29.6 C
Phnom Penh

ក្រុមប្រឹក្សា​សន្តិសុខ UN នឹង​បោះឆ្នោត​ឱ្យ​ភូមា​បញ្ចប់​ការ​សម្លាប់​ក្រុម​ប្រឆាំង តែ​ចិន​និង​រុស្ស៊ី​ទំនង​នឹង​រាំង​ខ្ទប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទំនង​នឹង​បោះឆ្នោត​លើ​ដំណោះស្រាយ​មួយ​នៅ​ថ្ងៃ​ពុធ ទី​២១ ធ្នូ នេះ ដោយ​តម្រូវ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​នៅ​ភូមា ហើយ​ប្រាប់​ពួក​យោធា​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ ក្នុង​នោះ​មាន​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​មេដឹកនាំ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ផង​ដែរ។

នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ធ្នូ នេះ ដែល​ស្រង់​សម្ដី​របស់​ប្រភព​អ្នក​ការទូត​នៅ​ក្រុង​ញូវយ៉ក។

ប្រទេស​ភូមា​ធ្លាក់​ក្នុង​របប​សឹក និង​ធ្លាក់​ក្នុង​វិបត្តិ​នៅ​ពេល​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ជា​ព្រឹត្តិការណ៍​បញ្ចប់​របប​ប្រជាធិបតេយ្យ​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

ក្នុង​ព្រឹត្តិការណ៍​នេះ ពួក​រដ្ឋប្រហារ​ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​អ្នកស្រី ស៊ូជី បាន​ចាប់​ខ្លួន​អ្នក​នយោបាយ និង​សកម្មជន​ប្រឆាំង​ជិត​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់​មក​ដល់​ពេលនេះ ក្នុង​នោះ​មាន​អ្នកស្រី ស៊ូជី លោក​ប្រធានាធិបតី មីន ម្យីន រួម​នឹង​អ្នក​នយោបាយ​ក្រុម​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ជាង ៣០០​នាក់។

បើ​និយាយ​ពី​ការ​ស្លាប់​ប្រជាជន​វិញ​ដោយ​ពួក​យោធា​សម្លាប់​ក្នុង​ការ​វាយ​បង្ក្រាប និង​សម្លាប់​ដោយ​វាយប្រហារ​ក្នុង​សង្គ្រាម​ជិត ៦​ពាន់​នាក់។

ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​សហគមន៍​មូស្លីម​នៅ​រដ្ឋ​រ៉ាក់ខើយ នៅតែ​បន្ត​មក​ដល់​ពេលនេះ។ ហិង្សា​ផ្ទុះឡើង​តាំងពី​ចុង​ឆ្នាំ​២០១៧ បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​ទៅ​នៅ​ប្រទេស​បង់ក្លាដេស ជាង ៧០​ម៉ឺន​នាក់ និង​ត្រូវ​បាន​ពួក​យោធា​សម្លាប់​រាប់​ពាន់​នាក់។ របប​សឹក​ភូមា​កំពុងតែ​ជាប់​ឈ្មោះ​ជា​អ្នក​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទៅ​លើ​សហគមន៍​រ៉ូហីងយ៉ា។

កន្លងមក ប្រទេស​មហាអំណាច​ដែល​រាំង​ខ្ទប់​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ គឺ​ប្រទេស​ចិន និង​រុស្ស៊ី។ រាល់​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឱ្យ​ពួក​យោធា​បញ្ចប់​ហិង្សា និង​ថ្កោលទោស​របប​សឹក ក៏​ប្រទេស​មហាអំណាច​ពីរ​នេះ​តែងតែ​បោះឆ្នោត​ជំទាស់​ដែរ។

ប្រសិនបើ​ប្រទេស​ពីរ​នេះ​បន្ត​បោះឆ្នោត​ជំទាស់​ទៀត នោះ​ដំណោះស្រាយ​នេះ​មិន​អាច​ក្លាយ​ជា​វិធានការ​ដើម្បី​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​ភូមា​បាន​នោះ​ទេ។

អ្នក​ការទូត​របស់​ពួក​បស្ចិម​ប្រទេស និង​អ្នក​សង្កេតការណ៍​អះអាង​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អំពី​វិបត្តិ​នៅ​ប្រទេស​ភូមា ហើយ​ដែល​ឈាន​ដល់​ការ​តម្រូវ​ឱ្យ​ពួក​យោធា​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​នោះ ទំនង​ប្រទេស​ចិន និង​រុស្ស៊ី​បន្ត​បោះឆ្នោត​ជំទាស់។

ពួក​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ប្រទេស​ទាំង​ពីរ​នេះ​អាច​មាន​ហេតុផល​ក្នុង​ការ​ជំទាស់។ ហេតុផល​នោះ គឺ​ពួកគេ​ចាត់ទុក​ថា​សេចក្ដី​ព្រាង​ដំណោះស្រាយ​របស់​ចក្រភព​អង់គ្លេស មិន​ឈរ​លើ​គោលការណ៍​អព្យាក្រឹត​នោះ​ទេ ដោយ​មើល​ទៅ​ការ​ដាក់​គំនាប​លើ​ពួក​យោធា​បែរ​ជា​លម្អៀង​ទៅ​រក​ក្រុម​ប្រឆាំង។

បើ​និយាយ​ពី​មហាអំណាច​រុស្ស៊ី​វិញ គឺ​ប្រទេស​នេះ​ពិបាក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ខ្លាំង​ណាស់ ព្រោះ​ខ្លួន​គេ​ផ្ទាល់​កំពុងតែ​ប្រើ​ហិង្សា​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន ក្នុង​សង្គ្រាម​រយៈពេល ១០​ខែ​មក​នេះ។

យ៉ាងណាក៏ដោយ ការ​ឈាន​ទៅ​រក​ការ​បោះឆ្នោត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លើក​នេះ វា​មិនមែន​ផ្ដើម​ចេញពី​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នោះ​ទេ តែ​វា​ផ្ដើម​ចេញពី​ការ​ជំរុញ​របស់​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​សិង្ហបុរី ដែល​ពួកគេ​បាន​ទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​អំឡុង​ខែ​កញ្ញា ហើយ​បាន​លើក​សំណើ​នេះ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ។

ឥឡូវ​នេះ ដំណោះស្រាយ​ដែល​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត គឺជា​សេចក្ដី​ព្រាង​ដែល​ធ្វើឡើង​ដោយ​ប្រទេស​អង់គ្លេស ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​ក្នុង​ចំណោម​ប្រទេស​នេះ។ នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​អាសនៈ​ប្រទេស​ភូមា នៅតែ​ចំហ​ទុក​នៅ​ឡើយ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​របស់​អ្នកស្រី ស៊ូជី គឺ​លោក ក្យ៉មូធុង នៅតែ​មាន​វត្តមាន​នៅ​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​ដោយ​តំណាង​រដ្ឋាភិបាល​ដែល​ពួក​យោធា​ផ្ដួល​រំលំ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ចំណែកឯ​ពួក​យោធា ពុំ​មាន​តំណាង​របស់​ខ្លួន​អ្វី​ទាំងអស់ ទោះ​ជា​នៅ​វេទិកា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ក៏ដោយ។

មក​ដល់​ពេលនេះ សង្គ្រាម និង​ហិង្សា​នៅតែ​ផ្ទុះ​ខ្លាំង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ភូមា ដែល​នាំ​ទៅ​រក​សង្គ្រាម​ស៊ីវិល​កាន់តែ​រីក​រាលដាល​នៅ​ពេលនេះ ហើយ​ជនភៀសខ្លួន​ក៏​កើនឡើង​ជាច្រើន​សែន​នាក់​ទៀត​ផង។ ភូមា​ជា​សមាជិក​មួយ​នៃ​សមាគម​អាស៊ាន។

របប​សឹក​នេះ​ពុំ​មាន​សិទ្ធិ​ស្រប​ច្បាប់​នៅ​លើ​វេទិកា​នៃ​សមាគម​នេះ​ទេ ប៉ុន្តែ​សម្រាប់​ចិន​ដែល​គេ​ចោទ​ថា​នៅតែ​ជួយ​របប​សឹក​ភូមា ទើប​ប្រទេស​នេះ​តែង​បន្ត​គាំទ្រ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ការ​ផ្ដល់​អាវុធ​ទៅ​ឲ្យ​របប​សឹក​ភូមា ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន និង​ភូមា នៅពេល​បច្ចុប្បន្ន​នេះ​ដូចជា​រឿង​ធម្មតា ដោយ​ចិន​មិន​ខ្វល់​ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ដែល​ចោទ​ថា​ជួយ​ទ្រទ្រង់​របប​សឹក​ភូមា។

ដូច្នេះ​ហើយ​បាន​ជា​ប្រភព​របស់​អ្នក​ការទូត​នៅ​ឯ​ក្រុង​ញ៉ូវយ៉ក ដាក់​ការ​សង្ស័យ​ថា ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី​អាច​ជា​អ្នក​បោះឆ្នោត​រាំង​ខ្ទប់​មិន​ឱ្យ​មាន​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​លើ​របប​សឹក​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស