31.8 C
Phnom Penh

គ.ជ.ប​និង​ក្រសួង​មហាផ្ទៃ​ទស្សនកិច្ច​នៅ​បារាំង​រក​មធ្យោបាយ​គាំទ្រ​ការ​រៀបចំ​ការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់ គ.ជ.ប. និង​ក្រសួង​មហាផ្ទៃ ទៅ​ទស្សនកិច្ច​នៅ​បារាំង ដើម្បី​រក​មធ្យោបាយ​គាំទ្រ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ ខណៈ​បារាំង​បន្ត​ទាមទារ​ឲ្យ​កម្ពុជា​បើក​លំហ​ដល់​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល។

បើ​តាម​ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ ថា គណៈប្រតិភូ​មួយ​ក្រុម​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉ារីស៍ កាលពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែ​មីនា ក្រោយពី​សំណើ​របស់​ប្រធានាធិបតី​បារាំង។

ប្រភព​ដដែល​ថា ដំណើរ​ទស្សនកិច្ច​នេះ​ដើម្បី​ស្វែងរក​មធ្យោបាយ​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ ខណៈ​ប្រទេស​បារាំង​បាន​ផ្តល់​សារសំខាន់​ដល់​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​គោរព តាម​គោលដៅ​នៃ​ប្រជាធិបតេយ្យ​ពហុបក្ស និង​សេរីភាព​ជា​មូលដ្ឋាន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

មួយ​វិញ​ទៀត ដំណើរ​ទស្សនកិច្ច​ខាងលើ​ធ្វើឡើង​សម្រាប់​គណៈប្រតិភូ​កម្ពុជា​ឈ្វេងយល់​អំពី​ការ​រៀបចំ​ការ​បោះឆ្នោត​កម្រិត​មូលដ្ឋាន និង​ការ​បោះឆ្នោត​ជាតិ វិធាន​ដែល​គ្រប់គ្រង​ការ​បែងចែក​ដ៏​ត្រឹមត្រូវ​នៃ​ពេលវេលា​ថ្លែង​សម្រាប់​បេក្ខជន និង​គណបក្ស និង​គ្រប់គ្រង​វិវាទ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​ចែករំលែក​បទពិសោធន៍​របស់​ប្រទេស​បារាំង និង​ការ​បន្ត​កិច្ច​សន្ទនា​ចាំបាច់​ជាមួយ​អាជ្ញាធរ​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​នូវ​បរិយាកាស​បោះឆ្នោត​ដែល​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល ដំណើរការ​ដោយ​គ្មាន​ការ​រារាំង ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ សេរី និង​ប្រកប​ដោយ​តម្លាភាព។

ពាក់ព័ន្ធ​នឹង​រឿង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ថ្ងៃទី​១៧ ខែ​មីនា នេះ សភា​អឺរ៉ុប​អនុម័ត​ជា​ផ្លូវការ​សេចក្តី​សម្រេច​ថ្មី​មួយ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ» (EBA) ពី​កម្ពុជា ប្រសិនបើ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ខាងមុខ​ប្រព្រឹត្ត​ទៅ​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​មាន​ការ​បន្ត​រំលោភ​សិទ្ធិមនុស្ស ខណៈ​ខែ​សីហា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា លើ​តម្លៃ​ទំនិញ​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ជាង ១​ពាន់​លាន​ដុល្លារ។

បើ​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ​មុន បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស