26 C
Phnom Penh

លោក ស ខេង ប្ដេជ្ញា​ធានា​បរិយាកាស​បោះឆ្នោត​ល្អ​អំឡុង​ជួប​មន្ត្រី​ជាន់ខ្ពស់​ជប៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្ដេជ្ញា​ធានា​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ជ្រើស​តំណាងរាស្ត្រ​ដែល​នឹង​ខិត​មក​ដល់​ក្នុង​ពេល​ខាងមុខ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធាន​សមាគម​ជប៉ុន-កម្ពុជា (JCA) ដឹកនាំ​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន លោក Takahashi Fumiaki កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

លោក ស ខេង បាន​ថ្លែង​ថា នៅ​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​កម្ពុជា​មាន​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​ការ​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ​នូវ​កីឡា​ស៊ីហ្គេម និង​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ជ្រើស​តំណាងរាស្ត្រ។

ចំពោះ​កិច្ចការ​សំខាន់​ពាក់ព័ន្ធ​ទៅ​នឹង​ក្រសួង​មហាផ្ទៃ​នោះ លោក​បាន​បញ្ជាក់​ទៅ​កាន់​លោក Takahashi Fumiaki ថា ក្រសួង​នឹង​បន្ត​ខិតខំ​ដោយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ថែរក្សា​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត។

លោក ស ខេង បន្ត​ថា កិច្ចការ​ទាំងនេះ រដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត ហើយ​ប្ដេជ្ញា​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរការ​នៃ​ព្រឹត្តិការណ៍​ទទួល​បាន​ជោគជ័យ ជាពិសេស​បរិយាកាស​ផ្នែក​សន្តិសុខ​ល្អ ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ខាងមុខ​នេះ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-ជប៉ុន លោក Takahashi Fumiaki ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បាន​យកចិត្ត​ទុកដាក់ និង​អនុញ្ញាត​ឲ្យ​លោក និង​គណៈប្រតិភូ និង​អ្នក​វិនិយោគិន​ជប៉ុន ចូល​ជួប។

ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នា​​ពេលនេះ ខណៈ​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​លើក​ទី​៧៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស