29.6 C
Phnom Penh

ទស្សនៈ​យ៉ាងតិច​បី​កំពុង​ខ្វែង​គំនិត​គ្នា​អំពី ICC ចេញ​ដីកា​ចាប់​ខ្លួន​លោក វ៉្លាឌីមៀរ ពូទីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន កាលពី​ថ្ងៃទី​១៧ ខែ​មីនា គេ​សង្កេត​ឃើញ​ទស្សនៈ​យ៉ាងតិច​បី​កំពុង​ខ្វែង​គំនិត​គ្នា​អំពី​អានុភាព និង​ឥទ្ធិពល​របស់ ICC ពាក់ព័ន្ធ​នឹង​អំណាច​របស់​លោក ពូទីន ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​នៅ​លើ​ពិភពលោក​ត្រូវ​បាន​តុលាការ​អន្តរជាតិ​នេះ​ចេញ​ដីកា​ចាប់​ខ្លួន។

នៅ​លើ​បណ្ដាញ​សង្គម​កំពុងតែ​មាន​ការ​ឆ្លងឆ្លើយ​គ្នា ដែល​អ្នក​ខ្លះ​មាន​សុទិដ្ឋិនិយម​ថា លោក ពូទីន អាច​នឹង​ត្រូវ​បាន​ប៉ូលិស​អន្តរជាតិ ឬ Interpol សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី​នៃ​ប្រទេស​ណា​មួយ​ត្រូវ​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​ធ្វើ​ការ​ជំនុំជម្រះ​ក្ដី​នៅ​ឯ​តុលាការ ICC ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។

ទស្សនៈ​មួយ​ទៀត​បែប​ទុទ្ទិដ្ឋិនិយម​ថា គ្មាន​អំណាច​អ្វី​ដែល​តុលាការ​នេះ​អាច​ចាប់​ខ្លួន​មេដឹកនាំ​មហាអំណាច​មួយ​នេះ​បាន​ទេ បើ​ទោះជា​លោក ពូទីន មាន​ទោស​រហូត​ដល់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក៏ដោយ​នោះ។

ចំណែក​ទស្សនៈ​ទី​៣ វិញ មើល​ឃើញ​ថា គេ​អាច​ផ្តួល​រំលំ​លោក ពូទីន គឺ​នៅ​ក្នុង​វិមាន​ក្រឹមឡាំង​របស់​លោក ពូទីន តែម្ដង ដែល​ពេល​នោះ​លោក ពូទីន អាច​នឹង​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង។

លោក ពូទីន ត្រូវ​បាន​តុលាការ ICC ចោទប្រកាន់ ហើយ​រហូត​ដល់​ចេញ​ដីកា​ចាប់​ខ្លួន​តែម្ដង គឺ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។ សំណុំរឿង​មួយ​ដែល​នាំ​ឲ្យ​លោក ពូទីន ជាប់​បទឧក្រិដ្ឋ​នេះ គឺ​កងទ័ព​របស់​រុស្ស៊ី​ចាប់​ពង្រត់​កុមារ​អ៊ុយក្រែន​រាប់​ពាន់​នាក់​ពី​ឪពុកម្ដាយ​របស់​ពួកគេ​ឲ្យ​ទៅ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

បទល្មើស​មួយ​ទៀត​នោះ គឺ​ការ​ស្លាប់​ជនស៊ីវិល​ដោយសារតែ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី បាញ់​កម្ទេច​អគារ​លំនៅឋាន មន្ទីរពេទ្យ សាលារៀន​របស់​ពួកគេ។ បទល្មើស​មួយ​ទៀត គឺ​ការ​ស្លាប់​ជនស៊ីវិល​ដោយ​ទ័ព​របស់​រុស្ស៊ី​សម្លាប់ និង​ធ្វើ​ទារុណកម្ម​ក្រោយពី​រដ្ឋអាជ្ញា ICC សហការ​នឹង​រដ្ឋអាជ្ញា​អ៊ុយក្រែន រក​ឃើញ​រណ្ដៅ​សាកសព​រួម​នៅ​ទីក្រុង​ម៉ារីយ៉ូប៉ុល ដែល​មាន​សាកសព​ជាង ១​ពាន់​នាក់​ក្នុង​នោះ​មាន​ស្ត្រី និង​កុមារ​ផង​ដែរ។

ការ​រក​ឃើញ​រណ្ដៅ​សាកសព​មាន​ច្រើន​កន្លែង​ទៀត​ដែល​គេ​ហៅ​សាកសព​រួម មាន​ដូចជា​នៅ​តំបន់​ខាគៀវ និង​តំបន់​ខឺសុន។ ការ​រក​ឃើញ​នេះ ក្រោយពី​ទ័ព​អ៊ុយក្រែន​វាយ​រំដោះ​បាន​តំបន់​នេះ​ពី​កងទ័ព​រុស្ស៊ី។ ជនរងគ្រោះ​ក្នុង​រណ្ដៅ​សាកសព​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។ អំពើ​ឧក្រិដ្ឋ​មួយ​ទៀត គឺ​រក​ឃើញ​ជនរងគ្រោះ​ជា​ជនស៊ីវិល​ស្លាប់​នៅ​តាម​ដងផ្លូវ​ដោយ​ដៃ​របស់​ពួកគេ​ចង​ស្លាប​សេក​មក​ក្រោយ គឺ​នៅ​ក្បែរ​រដ្ឋធានី​គៀវ ភាគ​ខាងជើង​នៃ​ទីក្រុង​មួយ​នេះ​ដែល​មាន​ចម្ងាយ ៦០​គីឡូម៉ែត្រ។

ការ​រក​ឃើញ​សោកនាដកម្ម​នេះ ក្រោយពី​កងទ័ព​រុស្ស៊ី​ដក​ទ័ព​ចេញពី​តំបន់​នេះ ខណៈ​ទ័ព​អ៊ុយក្រែន​វាយ​បក ហើយ​បាញ់​កម្ទេច​រថក្រោះ​រថពាសដែក​របស់​រុស្ស៊ី​រាប់​សិប​គ្រឿង​ដោយ​រុញ​ឲ្យ​ទ័ព​រុស្ស៊ី​បាក់​ទ័ព​នៅ​អំឡុង​ពេល​នោះ​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២២។ ពេល​នោះ​ហើយ​ដែល​រុស្ស៊ី​បរាជ័យ​មិន​អាច​វាយ​ចូល​រដ្ឋធានី​គៀវ បាន ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រលំ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី។

ជាង​នេះ​ទៅ​ទៀត មីស៊ីល​របស់​រុស្ស៊ី​រាប់​ពាន់​គ្រាប់​បាញ់​ទម្លាក់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អគ្គិសនី ដែល​ត្រូវ​ជួយ​ប្រជាជន​នៅ​ពេល​ដែល​រដូវរងា​ធ្លាក់​មក​ដល់ ធ្វើ​ឲ្យ​ប្រជាជន​អ៊ុយក្រែន​រស់​យ៉ាង​វេទនា​បំផុត។ ដោយ​រក​ឃើញ​ភស្តុតាង​ទាំងអស់​នេះ ICC សម្រេច​ថា​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី គឺជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​ជាងគេ​បង្អស់ ព្រោះតែ​បុរស​រូប​នេះ​បញ្ជា​ឲ្យ​រុស្ស៊ី​លើក​ទ័ព​ជាង ២៥​ម៉ឺន​នាក់​ចូល​ទៅ​លុកលុយ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ឥឡូវ​នេះ លោក ពូទីន ធ្លាក់​ក្នុង​ពិរុទ្ធភាព​របស់ ICC គឺ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ករណី​ប្រល័យ​ពូជសាសន៍។ ដូច្នេះ​ការ​ចេញ​ដីកា​របស់ ICC នាំ​ឲ្យ​មាន​ទស្សនៈ​យ៉ាងតិច​ចំនួន​បី​កំពុងតែ​ខ្វែង​គំនិត​គ្នា​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម។

ឥឡូវ​នេះ គឺជា​ការ​ផ្ទៀងផ្ទាត់​នូវ​ទស្សនៈ​ទាំង​បី​នេះ​ជាមួយ​នឹង​ឥទ្ធិពល​អំណាច​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដែល​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​ដ៏​មាន​អំណាច​ម្នាក់​នេះ។

ទស្សនៈ​ដែល​ថា​ជៀស​ពុំ​រួច​ទេ​ដែល​លោក ពូទីន ត្រូវ​បាន​ចាប់​ខ្លួន​នាំ​ទៅ​កាត់ទោស​នៅ ICC ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។ ពួកគេ​គិត​ថា​ការ​ចាប់​ខ្លួន​លោក ពូទីន បាន វា​ត្រូវ​ពឹង​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ទាំងឡាយ​ណា​ដែល​អនុវត្ត​ដីកា​របស់ ICC ដោយ​មិន​ខ្លាច​ញញើត​ចំពោះ​ការ​សងសឹក​ពី​របប​របស់​លោក ពូទីន នៅ​ទីក្រុង​មូស្គូ។

ប៉ុន្តែ​ប្រទេស​ទាំងអស់​នោះ​គេ​អាច​ឃាត់​ខ្លួន និង​ធ្វើ​បត្យាប័ន​បញ្ជូន​លោក ពូទីន ទៅ ICC វា​អាស្រ័យ​ទៅ​លើ​កម្លាំង​ប៉ូលិស​អន្តរជាតិ Interpol ដែល​គេ​គិត​ថា​សហការ​ជាមួយ​ប៉ូលិស​យុត្តិធម៌​របស់​ប្រទេស​នោះ ឬ​ក៏​ក្រុម CIA របស់​អាមេរិក​ប្រើ​អត្តសញ្ញាណ​របស់​របស់​ប៉ូលិស​អន្តរជាតិ​ទៅ​នាំ​ខ្លួន​លោក ពូទីន ចេញពី​ប្រទេស​នោះ ប៉ុន្តែ​អ្នក​ចាប់​ខ្លួន​លោក ពូទីន ជា​សមត្ថកិច្ច Interpol និង​នគរបាល​យុត្តិធម៌​នៃ​ប្រទេស​នោះ អាច​ប្រឈម​នឹង​កម្លាំង​សម្ងាត់​របស់​រុស្ស៊ី ដែល​ទៅ​ការពារ​លោក ពូទីន។ តែ​យ៉ាងណា ភាគតិច​ណាស់​ដែល​កម្លាំង​សម្ងាត់​របស់​រុស្ស៊ី​អាច​រារាំង​បាន​ការ​នាំ​ខ្លួន​លោក ពូទីន ទៅ ICC។

ចំពោះ​ទស្សនៈ​មួយ​ទៀត​ដែល​បង្ហាញ​អំពី​ទុទ្ទិដ្ឋិនិយម គឺ​ថា​គ្មាន​ប្រទេស​ណា​អាច​ចាប់​បញ្ជូន​ខ្លួន​លោក ពូទីន បាន​នោះ​ទេ។ ទស្សនៈ​នេះ​សំអាង​ថា លោក ពូទីន ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​ដ៏​ធំ​ដែល​មាន​កម្លាំង​ទ័ព​យ៉ាង​ខ្លាំង ហើយ​មាន​ទាំង​អាវុធ​នុយក្លេអ៊ែរ​អាច​គំរាមកំហែង​ទៅ​លើ​ប្រទេស​ដែល​ឃាត់​ខ្លួន និង​បញ្ជូន​ខ្លួន​លោក ពូទីន ទៅ ICC ហើយ​ប្រទេស​នោះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប៉ូលិស​អន្តរជាតិ ឬ​ក៏​ប៉ូលិស​ក្នុង​ប្រទេស​របស់​ពួកគេ​ប៉ះពាល់​លោក ពូទីន បាន​ដាច់ខាត។

គេ​ថា​ប្រទេស​ទាំងនោះ​សុទ្ធសឹងតែ​ជា​សម្ព័ន្ធភាព​ស្លាប់​រស់​ជាមួយ​នឹង​របប​របស់​លោក ពូទីន។ ដូច្នេះ​លោក ពូទីន អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំងនោះ​បាន​ដោយ​មិន​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​លោក​ទៅ​ឲ្យ ICC នោះ​ទេ។

យ៉ាងណា ទស្សនៈ​ទី​៣ មើល​ឃើញ​ជ្រុង​មួយ​របស់​ខ្លួន​ផង​ដែរ ដែល​ពួកគេ​ថា​នៅ​ពេល​ដែល​លោក ពូទីន កាន់តែ​បាក់មុខ​បាក់មាត់​នៅ​លើ​ឆាក​អន្តរជាតិ​ដោយសារតែ​ជាប់​ពិរុទ្ធភាព​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​តុលាការ ICC គឺ​ផ្ទៃក្នុង​របស់​រុស្ស៊ី អាច​នឹង​រក​វិធានការ​ណា​មួយ​ផ្ដួល​រលំ​លោក ពូទីន ពី​អំណាច។ លោក ពូទីន ពេល​នោះ​អាច​នឹង​បញ្ចប់​អំណាច​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ ឬ​ក៏​ការ​ចាប់​ពង្រត់​លោក​ឲ្យ​ទៅ​នៅ​ទីកន្លែង​សម្ងាត់​ណា​មួយ​ដោយ​ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​របប​លោក ពូទីន។

គេ​អាច​និយាយ​បាន​ទៀត​ថា នៅ​ពេល​ដែល​លោក ពូទីន ក្លាយ​ជា​មេដឹកនាំ​ខុស​ច្បាប់​នៃ​រដ្ឋាភិបាល​រុស្ស៊ី គឺ​ប្រជាជន​រុស្ស៊ី​ដែល​មិន​គាំទ្រ​លោក ពូទីន លើក​ទ័ព​លុកលុយ​អ៊ុយក្រែន​ពេល​នោះ ប្រជាជន​អាច​នឹង​ងើប​ឡើង​បះបោរ​ឲ្យ​លោក ពូទីន ចុះចេញ​ពី​អំណាច។

ប្រសិនបើ​ទស្សនៈ​ទី​បី​នេះ​អាច​ធ្វើ​ទៅ​បាន មាន​ន័យ​ថា រុស្ស៊ី​មិន​បញ្ជូន​លោក ពូទីន ទៅ ICC នោះ​ទេ គឺ​បំបិទ​ស្រមោល​របស់​លោក ពូទីន នៅ​ក្នុង​ប្រទេស​របស់​រុស្ស៊ី​តែម្ដង។ យ៉ាងណា គេ​អាច​នឹង​ដឹង​ថា តើ​ទស្សនៈ​ទាំង​បី​នេះ​មួយ​ណា​អាច​ក្លាយ​ជា​ការពិត វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព និង​ពេលវេលា​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស