29 C
Phnom Penh

ធនាគារ​ពិភពលោក​រក​ឃើញ​ប្រទេស​ចំនួន​២០ ជាប់​បំណុល​ចិន​គរ​ដូច​ភ្នំ ក្នុង​នោះ​មាន​កម្ពុជា និង​ឡាវ​ផង​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​នៅ​លើ​ពិភពលោក​ដែល​ត្រូវ​បាន​ធនាគារ​ពិភពលោក​រក​ឃើញ​ថា​ជា​ប្រទេស​ដែល​ជាប់​បំណុល​ចិន ធ្ងន់ធ្ងរ​បំផុត​នោះ​ចាប់ពី​ជិត ៣​ពាន់​លាន​ដុល្លារ​ឡើង​ទៅ គឺ​មាន ២០​ប្រទេស។

យោង​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក ប្រទេស​ទាំងអស់​នេះ​ពិបាក​ក្នុង​ការ​ដោះស្រាយ​សង​បំណុល​ចិន ទាំង​ប្រាក់​ដើម និង​ការប្រាក់។ ប្រទេស​ទាំង ២០ នេះ​ភាគច្រើន​ជា​ប្រទេស​នៅ​តំបន់​ទ្វីប​អាហ្វ្រិក ដែល​គេ​ហៅថា​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ​ក្នុង​ទ្វីប​អាស៊ី ក៏​មាន​រាជាណាចក្រ​កម្ពុជា​មួយ​ផង​ដែរ​ឈរ​នៅ​លេខ​រៀង​ទី​១២ ក្នុង​ចំណោម​ប្រទេស​ទាំង​២០ នេះ។

នេះ​គឺជា​ឈ្មោះ​ប្រទេស​ទាំង ២០ ​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក ហើយ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Yahoo Finance កាលពី​ថ្ងៃទី​៥ មេសា មាន​ដូចតទៅ​នេះ៖

  1. ប្រទេស​ដែល​ជាប់​បំណុល​ចិន ធ្ងន់​ជាងគេ​បំផុត គឺ​ប្រទេស​ប៉ាគីស្ថាន មាន​សាច់ប្រាក់ ២៦​ពាន់ ៦០០​លាន​ដុល្លារ​អាមេរិក។
  2. ប្រទេស​អង់ហ្កូឡា ដែល​ជំពាក់​បំណុល​ចិន ២០​ពាន់ ៩៨០​លាន​ដុល្លារ​អាមេរិក។
  3. ប្រទេស​ស្រីលង្កា ជំពាក់​បំណុល​ចិន ចំនួន ៨​ពាន់ ៨៤០​លាន​ដុល្លារ​អាមេរិក។
  4. ប្រទេស​អេត្យូពី ចំនួន ៦​ពាន់ ៨២០​លាន​ដុល្លារ​អាមេរិក។
  5. ប្រទេស​កេនយ៉ា ចំនួន ៦​ពាន់ ៦៩០​លាន​ដុល្លារ។
  6. ប្រទេស​ហ្សាំបៀ ចំនួន ៦​ពាន់ ៨០​លាន​ដុល្លារ។
  7. ប្រទេស​បង់ក្លាដេស ចំនួន ៦​ពាន់ ៥០​លាន​ដុល្លារ ។
  8. ប្រទេស​ឡាវ ចំនួន ៥​ពាន់ ២៥០​លាន​ដុល្លារ។
  9. ប្រទេស​អេហ្ស៊ីប ចំនួន ៥​ពាន់ ២១០​លាន​ដុល្លារ។
  10. ប្រទេស​នីហ្សេរីយ៉ា ចំនួន ៤​ពាន់ ២៩០​លាន​ដុល្លារ។
  11. ប្រទេស​អេក្វាឌ័រ ចំនួន ៤​ពាន់ ១៤០​លាន​ដុល្លារ។
  12. ប្រទេស​កម្ពុជា ចំនួន ៤​ពាន់ ១០​លាន​ដុល្លារ។
  13. ប្រទេស​បេឡារូស ចំនួន ៣​ពាន់ ៩២០​លាន​ដុល្លារ។
  14. ប្រទេស​កូតដូវ័រ ចំនួន ៣​ពាន់ ៨៥០​លាន​ដុល្លារ។
  15. ប្រទេស​កាម៉ារូន ចំនួន ៣​ពាន់ ៧៨០​លាន​ដុល្លារ។
  16. ប្រទេស​អាហ្វ្រិក​ខាងត្បូង ចំនួន ៣​ពាន់ ៤៣០​លាន​ដុល្លារ។
  17. សាធារណរដ្ឋ​កុងហ្គោ ចំនួន ៣​ពាន់ ៤២០​លាន​ដុល្លារ។
  18. ប្រទេស​ប្រេស៊ីល ចំនួន ៣​ពាន់ ៣៨០​លាន​ដុល្លារ។
  19. ប្រទេស​ម៉ុងហ្គោលី ចំនួន ៣​ពាន់ ២០​លាន​ដុល្លារ។
  20. ប្រទេស​អាហ្សង់ទីន ចំនួន ២​ពាន់ ៨៦០​លាន​ដុល្លារ។

ប្រទេស​ទាំងអស់​នេះ​មិនមែន​ជាប់​តែ​បំណុល​របស់​ចិន តែប៉ុណ្ណោះ ប៉ុន្តែ​ក៏​ជាប់​បំណុល​ប្រទេស​ផ្សេងៗ​ទៀត និង​ជាប់​បំណុល​ធនាគារ​អន្តរជាតិ​មួយ​ចំនួន​ទៀត​ផង។

ករណី​ដែល​ជាប់​បំណុល​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​នេះ សម្រាប់​ប្រទេស​ប៉ាគីស្ថាន និង​ស្រីលង្កា មាន​ការ​រំជើបរំជួល​នយោបាយ​ជាច្រើនលើក​រហូត​ដល់​ទម្លាក់​រដ្ឋាភិបាល​ដែល​ជំពាក់​បំណុល​របស់​ចិន ផង​ដែរ។ ប្រទេស​ជា​កូនបំណុល​ចិន ទាំងអស់​នេះ​បាន​ខ្ចី​ប្រាក់​សុទ្ធ​ពី​ចិន តែម្ដង ដោយ​ពុំ​មាន​ការ​ជាប់​បំណុល​ដោយ​ការ​ដោះដូរ​ទំនិញ​អ្វី​នោះ​ទេ។

ប្រទេស​ទាំងអស់​នេះ ក្រោយពី​ដោះ​បំណុល​ចិន មិន​រួច ច្រើន​តែ​សម្រេច​ដោះដូរ​ជាមួយ​ចិន ដោយ​កាត់កង​នឹង​អ្វី​ដែល​មាន ដូចជា ភោគផល​ធម្មជាតិ ឬ​ក៏​ផ្ដល់​ឱ្យ​ចិន​នូវ​ការ​ជួល​កំពង់ផែ​សមុទ្រ កំពង់ផែ​ទន្លេ ឬ​ការ​ជួល​ឱ្យ​ចិន​នូវ​ផ្លូវ​រថភ្លើង ឬ​ផ្លូវ High Way ឬ​ផ្លូវ​ល្បឿន​លឿន ជាដើម នៅ​ក្រោម​ប្រាក់កម្ចី​របស់​ចិន ដែល​ប្រទេស​ទាំងអស់​ពុំ​អាច​បង្វិល​សង​ទៅ​វិញ​បាន​តាម​ការ​កំណត់។

និយាយ​ទៅ ចិន ជា​ប្រទេស​ម្ចាស់​បំណុល​ធំ​បំផុត​សម្រាប់​ប្រទេស​ក្រីក្រ​នៅ​លើ​ពិភពលោក។

ប្រទេស​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​នេះ​បាន​បញ្ចេញ​ប្រាក់កម្ចី​របស់​ខ្លួន​ទៅ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ប្រទេស​ក្រីក្រ​ទទួល​ប្រាក់ចំណូល​ទាប​ប្រចាំ​ឆ្នាំ។ ប្រាក់កម្ចី​របស់​ចិន ដែល​ផ្ដល់​ឲ្យ​ប្រទេស​ក្រីក្រ​ទាំងនោះ គឺ​ក្នុង​គម្រោង​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ (BRI)។

យោង​តាម​របាយការណ៍ AidData របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ William and Mary នៅ​រដ្ឋ Virginia សហរដ្ឋ​អាមេរិក នៅ​ទូទាំង​ពិភពលោក​មាន ១៦៥​ប្រទេស​ដែល​ជាប់​បំណុល​ចិន ប៉ុន្តែ​មាន​តែ ២០% ប៉ុណ្ណោះ​ដែល​មា​ លទ្ធភាព​សង​ទៅ​ចិន វិញ​តាម​កិច្ចសន្យា។

តាម​ការ​ចុះផ្សាយ​របស់​កាសែត The Guardian នៅ​ពេលនេះ​ចិន​កំពុងតែ​ពិបាក​ក្នុង​ការ​ប្រមូល​ទាំង​ប្រាក់​ដើម និង​ការប្រាក់​ពី​ប្រទេស​ទាំងនោះ ព្រោះតែ​ប្រទេស​កូនបំណុល​ភាគច្រើន​មិន​មាន​លទ្ធភាព​សង​ឲ្យ​ចិន វិញ​នោះ​ទេ សូម្បីតែ​ប្រាក់​ដើម។

ភាគច្រើន​ប្រទេស​ដែល​មិន​អាច​បង្វិល​សំណង​ទៅ​ចិន​វិញ ត្រូវ​បាន​អង្គការ Aiddata របស់​អាមេរិក​រក​ឃើញ​ច្រើន​តែ​ប្រទេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ហើយ​ក៏​មាន​ប្រទេស​នៅ​ក្នុង​អាស៊ី​មួយ​ចំនួន​ដែរ។

ចំពោះ​ប្រទេស​ពីរ​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ដែល​រដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ ដែល​សម្រេច​មិន​សង​ការប្រាក់ និង​ប្រាក់​ដើម​ទៅ​ឲ្យ​ចិន នោះ​គឺ​មាន​ប្រទេស​ពីរ គឺ​ស្រីលង្កា និង​ប៉ាគីស្ថាន។

ប្រទេស​ទាំង​ពីរ​នេះ​មាន​រដ្ឋាភិបាល​ថ្មី​ពុំ​មែន​ជា​រដ្ឋាភិបាល​ដែល​ជំពាក់​បំណុល​ចិន បាន​សម្រេច​ព្យួរ​ការ​សង​ប្រាក់​ដើម និង​ការប្រាក់​ទៅ​ឱ្យ​ចិន ដែល​ការពិត ប្រទេស​ពីរ​នេះ​ត្រូវ​បង្វិល​សង​ទៅ​ចិន វិញ​នៅ​ក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ​ពុំ​មាន​លទ្ធភាព ព្រោះតែ​ប្រទេស​ពីរ​នេះ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ចំ​ពេល​ដែល​ពិភពលោក​កំពុង​ធ្លាក់​ក្នុង​ជំងឺ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

ការ​ព្យួរ​ការ​សង​ប្រាក់​ដើម និង​ការប្រាក់​របស់​ប្រទេស​ពីរ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រទេស​គំរូ​ទៅ​ប្រទេស​ដទៃ​ទៀត ក៏​បាន​សម្រេច​ព្យួរ​ការ​សង​ប្រាក់​ទៅ​ឲ្យ​ប្រទេស​ចិន ជាពិសេស​គឺ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក។

Bradley Parks ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ AidData របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ William and Mary នៅ​រដ្ឋ Virginia សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ចិន​នឹង​កាន់តែ​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ថែម​ទៀត បើ​កូនបំណុល​មិន​ព្រម​សង​បំណុល​ឱ្យ​ទាន់​ពេលវេលា​កំណត់ ហើយ​គ្មាន​លទ្ធ​សង​បំណុល។

តាម​អ្នកជំនាញ​រូប​នេះ ចិន​ទំនង​មិន​សង្គ្រោះ​ប្រាក់កម្ចី​របស់​ខ្លួន​ពី​ប្រទេស​ទាំងនោះ​បាន​ទេ។

ធនាគារ​កណ្ដាល​ប្រទេស​ចិន គឺជា​អ្នក​ដើរ​តួនាទី​ក្នុង​ការ​បញ្ចេញ​សាច់ប្រាក់​កម្ចី ហើយ​ពេល​ខ្លះ​រដ្ឋាភិបាល​តែម្ដង​ជា​អ្នក​ផ្ដល់​ប្រាក់​ឱ្យ​កូនបំណុល។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ឯកជន​ចិន​ជាច្រើន​ដែល​ខ្ចី​ប្រាក់​ពី​រដ្ឋាភិបាល ដើម្បី​យក​ធ្វើ​ជា​ទុន​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អគារ​ខ្ពស់​ស្កឹមស្កៃ កំពង់ផែ ស្ពាន ផ្លូវដែក ឬ​ផ្លូវ​ល្បឿន​លឿន កំពុងតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ព្រោះ​ភាគច្រើន គម្រោង​សំណង់​ត្រូវ​បាន​ផ្អាក ខណៈ​អគារ​ច្រើន​ជាន់​ពុំ​មាន​អតិថិជន​ទិញ ឬ​ជួល ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ពុំ​មាន​លទ្ធភាព​បង្វិល​ការប្រាក់ និង​ប្រាក់​ដើម​ទៅ​ឱ្យ​ធនាគារ​កណ្ដាល​របស់​ចិន បាន​ឡើយ។

ករណី​នេះ រដ្ឋាភិបាល​ចិន បញ្ជា​ឱ្យ​រឹបអូស​អចលនទ្រព្យ ឬ​ចលនទ្រព្យ​របស់​ក្រុម​ប្រទេស​ទាំងនោះ​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស