33.2 C
Phnom Penh

គ.ជ.ប នឹង​អញ្ជើញ​ស្ថានទូត​រុស្ស៊ី​ធ្វើ​ជា​ភ្ញៀវ​ពិសេស​ចូលរួម​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត អះអាង​ថា គ.ជ.ប នឹង​អញ្ជើញ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ក្នុង​នាម​ជា​ភ្ញៀវ​ពិសេស។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា សហព័ន្ធ​រុស្ស៊ី អះអាង​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​លក្ខណៈ​សមស្រប​ទៅ​កត្តា​ប្រជាសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និង​នយោបាយ​ជាក់ស្ដែង​ពិតប្រាកដ​របស់​កម្ពុជា។

លោក ប្រាជ្ញ ចន្ទ អះអាង​ថា ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា លោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) បាន​អបអរ​សាទរ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កម្ពុជា ដែល​បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កន្លងទៅ​ដោយ​ជោគជ័យ​ក្នុង​បរិយាកាស​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង។

លោក ប្រាជ្ញ ចន្ទ បញ្ជាក់​ថា ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​លើកឡើង​ដែរ​ថា ចំពោះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​សភា​ស៊ីវិល​នៅ​សហព័ន្ធ​រុស្ស៊ី មាន​ការ​ចាប់អារម្មណ៍ និង​តាមដាន​ខ្លាំង​បំផុត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ប្រាជ្ញ ចន្ទ បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​កម្ពុជា លោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​គណៈកម្មាធិការ​មជ្ឈិម​រៀបចំ​ការ​បោះឆ្នោត​នៃ​សហព័ន្ធ​រុស្ស៊ី ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កម្ពុជា​នៅ​ពេលនេះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​របស់​កម្ពុជា​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​ប្រទេស​សេរី​ប្រជាធិបតេយ្យ​មួយ​ចំនួន​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ពួកគេ​មក​ពិនិត្យ​មើល​ការ​បោះឆ្នោត​នេះ​ទេ ដោយសារតែ​គេ​មើល​ឃើញ​ថា ជា​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព។

កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៣ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ប្រទេស​បារាំង សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ពិភពលោក បាន​សម្រេច​ថា​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ពួកគេ​មក​កម្ពុជា​នោះ​ទេ សម្រាប់​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

លោក សម រង្ស៊ី បញ្ជាក់​ថា ដោយសារតែ​ប្រទេស​ទាំងនោះ​ចាត់ទុក​ថា​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ ព្រោះ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ចាត់ចែង​របស់​បក្ស​កាន់​អំណាច​ទៅ​ហើយ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ស្នើ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​បារាំង ឱ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​បារាំង​មក​ពិនិត្យ និង​សង្កេត​មើល​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​បារាំង​នៅ​មិនទាន់​ឆ្លើយតប​ថា​តើ​នឹង​បញ្ជូន ឬ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា​នៅឡើយ​ទេ រហូត​ដល់​ពេលនេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្លាប់​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រៅពី​ប្រទេស​បារាំង រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អញ្ជើញ​អ្នក​សង្កេតការណ៍​មកពី​ប្រទេស​អង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និង​ប៉ាឡេស្ទីន (Palestine ) ផង​ដែរ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​បាន​ទទួល​ចម្លើយ​ពី​ប្រទេស​ទាំងនោះ​ថា​នឹង​មក​ចូលរួម ឬ​មិន​មក​ចូលរួម​នៅឡើយ​ទេ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មេសា នេះ​ថា ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២៣ នេះ សហគមន៍​អន្តរជាតិ​រង់ចាំ​មើល​តែ​វត្តមាន​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប៉ុណ្ណោះ ដែល​ពួកគេ​នឹង​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​បើ​គ្មាន​វត្តមាន​របស់​លោក កឹម សុខា ទេ ប្រទេស​លោក​សេរី​ទាំងនោះ​គ្មាន​ហេតុផល​ណា​នឹង​ទទួលស្គាល់​ការ​បោះឆ្នោត​នេះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស