39 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថៃ​ប្រកាស​បរិច្ចាគ​ប្រាក់ខែ​ទៅ​មូលនិធិ​មនុស្សធម៌ ខណៈ​អនុម័ត​ថវិកា ១៥​ពាន់​លាន​ដុល្លារ​ជួយ​សម្រាល​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​អំឡុង​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ឧសភា ដែល​ថា​នឹង​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជាជន​ថៃ ដែល​ជំពាក់​បំណុល​ធនាគារ លោក​នាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន និង​គណៈរដ្ឋមន្ត្រី​របស់​លោក បាន​អនុម័ត​នូវ​កញ្ចប់​ថវិកា​សាច់ប្រាក់​ជាង ៩០៨​លាន​ដុល្លារ​ជួយ​ដល់​កសិករ​ជាង ២​លាន ៧​សែន​នាក់ ដែល​ជា​កូនបំណុល​របស់​ធនាគារ។

ក្នុង​ទំហំ​កញ្ចប់​ថវិកា​នេះ កូនបំណុល​ដែល​ត្រូវ​សង​ទាំង​ការប្រាក់ និង​ប្រាក់​ដើម ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ព្យួរ​ការ​បង់​ប្រាក់​ទៅ​ម្ចាស់​បំណុល​រយៈពេល ៣​ឆ្នាំ។

សេចក្ដី​សម្រេច​ដែល​គណៈរដ្ឋមន្ត្រី​ថៃ សន្យា​ហើយ​ហ៊ាន​ធ្វើ​ដូចនេះ បាន​នាំ​ឱ្យ​ប្រជាជន​ថៃ ជាពិសេស​គឺ​កសិករ​សម្ដែង​ការ​ត្រេកអរ និង​អរគុណ​ជា​ខ្លាំង​ចំពោះ​លោក ស្រេតថា ថាវីស៊ីន និង​គណៈរដ្ឋមន្ត្រី ដែល​មិន​បាន​ក្បត់​ពាក្យសន្យា​របស់​ខ្លួន។

ឥឡូវ​នេះ​ជា​រឿង​អស្ចារ្យ​មួយ​ទៀត​ហើយ គឺ​លោក​បាន​ប្រកាស​បរិច្ចាគ​ប្រាក់ខែ​របស់​លោក ទាំង​ប្រាក់ខែ​នាយករដ្ឋមន្ត្រី និង​ប្រាក់ខែ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដែល​មួយ​ខែ​លោក​ទទួល​បាន​ជាង ១​សែន ២​ម៉ឺន ៥៥៩០​បាត ឬ ៤៧០០​ដុល្លារ ជូន​ទៅ​មូលនិធិ​មនុស្សធម៌​នៃ​សង្គម​ថៃ ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​តុលា នេះ លោក ស្រេតថា និង​គណៈរដ្ឋមន្ត្រី​របស់​លោក ត្រូវ​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​ជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាជន​ថៃ ដោយ​ម្នាក់ៗ​ចាប់ពី​អាយុ ១៦​ឆ្នាំ​ឡើង​ទៅ ត្រូវ​ទទួល​បាន ១​ម៉ឺន​បាត ឬ ២៨២​ដុល្លារ។ នេះ​បើ​តាម​លោក Chai Wacharonke អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ។

តាម​ការ​បញ្ជាក់​របស់​លោក Chai Wacharonke ការ​សម្រេច​បរិច្ចាគ​ប្រាក់ខែ ធ្វើឡើង​ដោយសារ​លោក​នាយករដ្ឋមន្ត្រី​ជឿ​លើ​ឥទ្ធិពល​នៃ​ការ​ផ្តល់​ឱ្យ ស្រប​ពេល​រដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ក្នុង​ការ​បង្កើត​ឱកាស​កែលំអ​ជីវភាព​ប្រជាជន ការ​កាត់បន្ថយ​វិសមភាព​សង្គម និង​គាំទ្រ​ការ​អប់រំ​សម្រាប់​កុមារ។

បើ​តាម​លោក ស្រេតថា ការ​ចែករំលែក​ជា​រឿង​ល្អ ហើយ​មនុស្ស​ម្នាក់ៗ​គួរតែ​ផ្តល់​ឱ្យ​អ្នក​ដទៃ​ឱ្យ​បាន​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ជាមួយ​គ្នា​នេះ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​បន្ថែម​ថា ក្រុម​ការងារ​មួយ នឹង​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជ្រើស​យក​មូលនិធិ​សម្រាប់​ទទួល​ការ​បរិច្ចាគ​របស់​នាយករដ្ឋមន្ត្រី ប៉ុន្តែ​មូលនិធិ​សម្រាប់​កុមារ នឹង​ទទួល​បាន​ការ​បរិច្ចាគ​ដំបូង​គេ។

បន្ថែម​ពី​នេះ បើ​តាម​អ្នក​នាំពាក្យ លោក​នាយករដ្ឋមន្ត្រី​នឹង​ជួប​ជាមួយ​មូលនិធិ​មនុស្សធម៌​ជាច្រើន​ផ្សេង​ទៀត ដើម្បី​ស្តាប់​ពី​បញ្ហា ក៏ដូចជា​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ជន​ងាយ​ប៉ះពាល់​ខ្លាំង​ដែល​មាន​នៅ​ក្នុង​សង្គម​ថៃ។

ស្រប​ពេល​កសិករ​ដែល​ជាប់​បំណុល​របស់​ធនាគារ ឬ​ម្ចាស់​សហគ្រិន​ផ្សេងៗ​សប្បាយ​រីករាយ ដោយសារ​ទទួល​បាន​នូវ​ការ​ជួយ​បន្ធូរបន្ថយ​ទុក្ខ​លំបាក អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ Chai Wacharonke បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​នាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន និង​គណៈរដ្ឋមន្ត្រី ត្រូវ​អនុម័ត​នៅ​ថ្ងៃ​ចន្ទ​នេះ​នូវ​កញ្ចប់​ថវិកា ៥៦០​ពាន់​លាន​បាត ឬ ១៥​ពាន់ ២៣​លាន​ដុល្លារ ដើម្បី​ជួយ​ដោះ​បន្ទុក​គ្រួសារ​នីមួយៗ​ដែល​ជា​ការ​អនុវត្ត​គោលនយោបាយ​ដោះ​បន្ទុក​របស់​ប្រជាជន។ នេះ​បើ​តាម​សារព័ត៌មាន​នៃ​ប្រទេស​សិង្ហបុរី The Strait Times។

តាម​ប្រភព​ព័ត៌មាន​នេះ ទំហំ​សាច់ប្រាក់​ដូចនេះ មាន​ន័យ​ថា ប្រជាជន​ថៃ​ដែល​ម្នាក់ៗ​មាន​អាយុ ១៦​ឆ្នាំ​ឡើង​ទៅ នឹង​ទទួល​បាន​ប្រាក់ ១​ម៉ឺន​បាត ឬ ២៨២​ដុល្លារ។ ចំពោះ​ការ​អនុវត្ត​នូវ​កម្មវិធី​សម្រាល​បន្ទុក​របស់​គ្រួសារ​ប្រជាជន​ថៃ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ​នេះ។

រដ្ឋាភិបាល​ថ្មី​នៃ​រាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថែម​ទៀត​អំពី​ការ​ទម្លាក់​ថ្លៃ​ប្រេងសាំង ថ្លៃ​ប្រេងឥន្ធនៈ​ផ្សេងៗ ថ្លៃ​ភ្លើង​អគ្គិសនី គឺ​ត្រូវ​ធ្វើ​ឱ្យ​បាន។

ជាមួយ​គ្នា​នេះ បើ​តាម​ការ​ចុះផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍ រដ្ឋាភិបាល​ថ្មី​របស់​រាជាណាចក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ កំពុងតែ​សិក្សា​ជាទូទៅ​ទៅ​លើ​តម្លៃ​ថាមពល​ទាំងអស់​ដែល​មាន​នៅ​លើ​ទីផ្សារ​របស់​ប្រទេស​ថៃ រួម​ទាំង​សន្យា​ការ​ធ្វើ​សន្ទស្សន៍​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ផង​ដែរ។

យោង​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ថៃ ចាប់ពី​ខែ​មករា ឆ្នាំ​២០២៤ គឺ​ត្រូវ​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​ទម្លាក់​ថ្លៃ​ប្រេងសាំង ថ្លៃ​ប្រេងឥន្ធនៈ​ផ្សេងៗ ថ្លៃ​ភ្លើង​អគ្គិសនី គឺ​ត្រូវ​ធ្វើ​ឱ្យ​បាន។

រដ្ឋាភិបាល​ថ្មី​របស់​រាជាណាចក្រ​ថៃ ដឹកនាំ​ដោយ​អ្នកជំនួញ​អចលនទ្រព្យ​ប្រាក់​ស្ដុកស្ដម្ភ គឺ​លោក ស្រេតថា ថាវីស៊ីន ក៏​បាន​ប្រកាស​ពិនិត្យ​មើល​ពន្ធអាករ​ណា​ដែល​ប៉ះ​ខ្លាំង​ទៅ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ថៃ ដែល​អាច​ឈាន​ដល់​កាត់បន្ថយ​ពន្ធ ឬ​មិន​ត្រូវ​ជាប់​ពន្ធ ជាពិសេស​មុខរបរ​របស់​អ្នក​ធ្វើ​កសិកម្ម។

បន្ថែម​លើស​ពី​នេះ លោក​នឹង​ពិនិត្យ​មើល​ឡើងវិញ​ទាំងអស់​អំពី​ប្រព័ន្ធ​ពន្ធ​ដែល​ត្រូវ​បាន​បាត់​ក្នុង​ហេតុផល​នៃ​ការ​កិបកេង​របស់​មន្ត្រី​ពន្ធដារ និង​មន្ត្រី​ពាក់ព័ន្ធ ដែល​លោក​ថា​វា​ជា​ការ​បោស​សម្អាត​ពន្ធ​ខ្មៅ ឬ​បោស​សម្អាត​អំពើពុករលួយ។

លោក ស្រេតថា ជា​នាយករដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​ចម្រុះ ១១​គណបក្ស។ លោក ស្រេតថា ជា​នាយករដ្ឋមន្ត្រី​ផង និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង។ លោក ស្រេតថា ដែល​កាន់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ព្រោះ​លោក​មាន​ជំនាញ​សេដ្ឋកិច្ច។ លោក ស្រេតថា ថាវីស៊ីន ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថៃ​ទី​៣០ កាលពី​ខែ​សីហា ឆ្នាំ​២០២៣។

នៅ​ឆ្នាំ​នេះ លោក​មាន​អាយុ ៦១​ឆ្នាំ។ លោក​ជា​អ្នកជំនួញ​ស្អាតស្អំ។ លោក​មាន​មុខជំនួញ​ដ៏​ធំ គឺ​ក្រុមហ៊ុន​អចលនទ្រព្យ។ លោក​ប្រកាស​ថា លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប ២៩០០​លាន​ដុល្លារ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស