32.5 C
Phnom Penh

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​មិន​បាន​ឆ្លើយតប​នឹង​វិបត្តិ​របស់​កម្មករ​ទាំង​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ប្រព័ន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ អះអាង​ថា បញ្ហា​របស់​កម្មករ​និយោជិត​ទាំង​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ កំពុង​រង​នូវ​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ទាំងនោះ​នៅឡើយ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា សព្វថ្ងៃ​នេះ​ប្រាក់ឈ្នួល​គោល​សម្រាប់​ធានា​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​នៅ​ទូទាំង​ប្រទេស មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅឡើយ​ទេ គឺ​មាន​តែ​ខាង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង​ប៉ុណ្ណោះ។

លោក​បន្ត​ថា ទោះបីជា​វិស័យ​នេះ​មាន​ប្រាក់ឈ្នួល​គោល​ហើយ​ក៏ដោយ ក៏​នៅ​មិន​ទាន់​អាច​ធានា​ការ​រស់នៅ​របស់​កម្មករ​និយោជិត​ក្នុង​ជីវភាព​សមរម្យ​បាន​ដែរ ដូច្នេះ​ពួកគេ​ត្រូវតែ​បង្ខំ​ចិត្ត​ធ្វើការ​ថែម​ម៉ោង​បន្ថែម​ទៀត។

លោក មឿន តុលា លើកឡើង​ថា បញ្ហា​ដែល​កើតមាន​លើ​កម្មករ​និយោជិត​មិន​មែន​ត្រឹមតែ​ប្រាក់ឈ្នួល​ដែល​មាន​ចំនួន​តិចតួច​មិន​អាច​ឱ្យ​ពួកគេ​រស់​បាន​ក្នុង​ជីវភាព​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត ដូចជា​លក្ខខណ្ឌ​ការងារ​ផ្សេងៗ ជាដើម ដែល​អាជ្ញាធរ​រដ្ឋ និង​ភាគី​ក្រុមហ៊ុន​បាន​បង្កើត​ឡើង​ដើម្បី​បង្ក​ភាព​ស្មុគស្មាញ​ដែល​ធ្វើ​ឱ្យ​បាត់បង់​អត្ថប្រយោជន៍​របស់​កម្មករ​រហូត​មក។

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ​រូប​នេះ​បញ្ជាក់​ថា ប្រាក់ឈ្នួល​គោល និង​ប្រាក់ខែ​គោល​ដែល​កម្មករ​និយោជិត​ទទួល​បាន​ជាង ១០០​ដុល្លារ​អាមេរិក​ដូច​សព្វថ្ងៃ​នេះ បើ​ទោះបីជា​មិន​ទាន់​អាច​ធានា​ការ​រស់នៅ​របស់​ពួកគេ​ក្នុង​ជីវភាព​សមរម្យ​បាន​ក៏ដោយ ប៉ុន្តែ​កម្មករ​និយោជិត​ទាំងនោះ​បាន​ធ្វើការ​តវ៉ា​ទាមទារ​ច្រើន​ណាស់​រហូត​រង​នូវ​ការ​បង្ក្រាប ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ជីវិត ខណៈ​អ្នក​ខ្លះ​ត្រូវ​ចាប់​ខ្លួន និង​រង​របួស​ថែម​ទៀត។

ការ​អះអាង​របស់​លោក មឿន តុលា ធ្វើឡើង​ក្រោយពី​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​នៅ​ក្នុង​ពិធី​អាហារ​សាមគ្គី​ជាមួយ​មេដឹកនាំ​សហព័ន្ធ​សហជីព និង​សមាគម​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៣ ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្សារសាច់​ផ្សារឈាម​ជាមួយ​កម្មករ​និយោជិត​តាំងពី​ដើម​រៀង​មក។

លោក ហ៊ុន ម៉ាណែត អះអាង​ថា បក្ស​កាន់​អំណាច​តែង​យកចិត្ត​ទុកដាក់​ដោះស្រាយ​ការ​លំបាក​គ្រប់​បែប​យ៉ាង ដើម្បី​ផ្តល់​នូវ​កិច្ច​គាំពារ ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ឱ្យ​កាន់តែ​ច្រើន​ជូន​ដល់​កម្មករ​និយោជិត ដើម្បី​បង្កើត​ទំនាក់ទំនង​វិជ្ជាជីវៈ បង្ក​ឱ្យ​មាន​ភាព​ស្រុះស្រួល​គ្នា និង​ភាព​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

កូនប្រុស​ច្បង​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន តែងតែ​គិតគូរ​គ្រប់​ជ្រុងជ្រោយ និង​ល្អិតល្អន់ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​បាន​ច្រើន​ជូន​ដល់​កម្មករ​និយោជិត ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ។ លោក​បន្ថែម​ថា រយៈពេល​ជាង ៤០​ឆ្នាំ​កន្លងមក​នេះ លោក ហ៊ុន សែន បាន​ដឹកនាំ​តាំងពី​ប្រជាជន​មាន​កម្រិត​ជីវភាព​ទាប​រហូត​មាន​ការ​រីកចម្រើន និង​បន្ត​រុងរឿង​សម្បូរ​ហូរហៀរ​ដូច​សព្វថ្ងៃ​នេះ។

ទោះជា​បែប​នេះ​ក្តី កាលពី​ចុង​ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​សេចក្តី​រាយការណ៍​សង្ខេប​ចំនួន ២៧​ទំព័រ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន មិន​បាន​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​ឡើយ ក្នុង​នោះ​ពួកគេ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​សហជីព​ឯករាជ្យ ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ រំលោភ​សិទ្ធិមនុស្ស​រាល់​គ្រប់​ទម្រង់ បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ និង​វាយប្រហារ​លើ​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​ទាមទារ​យុត្តិធម៌​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស