើ​លុយ​ដែល​បាន​ខ្ចី​បុល​ពី​ធនាគារ​អំឡុង​ពេល​ដែល​ពួកគេ​រស់នៅ​ក្នុង​តំបន់​អង្គរ ប៉ុន្តែ​ដោយសារតែ​ការ​បង្ខំ​ឱ្យ​ចាកចេញ​ពី​សំណាក់​រដ្ឋាភិបាល ពួកគេ​មិន​អាច​តវ៉ា​បាន​ឡើយ។

ប្រជាពលរដ្ឋ​ដដែល​បញ្ជាក់​ថា ក្រោយ​ចាកចេញ​ពី​តំបន់​អង្គរ​មក​រស់នៅ​ក្នុង​ឃុំ​រុនតាឯក នេះ ក្តី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​ដោះស្រាយ​បំណុល​ធនាគារ គឺ​លុយ​ដែល​រដ្ឋាភិបាល​សន្យា​ផ្តល់​ឱ្យ​ពួកគាត់​តាមរយៈ​ប័ណ្ណ​សមធម៌​នេះ ព្រោះ​ថា​ដី​ដែល​រដ្ឋាភិបាល​បាន​ចែក​ឱ្យ​ពួកគាត់ មិន​អាច​លក់​បាន​ទេ គឺ​តម្រូវ​ឲ្យ​ពួកគេ​រស់នៅ​ទីនេះ​រយៈពេល ៥​ឆ្នាំ ទើប​ទទួល​បាន​ប្លង់​សម្គាល់​កម្មសិទ្ធិ​ស្រប​ច្បាប់ ដូច្នេះ​បើ​រដ្ឋាភិបាល​ផ្តាច់​លុយ​ប័ណ្ណ​សមធម៌​នេះ​ទៀត ពួកគាត់​គ្មាន​អ្វី​ខុសពី​ត្រូវ​គេ​យក​មក​បំបរបង់​ចោល​នោះ​ទេ។

ពួកគេ​អះអាង​ថា អំណោយ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សន្យា​ផ្តល់​ជូន​ពួកគាត់​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ ដូចជា លុយ និង​សម្ភារៈ​ផ្សេងៗ ក៏​អាជ្ញាធរ​មិន​ទាន់​ចែក​ឱ្យ​ពួកគេ​ដែរ។

កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ពលរដ្ឋ​ជិត ៤០០​នាក់ បាន​នាំគ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​សៀមរាប និង​មុខ​សាលា​ឃុំ​រុនតាឯក ក្រោយពី​ពួកគេ​មិន​ទទួល​បាន​ប្រាក់​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ​គ្រប់​ចំនួន​ដែល​រដ្ឋាភិបាល​ផ្តល់​ឱ្យ​សម្រាប់​រយៈពេល ១០​ឆ្នាំ។

ពលរដ្ឋ​ដែល​ចេញ​មុខ​តវ៉ា​បញ្ជាក់​ថា ចំនួន​ទឹកប្រាក់​របស់​ពួកគេ​ត្រូវ​បាន​កាត់បន្ថយ​ពី​ជាង ៤០​ម៉ឺន​រៀល​មក​ត្រឹម​ជាង ១០​ម៉ឺន​រៀល បន្ទាប់ពី​ពួកគេ​ទទួល​ថវិកា​ទើប​តែ​បាន​ជិត ២​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ដែល​ទទួល​បាន​បណ្ណ​សមធម៌​ពី​រដ្ឋាភិបាល​មាន​ចំនួន​ជិត ១​ម៉ឺន​គ្រួសារ​ឯណោះ ហើយ​ពួកគេ​ត្រូវ​បាន​កាត់បន្ថយ​ថវិកា​នេះ​ដូច​គ្នា។

កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ ក្រុម​ការងារ​នៃ​ក្រសួង​ផែនការ បាន​ធ្វើ​បណ្ណ​សមធម៌​ដល់​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក ស្រុក​បន្ទាយស្រី និង​ភូមិ​ពាក់ស្នែង ស្រុក​អង្គរធំ ខេត្ត​សៀមរាប។

ក្រសួង​ផែនការ បាន​ផ្ដល់​បណ្ណ​សមធម៌​ជូន​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ដែល​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប លើក​ទី​១ មាន​ពលរដ្ឋ​ទៅ​ទទួល​បណ្ណ​សមធម៌​ជាង ៤​ពាន់​គ្រួសារ (៤២២៩​គ្រួសារ) និង​លើក​ទី​២ មាន​ចំនួន​ជាង ៤​ពាន់​គ្រួសារ​ទៀត (៤៧៩៣​គ្រួសារ)។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២២ លោក ហ៊ុន សែន អះអាង​ថា បណ្ណ​សមធម៌​ដែល​រដ្ឋាភិបាល​ចែក​ជូន​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ឃុំ​រុនតាឯក គឺ​មាន​សុពលភាព​រយៈពេល ១០​ឆ្នាំ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៣ ត​ទៅ។

លោក ហ៊ុន សែន បញ្ជាក់​ថា អ្នក​ដែល​មាន​បណ្ណ​ក្រីក្រ​ប្រភេទ​២ ត្រូវ​ផ្លាស់ប្ដូរ​មក​ប្រភេទ​១ វិញ ហើយ​ការ​ផ្តល់​ជូន​បណ្ណ​ក្រីក្រ​ប្រភេទ​១ នេះ គឺ​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង​បណ្ណ​ក្រីក្រ​ប្រភេទ​២ ខណៈ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ទទួល​បាន អាស្រ័យ​ទៅ​លើ​សមាជិក​គ្រួសារ​ផង​ដែរ។ មាន​ន័យ​ថា អ្នក​ដែល​មាន​កូន​ច្រើន នឹង​ទទួល​បាន​លុយ​កាន់តែ​ច្រើន។

ជាង​នេះ​ទៀត លោក ហ៊ុន សែន គូស​បញ្ជាក់​ថា លោក​នឹង​រៀបចំ​ឃុំ​រុនតាឯក ឱ្យ​ក្លាយ​ជា​ទីក្រុង​ទាន់​សម័យ​មួយ គឺ​ក្រុង​រុនតាឯក ដែល​ជា​ភូមិ​អភិវឌ្ឍន៍ មិន​មែន​ជា​ជនបទ​ទៀត​ទេ ដើម្បី​ឱ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នេះ​មាន​ជីវភាព​ធូរធារ​ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​ផ្ទុយ​ពី​ស្ថានភាព​ដែល​លោក ហ៊ុន សែន លើក​ឡើង​នោះ គឺ​រហូត​ដល់​ពេលនេះ ស្ថានភាព​នៅ​ឃុំ​រុនតាឯក និង​ឃុំ​ពាក់ស្នែង នៅតែ​ជា​ទី​វាល​មួយ​ដែល​មាន​ផ្ទះ​ពលរដ្ឋ​តូចៗ​ធ្វើ​ពី​កូនឈើ​ប្រក់​ដំបូល​ស័ង្កសី ត្រូវ​ខ្យល់​បក់​ប៉ើង​រយីករយាក និង​ទឹក​លិច​នៅ​រដូវ​ភ្លៀង ខណៈ​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ភាគច្រើន​មិន​មាន​មុខរបរ​ពិតប្រាកដ​ទេ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​ដោយសារ​តែ​ជួប​ការ​លំបាក​លើ​ជីវភាព​ខ្លាំង​ពេក ក៏​សម្រេច​ចិត្ត​លក់​បណ្ណ​សមធម៌​ដែល​ខ្លួន​ទទួល​បាន​ពី​រដ្ឋាភិបាល ទៅ​រស់នៅ​កន្លែង​ផ្សេងៗ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស