39.4 C
Phnom Penh

អង្គការ​តម្លាភាព​កម្ពុជា​អំពាវនាវ​ដល់​រដ្ឋាភិបាល​បង្កើន​តម្លាភាព​នៅ​ក្នុង​លទ្ធកម្ម​របស់​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​តម្លាភាព​នៅ​ក្នុង​លទ្ធកម្ម​របស់​រដ្ឋាភិបាល ដោយ​ធានា​ថា​សេចក្ដី​សម្រេច​លើ​លទ្ធកម្ម និង​ព័ត៌មាន​នៅ​លើ​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​លទ្ធកម្ម ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​ទម្រង់​ដែល​មិន​ស្មុគស្មាញ។

យោង​ទៅ​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​សមាជិកភាព​ប្រចាំ​ឆ្នាំ (AMM) លើក​ទី​ពីរ​របស់​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ក្នុង​គោលដៅ​បន្ត​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ និង​លើក​កម្ពស់​តម្លាភាព និង​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា បាន​លើក​អនុសាសន៍​ដោយ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើន​តម្លាភាព​នៅ​ក្នុង​លទ្ធកម្ម​របស់​រដ្ឋាភិបាល ធានា​ថា​សេចក្ដី​សម្រេច​លើ​លទ្ធកម្ម និង​ព័ត៌មាន​នៅ​លើ​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​លទ្ធកម្ម ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​ទម្រង់​ដែល​មិន​ស្មុគស្មាញ រួម​ទាំង​តាមរយៈ​វេប​ផតថល​ផង​ដែរ ពង្រឹង​ការ​ត្រួតពិនិត្យ​របស់​រដ្ឋ និង​ការ​ពិនិត្យ​តាមដាន​ជា​សាធារណៈ​លើ​សេវាកម្ម ឬ​ផលិតផល​ដែល​ផ្ដល់​ដោយ​អ្នក​ទទួល​កិច្ចសន្យា។

នៅ​ក្នុង​លិខិត​ដដែល​ក៏​បាន​លើកឡើង​ចំនួន ៧​ចំណុច​បន្ថែម​ទៀត ភាគី​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​ការ​សម្អាត​ប្រាក់ លើក​កម្ពស់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន បង្កើន​ការ​ចូលរួម​របស់​សាធារណជន ពង្រឹង​ការ​ការពារ​អ្នក​រាយការណ៍​អំពើពុករលួយ លើក​កម្ពស់​សេរីភាព​សារព័ត៌មាន ជំរុញ​សុចរិតភាព​ក្នុង​ប្រព័ន្ធ​តុលាការ និង​ធានា​បាន​នូវ​សុចរិតភាព​នៃ​ការ​បោះឆ្នោត។

កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងមក អង្គការ​សង្គម​ស៊ីវិល​ចំនួន​២ គឺ​អង្គការ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា (TI) បាន​ផ្សព្វផ្សាយ​របាយការណ៍ «សិក្សា​ស្រាវជ្រាវ​លើ​ក្របខ័ណ្ឌ​ច្បាប់​លទ្ធកម្ម​សាធារណៈ» ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​មួយ​ដែល​អាច​ឱ្យ​សាធារណជន​ផ្តល់​យោបល់​ទៅ​លើ​ផែនការ​លទ្ធកម្ម ឬ​វិធី​កំណត់​នូវ​តម្រូវការ​ដោយ​បើក​ចំហ​យុត្តិធម៌​នៅ​ថ្នាក់​ក្រោម​ជាតិ។

របាយការណ៍​ដដែល​បាន​ផ្ដោត​សំខាន់​លើ​បញ្ហា​បច្ចេកទេស ៧​ចំណុច ដូចជា​តម្លាភាព ការ​គ្រប់គ្រង គណនេយ្យភាព និង​សុចរិតភាព ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ សិទ្ធិ​ប្តឹង​ទាមទារ ការ​ចូលរួម​ពី​សាធារណជន និង​ការ​បើក​ចំហ និង​បរិយាប័ន្ន។

តាមរយៈ​របាយការណ៍​បាន​ផ្តល់​យោបល់​ថា រដ្ឋាភិបាល​គួរ​បង្កើត​ប្រព័ន្ធ​មួយ​ដែល​អនុញ្ញាត​ឱ្យ​សាធារណជន​អាច​ផ្តល់​យោបល់​ទៅ​លើ​ផែនការ​លទ្ធកម្ម និង​គម្រោង​លទ្ធកម្ម ដោយ​យក​គណនេយ្យភាព​សង្គម​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​គំរូ។

របាយការណ៍​បន្ត​ថា ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន​ឱ្យ​មាន​ប្រសិទ្ធភាព ព័ត៌មាន​អំពី​គម្រោង​លទ្ធកម្ម​សាធារណៈ រួម​មាន​ព័ត៌មាន​អំពី​តម្លៃ គុណភាព និង​ការ​អនុវត្ត គួរ​ត្រូវ​បាន​បោះផ្សាយ​ជូន​សាធារណជន​ជា​ទម្រង់​សង្ខេប និង​ងាយ​យល់។

ប្រភព​ដដែល​បន្ថែម​ថា សាធារណជន​អាច​ត្រូវ​បាន​តំណាង​ដោយ​សមាជិក​សភា ឬ​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការ​ចំណាយ​ទៅ​លើ​គម្រោង​លទ្ធកម្ម​សាធារណៈ។ ដូច្នេះ រាល់​ថវិកា​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​គម្រោង​លទ្ធកម្ម​សាធារណៈ និង​ផែនការ​គម្រោង​លទ្ធកម្ម​សាធារណៈ គួរ​ត្រូវ​បាន​រាយការណ៍​ជា​សង្ខេប​ជូន​សភា និង​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ ភ្ជាប់​ជាមួយ​នឹង​ឯកសារ​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​ឱ្យ​សភា និង​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​ពិនិត្យ និង​សម្រេច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស