29.6 C
Phnom Penh

ធនាគារ​ពិភពលោក៖ ពលរដ្ឋ​កម្ពុជា​ជាច្រើន​នៅ​ប្រឈម​ហានិភ័យ​នៃ​ភាព​ក្រីក្រ​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​ពិភពលោក ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាច្រើន​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាព​ក្រីក្រ​នៅឡើយ ដោយសារ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​របស់​រដ្ឋាភិបាល​គាំទ្រ​ប្រាក់​ចំណូល​ដ៏​មាន​តម្លៃ​ដល់​គ្រួសារ​ក្រីក្រ អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នៅ​មាន​កម្រិត​ទាប ទោះបី​សេដ្ឋកិច្ច​កំពុង​ងើប​ឡើង​ក្ដី។

ការ​លើកឡើង​របស់​ធនាគារ​ពិភពលោក​ក្នុង​របាយការណ៍​វាយតម្លៃ​ពី​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០២២ ស្ដីពី​ការ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ធន់ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

របាយការណ៍​វាយតម្លៃ​ធនាគារ​ពិភពលោក ឲ្យ​ដឹង​ថា អត្រា​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​សឹងតែ​ពាក់កណ្តាល​ក្នុង​ចន្លោះ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៩ ដោយ​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស គួបផ្សំ​ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​ជា​រចនាសម្ព័ន្ធ​ផង បាន​ជួយ​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ពលកម្ម​កើន​ឡើង និង​ភាព​ក្រីក្រ​កាន់តែ​ធ្លាក់​ចុះ។

ប៉ុន្តែ​វឌ្ឍនភាព​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ទៅវិញ ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ខណៈ​ដែល​ជំងឺ​រាតត្បាត​នេះ​មិន​ទាន់​មក​ដល់ គ្រួសារ​កម្ពុជា​ជាច្រើន​កំពុង​រស់នៅ​ក្នុង​ជីវភាព​ខ្វះ​លំនឹង​រួច​ស្រេច​ទៅ​ហើយ។

ធនាគារ​ពិភពលោក​អះអាង​ថា ទោះបីជា​កម្រិត​ជីវភាព​មាន​ភាព​ប្រសើរ​ឡើង​ដោយ​រួម​ចំណែក​ធ្វើ​ឲ្យ​គម្លាត​រវាង​ទីក្រុង និង​ជនបទ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ជាង​មុន ប៉ុន្តែ​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​នៅ​តាម​ទី​ជនបទ នៅតែ​ចាញ់​ប្រៀប​គេ​នៅឡើយ បើ​និយាយ​អំពី​លទ្ធភាព​ទទួល​បាន​សេវា​ជា​មូលដ្ឋាន និង​ឱកាស​រក​ប្រាក់​ចំណូល។

លើស​ពី​នេះ ពលករ​កម្ពុជា​កំពុង​ងាក​ចេញ​បណ្តើរៗ​ពី​វិស័យ​កសិកម្ម​ទៅ​រក​ការងារ​ក្នុង​វិស័យ​ផលិតកម្ម និង​សេវាកម្ម ទៅ​រក​វិស័យ​ដែល​មាន​ផលិតភាព​ខ្ពស់ និង​ប្រាក់​ឈ្នួល​គ្រាន់បើ​ជាង​មុន ក្នុង​នោះ ពលករ​មិន​ត្រឹមតែ​ផ្លាស់​ការងារ​ពី​វិស័យ​មួយ​ទៅ​វិស័យ​មួយ​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​បន្លាស់​ទី​ពី​ជនបទ​ទៅ​កាន់​ទីប្រជុំជន​នានា​ផង​ដែរ ខណៈ​ដែល​កំណើន​នៃ​ប្រាក់​ចំណូល​ក្នុង​ការងារ​មិនមែន​កសិកម្ម គឺជា​កត្តា​ចម្បង​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។

ធនាគារ​ពិភពលោក​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ជួប​ហានិភ័យ បញ្ហា​ប្រឈម​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ដែល​ជា​អ្នក​រៀបចំ​គោល​នយោបាយ​យក​ទៅ​ពិចារណា ដូចជា​ក្រុម​គ្រួសារ​ជាច្រើន​នៅ​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាព​ក្រីក្រ​ច្រើន​នៅឡើយ ទោះបីជា​សេដ្ឋកិច្ច​កំពុង​ងើប​ឡើង​វិញ​ក៏ដោយ និង​បញ្ហា​ប្រឈម​នៃ​ការ​អភិវឌ្ឍ រួម​មាន​វិសមភាព​ភូមិសាស្ត្រ​ក្នុង​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​មនុស្ស​ដែល​នៅ​មាន​កម្រិត​ទាប។

លើស​ពី​នេះ​ទៀត ផលិតភាព​នៅ​មាន​កម្រិត​មធ្យម និង​វិស័យ​សេដ្ឋកិច្ច​ខ្វះ​ភាព​សម្បូរ​បែប អាច​កាត់បន្ថយ​កំណើន​រយៈពេល​វែង និង​សក្ដានុពល​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​កាន់តែ​ស៊ីជម្រៅ និង​ការ​ប្រែប្រួល​ផ្នែក​ប្រជាសាស្ត្រ នឹង​ជំរុញ​កំណើន​ទៅ​មុខ ប្រសិនបើ​មាន​ការ​វិនិយោគ​ទៅ​លើ​មនុស្ស និង​ទៅ​លើ​ក្រុមហ៊ុន​នា​ពេល​បច្ចុប្បន្ន​នេះ។

ដូច្នេះ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ធនាគារ​ពិភពលោក​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បន្ត​ជំរុញ​ទៅ​មុខ​នូវ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់ ដើម្បី​សម្រាល​ការ​លំបាក​ចំពោះ​មុខ​របស់​ក្រុម​គ្រួសារ និង​ដើម្បី​ជួយ​ពួកគេ​ក្នុង​ការ​ស្ដារ​ជីវភាព​ឡើងវិញ និង​បង្កើន​ភាព​ធន់​បាន​យូរ​អង្វែង​ទៅ​មុខ។

មួយ​វិញ​ទៀត ត្រូវ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា​ក្រោយ​សម័យ​ជំងឺ​រាតត្បាត និង​បង្កើត​ប្រព័ន្ធ​សម្រប​ខ្លួន​មួយ​សម្រាប់​លៃលក​ជាមួយ​វិបត្តិ​នា​ពេល​អនាគត និង​ការ​កែលំអ​ធនធាន​មនុស្ស​តាមរយៈ​ការ​វិនិយោគ​លើ​វិស័យ​សុខាភិបាល និង​អប់រំ។

ធនាគារ​ពិភពលោក​បន្ថែម​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា នឹង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ពង្រាយ​គោល​នយោបាយ​សារពើពន្ធ និង​ការ​ធ្វើ​ហិរញ្ញប្បទាន​សម្រាប់​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បាន​ទៀងទាត់។

ការ​ផ្ដល់​អនុសាសន៍​ទាំង ៥​ចំណុច​នេះ ក្រោយពី​ធនាគារ​ពិភពលោក​យល់​ថា កម្មវិធី​ផ្ទេរ​សាច់ប្រាក់​នេះ​បាន​ផ្តល់​ការ​គាំទ្រ​ប្រាក់​ចំណូល​ដ៏​មាន​តម្លៃ​ដល់​គ្រួសារ​ក្រីក្រ អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត និង​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​ភាព​ក្រីក្រ និង​វិសមភាព​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

ហេតុ​ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​អន្តរាគមន៍​បន្ថែម​ទៀត​ដោយ​ពង្រីក​ការ​ផ្ទេរ​ប្រាក់​ជំនួយ​ដល់​គ្រួសារ​ដែល​កាន់​ប័ណ្ណ IDPoor ក្នុង​ការ​ជួយ​គ្រួសារ​រងគ្រោះ​ឲ្យ​បាន​ឆាប់​រហ័ស។

បើ​តាម​ការ​សិក្សា​មួយ​ដែល​គាំទ្រ​ដោយ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់ សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ (BMZ) បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជាង ១​សែន ៦​ម៉ឺន ៧​ពាន់​នាក់ បាន​និង​កំពុង​លក់​ដី​ដើម្បី​បង់​សង​កម្ចី​ឥណទាន​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ។ លើស​ពី​នេះ បើ​តាម​ការ​ប៉ាន់ប្រមាណ​សម្រាប់​អ្នក​ខ្ចីប្រាក់​ទាំងអស់ មាន​ការ​លក់​ដី​ដោយសារ​បំណុល​ចំនួន ៣​ម៉ឺន ៣៥៨០​នាក់ (ស្មើ​នឹង ១៣​ភាគរយ) ក្នុង​មួយ​ឆ្នាំ ឬ​លក់​ដី​ម្ដង​នៅ​រៀងរាល់​រយៈពេល ១៦​នាទី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស