31 C
Phnom Penh

សហជីព​មួយ​ស្នើ​រដ្ឋាភិបាល​ស្ដារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដើម្បី​រក្សា GSP និង EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​សហជីព​កម្ពុជា ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​មុន​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA ដែល​អាមេរិក និង​អឺរ៉ុប​ផ្ដល់​ឲ្យ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​សហជីព​កម្ពុជា ចុះ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ប្រធានាធិបតី​អាមេរិក និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ព្រមទាំង​សហភាព​អឺរ៉ុប ដែល​ស្នើ​ឲ្យ​លោក ហ៊ុន សែន បើក​លំហ​សិទ្ធិ​នយោបាយ សេរីភាព ដោយ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​មុន​បោះឆ្នោត​ឆ្នាំ​២០២៣ អំឡុង​ពេល​មក​ប្រជុំ​អាស៊ាន​ថ្មីៗ​នេះ វា​ជា​ការ​ក្រើន​រំលឹក​ដល់​កម្ពុជា​ដើម្បី​ឲ្យ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា ធ្វើឡើង​ក្នុង​បំណង​ល្អ​សម្រាប់​កម្ពុជា ប៉ុន្តែ​បើ​កម្ពុជា​មិន​ធ្វើការ​កែលំអ​ទេ នោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA អាច​បាត់បង់​ទាំងស្រុង​នៅ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ។

បើ​តាម​សហភាព​សហជីព លើកឡើង​ថា បើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA នោះ នឹង​ធ្វើ​ឲ្យ​កម្មករ​រាប់​សែន​នាក់​នឹង​បាត់បង់​ការងារ​ធ្វើ ខណៈ​កន្លងមក​គ្រាន់តែ​សហភាព​អឺរ៉ុប​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% បាន​ធ្វើ​ឲ្យ​កម្មករ​រាប់​ម៉ឺន​នាក់​អត់​ការងារ​ធ្វើ។ មិន​ត្រឹម​ធ្វើ​ឲ្យ​កម្មករ​បាត់បង់​ការងារ​ទេ ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA នេះ កម្ពុជា​ក៏​នឹង​បាត់បង់​ប្រាក់ចំណូល​យ៉ាង​ខ្លាំង និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ផង​ដែរ បើ​រដ្ឋាភិបាល​នៅតែ​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ។

សហភាព​សហជីព​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ផល​ប្រយោជន៍​កម្មករ​កម្មការិនី​ធំ​ជាង​ហេតុផល​នយោបាយ។

ក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ អឺរ៉ុប​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​បើក​លំហ​នយោបាយ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ជា​ថ្នូរ​នឹង​ប្រគល់​ឲ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ឡើងវិញ ក្រោយពី​អឺរ៉ុប​បាន​ដក​កាលពី​ខែ​សីហា ឆ្នាំ​២០២០ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP បាន​ផុតកំណត់​ចាប់ពី​ឆ្នាំ​២០២០ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​ប្រកាស​ថា ខ្លួន​នឹង​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឲ្យ​កម្ពុជា​ទៀត​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស