29 C
Phnom Penh

គណបក្ស​កែទម្រង់​កម្ពុជា​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កែទម្រង់​កម្ពុជា​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ទេ ដោយសារ​តែ​គណបក្ស​នេះ​មើល​ឃើញ​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​មិនទាន់​អនុគ្រោះ​ឲ្យ​ខ្លួន​អាច​ចូលរួម​ប្រកួតប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញលេញ​នៅឡើយ។

គណបក្ស​កែទម្រង់​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ប្រសិនបើ​ខ្លួន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ​នេះ ក៏​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ដែល​កំពុង​ត្រៀម​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ដែរ។

គណបក្ស​ខាងលើ​នេះ​បញ្ជាក់​ថា ខ្លួន​បង្កើត​ឡើង គឺ​ដើម្បី​ចូលរួម​ដំណើរ​ប្រជាធិបតេយ្យ​សម្រាប់​រយៈពេល​ទៅ​មុខ និង​ជា​គណបក្ស​ដែល​មាន​បំណង​ត្រួសត្រាយ​ផ្លូវ​ប្រជាធិបតេយ្យ​សម្រាប់​យុវជន​បន្ត​វេន​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ មិនមែន​ជា​គណបក្ស​ដែល​បង្កើត​ឡើង​ដើម្បី​ជាន់​ពន្លិច ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នោះ​ឡើយ។

ការ​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ត្រូវ​គេ​រិះគន់​ថា​ជា​ការ​បោះឆ្នោត​ដែល​មិន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយសារតែ​ជា​ការ​បោះឆ្នោត​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ឧសភា នេះ​ថា ការ​ជ្រើសរើស​ចូលរួម ឬ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ គឺជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន ប្រសិនបើ​ពួកគេ​មើល​ឃើញ​ថា​ការ​បោះឆ្នោត​នោះ​មិន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ចំណែក​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ក៏​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​បែប​នេះ​ដែរ បើ​ពួកគាត់​គិត​ថា​ការ​បោះឆ្នោត​នេះ​មិន​អាច​ធានា​នូវ​ឆន្ទៈ​ក្នុង​ការ​សម្ដែង​មតិ​របស់​គាត់​ស្រប​ទៅ​តាម​ច្បាប់​បាន​ទេ​នោះ។

លោក សេក សុជាតិ លើកឡើង​ថា ការ​បោះឆ្នោត​ខាងមុខ​នេះ គឺជា​ព្រឹត្តិការណ៍​ដែល​សហគមន៍​អន្តរជាតិ​កំពុងតែ​តាមដាន​ដោយ​យកចិត្ត​ទុកដាក់ បើ​ទោះបីជា​ប្រទេស​លោក​សេរី​ប្រជាធិបតេយ្យ​ខ្លះ​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​ជុំវិញ​ការ​បោះឆ្នោត​នេះ​ក៏ដោយ ព្រោះ​ថា​គេ​កំពុង​រង់ចាំ​មើល​ថា តើ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​ជា​ការ​បោះឆ្នោត​មួយ​ដែល​មាន​តម្លាភាព​អាច​ទទួលយក​បាន​ដែរ​ឬ​ទេ នៅ​ពេល​ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​អវត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​នូវ​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៣ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ប្រទេស​បារាំង សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ពិភពលោក បាន​សម្រេច​ថា​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ពួកគេ​មក​ប្រទេស​កម្ពុជា​ទេ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

លោក សម រង្ស៊ី បញ្ជាក់​ថា ដោយសារតែ​ប្រទេស​ទាំងនោះ​ចាត់ទុក​ថា​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ ព្រោះ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ចាត់ចែង​របស់​បក្ស​កាន់​អំណាច​ទៅ​ហើយ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​ស្នើ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​បារាំង ឱ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​បារាំង​មក​ពិនិត្យ និង​សង្កេត​មើល​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​បារាំង​នៅ​មិន​ទាន់​ឆ្លើយតប​ថា តើ​នឹង​បញ្ជូន​ឬ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ចំណែក​ឯ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ក៏​ធ្លាប់​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា ក្រៅពី​ប្រទេស​បារាំង រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អញ្ជើញ​អ្នក​សង្កេតការណ៍​មកពី​ប្រទេស​អង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និង​ប៉ាឡេស្ទីន (Palestine) ផង​ដែរ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​បាន​ទទួល​ចម្លើយ​ពី​ប្រទេស​ទាំងនោះ​ដែរ។

កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មាន​គណបក្ស​ចំនួន ៦ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ និង​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ដាក់​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​រួចរាល់​ហើយ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ ខណៈ​គណបក្ស​ផ្សេង​ទៀត​ត្រូវ​គេ​មើល​ឃើញ​ថា​ក៏​កំពុង​ដាក់​ឯកសារ​មក គ.ជ.ប ជា​បន្តបន្ទាប់​ផង​ដែរ ដើម្បី​ទទួល​បាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​របស់​ប្រទេស​កម្ពុជា​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​ប្រទេស​សេរី​ប្រជាធិបតេយ្យ​មួយ​ចំនួន​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ពួកគេ​មក​ពិនិត្យ​មើល​ការ​បោះឆ្នោត​នេះ​ទេ ដោយសារតែ​គេ​មើល​ឃើញ​ថា​ជា​ការ​បោះឆ្នោត​មួយ​ដែល​គ្មាន​តម្លាភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស