38 C
Phnom Penh

គ.ជ.ប៖ គណបក្ស​ចំនួន​៦​បាន​ដាក់​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ថា​នៅ​ពេលនេះ​មាន​គណបក្ស​នយោបាយ​ចំនួន ៦ ហើយ​ដែល​បាន​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ថា គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២៥ មេសា មាន​គណបក្ស​ចំនួន​៦ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ និង​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ដាក់​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​រួចរាល់​ហើយ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា ក្នុង​ចំណោម​គណបក្ស​ទាំង​៦ មាន​តែ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​មួយ​ប៉ុណ្ណោះ​ដែល​ដាក់​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​បាន​តែ ១២​រាជធានី​ខេត្ត ខណៈ​គណបក្ស​នយោបាយ ៥ ផ្សេង​ទៀត បាន​ដាក់​បេក្ខជន​គ្រប់​ចំនួន​ទាំង ២៥​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស។

គ.ជ.ប គូស​បញ្ជាក់​ថា ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ មាន​រយៈពេល ១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ខែ​មេសា រហូត​ដល់​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​របស់​ប្រទេស​កម្ពុជា​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​ប្រទេស​សេរី​ប្រជាធិបតេយ្យ​មួយ​ចំនួន​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ពួកគេ​មក​ពិនិត្យ​មើល​ការ​បោះឆ្នោត​នេះ​ទេ ដោយសារតែ​គេ​មើល​ឃើញ​ថា​ជា​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព។

កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៣ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ប្រទេស​បារាំង សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ពិភពលោក បាន​សម្រេច​ថា​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ពួកគេ​មក​ប្រទេស​កម្ពុជា​ទេ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

លោក សម រង្ស៊ី បញ្ជាក់​ថា ដោយសារតែ​ប្រទេស​ទាំងនោះ​ចាត់ទុក​ថា​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ ព្រោះ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ចាត់ចែង​របស់​បក្ស​កាន់​អំណាច​ទៅ​ហើយ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ស្នើ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​បារាំង ឱ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​បារាំង មក​ពិនិត្យ និង​សង្កេត​មើល​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​បារាំង​នៅ​មិនទាន់​ឆ្លើយតប​ថា​តើ​នឹង​បញ្ជូន ឬ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្លាប់​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រៅពី​ប្រទេស​បារាំង រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អញ្ជើញ​អ្នក​សង្កេតការណ៍​មកពី​ប្រទេស​អង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និង​ប៉ាឡេស្ទីន (Palestine) ផង​ដែរ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​បាន​ទទួល​ចម្លើយ​ពី​ប្រទេស​ទាំងនោះ​ថា​នឹង​មក​ចូលរួម ឬ​មិន​មក​ចូលរួម​នៅឡើយ​ទេ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ មេសា នេះ​ថា ការ​មិន​ចូលរួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ នឹង​មិន​មាន​អ្វី​ដែល​នាំ​ឱ្យ​រាំងស្ទះ​ដល់​បក្ស​កាន់​អំណាច ឬ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ឡើយ ឱ្យ​តែ​ប្រទេស​លោក​សេរី​ទាំងនោះ​អនុវត្ត​ដូច​ដែល​ពួកគេ​បាន​ធ្វើ​កន្លងមក។

លោក សេក សុជាតិ លើកឡើង​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា ឆ្នាំ​២០២២​ក៏​មិន​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​ប្រទេស​លោក​សេរី​ខ្លះ​ដែរ ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត បក្ស​កាន់​អំណាច​នៅតែ​ដឹកនាំ​រដ្ឋាភិបាល និង​រៀបចំ​ដំណើរការ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ពួកគេ​ឱ្យ​ធ្វើ​កិច្ចការ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ​បាន​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស