32 C
Phnom Penh

ចិន និង​រុស្ស៊ី រួម​កម្លាំង​គ្នា​កាត់បន្ថយ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ប្រទេស​លោក​សេរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសែភ្នែក​របស់​អ្នក​ប្រជាធិបតេយ្យ​នៃ​ប្រទេស​លោក​ខាងលិច កំពុង​សម្លឹង​ទៅ​រក​ចិន ដែល​ប្រទេស​កុម្មុយនីស្ត​ដ៏​ធំ​មួយ​នេះ​កំពុង​ប្រើ​សក្ដានុពល​សេដ្ឋកិច្ច និង​កម្លាំង​យោធា​ទៅ​លើ​ប្រទេស​មួយ​ចំនួន​ជា​កូនបំណុល​ពាន់​លាន​ដុល្លារ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង។

រុស្ស៊ី ជា​មហាអំណាច​ដ៏​ខ្លាំង​មួយ​នៅ​លើ​ពិភពលោក​ដែល​មិន​មាន​ឈ្មោះ​ក្នុង​ចំណោម ២០​ប្រទេស​ជា​ប្រទេស​ជំពាក់​បំណុល​ចិន គរ​ដូច​ភ្នំ​នោះ​ទេ តែ​ទីក្រុង​មូស្គូ ធ្លាក់​ក្នុង​របប​ផ្ដាច់ការ​ជាង ២០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​លោក វ៉្លាឌីមៀរ ពូទីន ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០០ មក​នោះ។

នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​របប​នៅ​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ ចាប់​ដៃ​គ្នា​យ៉ាង​ស្អិតល្មួត​ក្នុង​ការ​កៀរគរ​ប្រទេស​ដែល​កំពុង​ដើរ​លើ​ផ្លូវ​ផ្ដាច់ការ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន។ គេ​ថា​ក្រុង​ប៉េកាំង ប្រើ​ប្រាក់កម្ចី​របស់​ខ្លួន​លើក​ទឹកចិត្ត​ប្រទេស​ដែល​កំពុង​ទៅ​រក​ប្រព័ន្ធ​ផ្ដាច់ការ ឱ្យ​កាន់តែ​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ​ពហុភាព​សេរី​និយម ហើយ​បង្កើត​ខ្សែ​អំណាច​ចាក់ស្រេះ​ក្នុង​សង្គម​ដែល​គេ​ថា​របប​នៃ​ការ​ដឹកនាំ​សង្គម​ផ្ដាច់ការ និង​គ្រួសារ​និយម។

ចំណែក​មហាអំណាច​រុស្ស៊ី ជា​ប្រភព​នៃ​ការ​ជួយ​ពង្រឹង​ប្រទេស​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ទាំងនោះ ឱ្យ​មាន​កម្លាំង​យោធា​រឹងមាំ ជាមួយ​នឹង​ការ​ផ្ដល់ ឬ​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ទាំងនោះ។

រយៈពេល​ជាង ១០​ឆ្នាំ​ចុងក្រោយ​នេះ ពិភពលោក​ធ្លាក់​ក្នុង​ប្រព័ន្ធ​អំណាច​ផ្ដាច់ការ​កាន់តែ​កើន​ឡើង។

គេ​ថា ប្រទេស​ទាំងនោះ​មិន​អនុវត្ត​ប្រព័ន្ធ​កុម្មុយនីស្ត​នោះ​ទេ តែ​មេដឹកនាំ​ដែល​ក្ដោប​អំណាច​កងទ័ព និង​ប្រព័ន្ធ​តុលាការ​ណែន​ក្នុង​ដៃ បាន​ចាប់​យក​ប្រព័ន្ធ​ដឹកនាំ​ប្រជាធិបតេយ្យ​ធ្វើ​ជា​ឧបករណ៍​ពង្រឹង​អំណាច​សម្រាប់​ខ្លួនឯង និង​បក្ខពួក​របស់​ខ្លួន តាម​រយៈ​ការ​បោះឆ្នោត​ដែល​បំបិទ​សំឡេង​ប្រឆាំង។ ប្រទេស​ទាំងអស់​នោះ​ច្រើន​មាន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក តំបន់​អាស៊ី​អាគ្នេយ៍ តំបន់​អាស៊ី​ខាងត្បូង និង​ប្រទេស​ខ្លះ​នៅ​មជ្ឈិមបូព៌ា។ ប្រទេស​ទាំងនោះ​ភាគច្រើន​ជា​កូនបំណុល​ចិន​វ័ណ្ឌក និង​ក្រោម​ឥទ្ធិពល​របប​ផ្ដាច់ការ​នៅ​ក្រុង​មូស្គូ។

ទាំងអស់​នេះ​ហើយ​មើល​ទៅ​បាន​ជា​អគ្គលេខាធិការ​យោធា​ណាតូ Jens Stoltenberg នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស BBC កាលពី​ពេល​ថ្មីៗ​នេះ លោក​បាន​ថ្លែង​ថា សម្ព័ន្ធភាព​នៃ​ក្រុម​ប្រទេស​ផ្ដាច់ការ បាន​កំពុង​រួម​កម្លាំង​គ្នា​ប្រឆាំង​ប្រជាធិបតេយ្យ​លោក​ខាងលិច។

តាម​លោក​អគ្គលេខាធិការ​យោធា​ណាតូ ប្រទេស​ផ្ដាច់ការ​ខ្លាំងក្លា​ចំនួន ៤ មាន​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង គឺជា​មេខ្លោង​នៃ​ការ​ទាញ​ប្រទេស​ដែល​មាន​មេដឹកនាំ​ក្រាញ​អំណាច និង​ផ្ដាច់ការ ឱ្យ​កាន់តែ​ងាក​ចេញពី​ប្រព័ន្ធ​ប្រជាធិបតេយ្យ ហើយ​រួម​គ្នា​ប្រឆាំង​នឹង​លោក​ខាងលិច។

លោក Jens Stoltenberg សង្កត់​ធ្ងន់​ថា ដើម្បី​បំបាក់​ប្រព័ន្ធ​អំណាច​ផ្ដាច់ការ គេ​ត្រូវ​ធ្វើ​ឱ្យ​រុស្ស៊ី ចាញ់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ហើយ​សម្ព័ន្ធ​ណាតូ ដែល​ការពារ​ប្រជាធិបតេយ្យ ត្រូវ​រួម​គ្នា​ខ្លាំង​ថែម​ទៀត​ជួយ​អ៊ុយក្រែន ឱ្យ​មាន​ប្រៀប​ឡើងវិញ វាយបក​សង្គ្រាម​របស់​រុស្ស៊ី។

លោក Jens Stoltenberg សង្ឃឹម​ថា ជំនួប​កំពូល​នៃ​មេដឹកនាំ​ណាតូ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ខែ​កក្កដា ខាងមុខ​នេះ នឹង​មាន​ការ​ប្ដេជ្ញាចិត្ត​រឹងមាំ​ជួយ​ពង្រឹង​កម្លាំង​យោធា​របស់​អ៊ុយក្រែន និង​រួម​គ្នា​ទប់ស្កាត់​កម្លាំង​អំណាច​ផ្ដាច់ការ​ដែល​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង ជា​មេខ្លោង។

តាម​អគ្គលេខាធិការ​យោធា​ណាតូ ប្រទេស​ចិន​ជា​កម្លាំង​មួយ​ដែល​ជួយ​សេដ្ឋកិច្ច​រុស្ស៊ី ឱ្យ​ដក​ដង្ហើម​បាន​មក​ដល់​ពេលនេះ ហើយ​ជា​ប្រភព​លើក​ទឹកចិត្ត​ឱ្យ​របប​ផ្ដាច់ការ​នៅ​ក្រុង​មូស្គូ មាន​កម្លាំង​ប្រយុទ្ធ​នឹង​កម្លាំង​រួម​របស់​លោក​ខាងលិច​ដែល​ជួយ​អ៊ុយក្រែន។

ឥឡូវ​ឃើញ​ហើយ​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ដែល​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែ​មេសា នៅ​ទីក្រុង​ប៉េកាំង គឺ​ពិត​ណាស់​ជា​ការ​បង្ហាញ​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ប្រឆាំង​នឹង​ពួក​ប្រទេស​លោក​ខាងលិច​កាន់​លទ្ធិប្រជាធិបតេយ្យ នៅ​ពេល​រដ្ឋាភិបាល​ក្រុង​មូស្គូ បន្ត​លុកលុយ​ប្រទេស​អ៊ុយក្រែន។

លោក Lavrov បាន​និយាយ​ថា រុស្ស៊ី​ពេញចិត្ត​នឹង​ការ​បន្ត​ជួយ​របស់​ចិន ដែល​នាំ​ឱ្យ​រុស្ស៊ី​បន្ត​ជោគជ័យ​មក​ដល់​ពេលនេះ។

ប្រទេស​ចិន ជា​អតីត​គូប្រជែង​របស់​រុស្ស៊ី ដើម្បី​ដឹកនាំ​ប្លុក​កុម្មុយនីស្ត​ក្នុង​សម័យ​កាល​នៃ​សង្គ្រាម​ត្រជាក់ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ទសវត្ស​មក​នេះ ប្រទេស​ទាំង​ពីរ​នេះ​មាន​គោលនយោបាយ​ការបរទេស​ស្រប​គ្នា ហើយ​តែងតែ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា និង​ស្វះស្វែង​ប្រមែប្រមូល​បណ្ដា​ប្រទេស​ដែល​ងាក​ចេញពី​ប្រជាធិបតេយ្យ ឱ្យ​នៅ​ជាមួយ​នឹង​ខ្លួន តាមរយៈ​ការ​ផ្ដល់​វិភាគទាន​សេដ្ឋកិច្ច​ដ៏​មហិមា និង​បច្ចេកវិទ្យា​សព្វាវុធ។

ចិន និង​រុស្ស៊ី ជា​ដៃគូ​ខាង​ការទូត​សំខាន់​បំផុត ព្រោះ​ប្រទេស​ទាំង​ពីរ​នេះ​កាន់កាប់​អាសនៈ​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រាំង​ខ្ទប់​ការ​ផ្តើម​គំនិត​របស់​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក ក្នុង​ការ​ផ្សព្វផ្សាយ​គុណ​តម្លៃ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​លើ​ពិភពលោក។

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov បាន​ទៅ​ដល់​ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែ​មេសា។ ចំណែក​ឯ​លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ចិន បាន​គាំទ្រ​ទស្សនៈ​រុស្ស៊ី អំពី​បុព្វហេតុ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន។

ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជា​ញឹកញាប់​រវាង​ចិន និង​រុស្ស៊ី ត្រូវ​បាន​គេ​មើល​ឃើញ​ថា មហាអំណាច​ទាំង​ពីរ​នេះ​ប្រឹងប្រែង​ដាក់​ឱ្យ​មាន​ការ​កាន់​អំណាច​ផ្ដាច់ការ​ជំនួស​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់​ដែល​ពួកគេ​មាន​ឥទ្ធិពល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស