27 C
Phnom Penh

គ.ជ.ប នឹង​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នៅ​ដើម​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កំណត់​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នៅ​ដើម​សប្តាហ៍​ក្រោយ ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ​ចាត់ទុក​ការ​បោះឆ្នោត​នៅ​ពេលនេះ​ជា​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នេះ នឹង​មាន​ការ​ចូលរួម​ពី​សម្តេច​សង្ឃរាជ​ទាំង​ពីរ​គណៈ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​គណបក្ស​នយោបាយ តំណាង​សមាគម អ្នក​សារព័ត៌មាន និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង​ដែរ។

ការ​សម្រេច​កំណត់​កាលបរិច្ឆេទ​ចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នេះ ធ្វើឡើង​បន្ទាប់ពី គ.ជ.ប បាន​បិទ​បញ្ចប់​ទទួល​ចុះឈ្មោះ​គណបក្ស​នយោបាយ​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ កាលពី​ពេល​ថ្មីៗ​នេះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​របស់​ប្រទេស​កម្ពុជា​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដែល​មាន​គណបក្ស​ចូលរួម​ចំនួន​១៨ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ដែល​ចុះឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ​ចំនួន ៤៤​គណបក្ស។

ជុំវិញ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ ប្រទេស​សេរី​ប្រជាធិបតេយ្យ​ជាច្រើន​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ពួកគេ​មក​ពិនិត្យ​មើល​ការ​បោះឆ្នោត​នេះ​ទេ ដោយសារតែ​ពួកគេ​មើល​ឃើញ​ថា ជា​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព។

ជុំវិញ​បញ្ហា​នេះ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch លោក ហ្វីល រ៉ូបឺសុន បាន​ចាត់ទុក​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែល​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គ្រាន់តែ​ជា​ការ​បោះឆ្នោត​កំប្លុកកំប្លែង​ប៉ុណ្ណោះ។

ចំណែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ខាងមុខ​នេះ និង​អំពាវនាវ​មិន​ឱ្យ​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​មកពី​ការ​បោះឆ្នោត​នេះ​ផង​ដែរ ដោយ​លោក​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដ៏​អាក្រក់​បំផុត និង​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ប៉ុណ្ណោះ។

ដោយឡែក​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប និង​បារាំង នៅតែ​បន្ត​អំពាវនាវ​ឱ្យ​កម្ពុជា​រៀបចំ​នូវ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី តម្លាភាព និង​ពហុបក្ស ស្របតាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​កាន់​មេដឹកនាំ​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ លើ​ពិភពលោក (G7) ដើម្បី​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជាពិសេស​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ​តែម្តង។

ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​បាន​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ចំនួន ៦​លើក​រួច​មក​ហើយ ប៉ុន្តែ​ការ​បោះឆ្នោត​ដែល​គេ​ចាត់ទុក​ថា​ត្រឹមត្រូវ​នោះ គឺ​មាន​តែ​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ ដូចជា​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ សុទ្ធសឹងតែ​ជា​ការ​បោះឆ្នោត​ដែល​លួច​បន្លំ​សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​អាណត្តិ​ទាំងអស់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស