28.5 C
Phnom Penh

ទូត​ជប៉ុន​ថា​នឹង​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​តាម​បែប​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន​ខិតខំ​ប្រឹងប្រែង​ដោយ​ជំរុញ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​កិច្ច​សន្ទនា​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ព្រមទាំង​បក្ស​កាន់​អំណាច ហើយ​និង​បក្ស​ប្រឆាំង។

ការ​ថ្លែង​របស់​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​មកពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៩ និង​បាន​ពិភាក្សា​គ្នា​លើ​ប្រធានបទ​ជាច្រើន រួម​មាន​បញ្ហា​សង្គម​ផ្សេងៗ និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១៥ ខែ​មីនា។

បើ​តាម​ហ្វេសប៊ុក​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា (Embassy of Japan in Cambodia) កាលពី​ថ្ងៃទី​១៦ ខែ​មីនា បាន​លើកឡើង​ដោយ​ដកស្រង់​ប្រសាសន៍​ឯកអគ្គរាជទូត លោក អ៊ូអិណុ អាត់ស៊ូស៊ី ថា រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល។ លោក​បញ្ជាក់​ថា សង្គម​ស៊ីវិល​មាន​តួនាទី​សំខាន់​នៅ​ក្នុង​វិស័យ​ជាច្រើន ដូចជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ជាដើម។ ដូច្នេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី អះអាង​ថា កន្លងមក និង​បច្ចុប្បន្ន រដ្ឋាភិបាល​ជប៉ុន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​កិច្ច​សន្ទនា​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ក៏ដូចជា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ផង​ដែរ។

អង្គការ​សង្គម​ស៊ីវិល​ដែល​ឯកអគ្គរាជទូត លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​ជួប​កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ ក្នុង​នោះ​មាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​សង់ត្រាល់ អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្វ្រែល សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម។

ជំនួប​ពិភាក្សា​រវាង​ឯកអគ្គរាជទូត​ជាមួយ​សង្គម​ស៊ីវិល ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង ខណៈ​ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន បាន​បិទ​សារព័ត៌មាន VOD និង​កាត់ទោស​លោក កឹម សុខា ឲ្យ​ជាប់​គុក ២៧​ឆ្នាំ ពី​បទ «សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ត្រូវរ៉ូវ​ជាមួយ​រដ្ឋ​បរទេស​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល» ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋ​អាមេរិក។

ការ​បិទ​សារព័ត៌មាន VOD និង​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្រប​ពេល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស